អន្តរជាតិ
នយោបាយអន្តរជាតិ
វិបត្តិរ៉ូហ៊ីងយ៉ា៖ ប្រមុខ UN ស្នើអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខ ខណៈក្រុមស្វែងរកការពិត រកឃើញសញ្ញាបទល្មើសប្រល័យជាតិសាសន៍
× ប្រមុខអង្គការសហប្រជាជាតិ លោក António Guterres បានទទួលស្គាល់ថា វិបត្តិជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ានៅតែជាក្តីបារម្ភផ្នែកមនុស្សធម៌របស់ពិភពលោក។ លោក António Guterres ក៏បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអង្គភាពធានាសន្តិសុខ និងសន្តិភាពរួមធ្វើការជាមួយនឹងមីយ៉ាន់ម៉ាដើម្បីបញ្ចប់វិបត្តិមនុស្សជាតិដ៏អាក្រក់មួយនេះ។
នាជំនួបជាមួយនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃ២៨ សីហា ដែលត្រូវជាថ្ងៃខួបមួយឆ្នាំនៃការផ្ទុះវិបត្តិជនភៀសខ្លួនរបស់មីយ៉ាន់ម៉ា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres បានលើកឡើងពីបទពិសោធន៍ និងសក្ខីកម្មរបស់លោកពេលបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួនមកពីមីយ៉ាន់ម៉ានៅក្នុងទឹកដីបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយរបស់ UN News។
លោកអគ្គលេខាធិការ បានអះអាងថា លោក បានស្តាប់លឺរឿងទុក្ខសោកវេទនានឹងត្រចៀកផ្ទាល់ជាច្រើនពីជនភៀសខ្លួននៅទីនោះ រហូតដល់លោក ថែមទាំងហ៊ានពណ៌នាវិបត្តិជនភៀសខ្លួនមួយនេះ ថាជាវិបត្តិមនុស្សជាតិ និងសិទ្ធិមនុស្សដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានវាយតម្លៃពីកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់រវាងភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ថាមិនមានប្រសិទ្ធភាព ដ្បិតភាគីមីយ៉ាន់ម៉ា មិនអនុវត្ត។ លោក បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខទទូចមេដឹកនាំមីយ៉ាន់ម៉ាដើម្បីធានាជាបន្ទាន់ក្នុងការអនុញ្ញាតឲ្យអង្គការ និងភ្នាក់ងារដៃគូអាចបម្រើ និងបំពេញការងារជួយជនភៀសខ្លួននៅទីនោះបាន។
សូមរម្លឹកជាថ្មីផងដែរថា នៅខែសីហា ឆ្នាំ២០១៧កន្លងទៅ មីយ៉ាន់ម៉ា បានមានប៉ះទង្គិចគ្នាផ្នែកប្រដាប់អាវុធរវាងកងកម្លាំងនិងអាជ្ញាធរមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅក្នុងរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ា។ ការប៉ះទង្គិចនេះ បានបណ្តាលឲ្យប្រជាជន ពិសេសសហគមន៍ជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ានៅទីនោះជាង៧០ម៉ឺនភៀសខ្លួនទៅព្រំដែនរបស់បង់ក្លាដែស។
តែគួរឲ្យកត់សម្គាល់នោះ សេចក្តីថ្លែងការណ៍របស់ប្រមុខអង្គការសហប្រជាជាតិ ជាមួយនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើឡើង ក្រោយតែមួយថ្ងៃប៉ុណ្ណោះ ដែលក្រុមស៊ើបអង្កេតឯករាជ្យ ដែលតាំងតែដោយអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ស្វែងរកការពិតមួយស្តីពីស្ថានភាពមីយ៉ាន់ម៉ាផងដែរ។ របាយការណ៍នោះ បានអះអាងពីសញ្ញាណនៃបទល្មើសប្រឆាំងមនុស្សជាតិ ដែលជាប់ពាក់ព័ន្ធនឹងយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ដែលក្រុមស៊ើបអង្កេតទាមទារឲ្យមានការស៊ើបអង្កេត និងកាត់ទោសតាមច្បាប់អន្តរជាតិផងដែរ។
Tag:
រ៉ូហ៊ីងយ៉ា
មីយ៉ាន់ម៉ា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com