ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អាន ច​ន​ផន​៖ តន្ត្រី​ជួយ​ឱ្យ​ខ្ញុំ​រួច​ផុតពី​ការកាប់សម្លាប់​ក្នុងសម័យ ប៉ុល ពត​
01, Sep 2018 , 11:19 pm        
រូបភាព
​មិនមែនជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​កើត​ទាន់សម័យ ប៉ុល ពត អា​ចរក​មធ្យោបាយ​ឱ្យ​ខ្លួន​រួច​រស់​ជីវិត​បាន​និង​បន្តជីវិត​មកដល់​សព្វ​ថ្ងៃ​។ រឹតតែ​ជា​រឿង​មិនធម្មតា​ទៀត ដែល​មនុស្ស​ម្នាក់​អាច​រួច​ពី​ស្លាប់​ក្នុងសម័យ​សង្គ្រាម​ប្រល័យពូជសាសន៍ ដោយសារតែ​តន្ត្រី​នោះ​។ ក្នុង​របប ប៉ុល ពត លោក អាន ច​ន​ផន ដែល​ទើប​តែមាន​អាយុ​១២ ឆ្នាំ អាច​នឹង​ស្លាប់​គ្រប់​វិនាទី ដូចជា​ក្មេង​ដទៃទៀត​ដែរ ប្រសិនបើ​លោក​លេងភ្លេង​មិន​ត្រូវចិត្ត​កម្មាភិបាល​ខ្មែរក្រហម​។ ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​រូបនេះ ពោល​ក្នុង​ប្រយោគ​ដឹងគុណ​ថា ដោយសារ​តែមាន​ឈាមជ័រ​ជា​សិល្ប​ករពី​ម្ដាយ​ឪពុក ទើប​លោក​អាចរ​ស់បាន​ក្នុងសម័យ​សង្គ្រាម​បង្ហូរឈាម​ជាតិ​សាសន៍​ឯង​នោះ​។​

 
 
​អង្គុយ​ក្នុង​បន្ទប់​ប្រជុំ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែលមាន​ទំហំ​អាចដាក់​មនុស្ស​បាន​ប្រមាណ​ជាង​១០​នាក់ បុរស​ខ្ពស់​សង្ហា សម្បុរ​ស្រអែម​ស្រស់​ដែលមាន​វ័យ​ប្រមាណ​៥០​ឆ្នាំ​គឺ​លោក អាន ច​ន​ផន បាន​រម្លឹក​រឿង​អតីតកាល ដែល​ខ្លួន​បាន​ប្រឡូក​ក្នុង​តន្ត្រី​តាំងពី​សម័យ​ខ្មែរក្រហម​។ តន្ត្រី​មិន​ត្រឹមតែ​ជួយ​ឱ្យ​កូន​ថៅកែ​ល្ខោន​រូបនេះ បានគេច​ផុតពី​សេចក្ដីស្លាប់​ក្នុងសម័យ​សង្គ្រាម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ឱ្យ​លោក​កែប្រែ​ចិត្ត​ក្មេង​មួយចំនួន នៅ​សហរដ្ឋអាមេរិក ដែល​ធ្លាប់តែ​ធ្វើបាប​លោក ឱ្យមក​ស្រឡាញ់​ចូលចិត្ត​ខ្លួន ដោយ​ភាពស្មោះត្រង់​ថែម​ទៀតផង​។ «​ជីវិត​ខ្ញុំ​ទម្រាំ​បានមក​ដល់​ថ្ងៃនេះ​វេទនាណាស់ ស្ទើរ​ឆ្កួត​ម្ដងៗ​ទៅហើយ​។ តាំងពី​នៅ​សម័យ ប៉ុល ពត រហូត​ទៅដល់​សហរដ្ឋ​អាមេរិក​ទៀត ខ្ញុំ​ត្រូវ​ទាស់ទែង​ជាមួយ​ក្មេងៗ​នៅ​ទីនោះ ព្រោះ​គេ​ចេះតែ​ធ្វើបាប​ខ្ញុំ​ពេក​»​។ នេះ​ជាការ​រម្លឹក​របស់លោក អាន ច​ន​ផន​។​
 


 
​ក្នុងសម័យ​សង្គ្រាម​ខ្មែរក្រហម​លោក អាន ដែល​នៅ​ជា​កុមារ​នៅឡើយ​នោះ សឹងតែ​ត្រូវគេ​យកទៅ​សម្លាប់​ក្នុងចំណោម​ក្មេង​ដទៃទៀត ចំនួន​៨00​នាក់ ក្រោយ​ពេលដែល​ខ្មែរក្រហម​យកទៅ​បង្រៀន​ភ្លេង​។ ៨00​នាក់​នៅសល់តែ​៦០​នាក់ រហូតដល់​សល់​តែ​៥​នាក់ កុមារា អាន ក៏​ស្ថិតក្នុង​ក្មេង​ទាំង​៥​នាក់​នេះដែរ​។ ជា​សំណាងល្អ ដែល អាន មាន​ភាព​វ័យឆ្លាត​ក្នុង​ការរៀន​ភ្លេង គេ​ក៏ត្រូវ​បាន​បន្ត​ឱ្យ​រស់រានមានជីវិត បន្ទាប់ពី​ខ្មែរក្រហម​សម្លាប់​ក្មេង​៣​នាក់​ទៀត​ក្នុងចំណោម​៥​នាក់ ព្រោះតែ​រៀន​ភ្លេង​មិនឆាប់​ចេះ​។ កុមារ អាន ក្នុង​វ័យ​ប្រមាណ​១២​ឆ្នាំ មើលឃើញ​ទិដ្ឋភាព​កាប់សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ ទាំង​ក្មេង​ទាំងចាស់ ធ្វើ​ឱ្យគេ​គិតថា​ជីវិត​នេះ​កាន់តែ​ខិត​ទៅរក​រណ្ដៅ​មរណៈ​។​
 
​ពេល​លេងភ្លេង​ម្ដងៗ អាន ដែលមាន​ឪពុក​និង​ម្ដាយ​សុទ្ធតែជា​តួឯកល្ខោន ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់​វិនាទី ព្រោះ​ខ្មែរក្រហម​តែងតែ​តាមដាន​ចង្វាក់ភ្លេង​របស់គេ​។ «​ខ្ញុំ​ត្រូវ​ប្រយ័ត្ន​ណាស់​ពេល​លេងភ្លេង​ម្ដងៗ ព្រោះ​ពួកវា​ក៏​ចេះ​ភ្លេង​ដែរ បើ​យើង​លេង​ខុស​តែ​បន្តិច ក៏​វា​យកទៅ​សម្លាប់ចោល​ដែរ​។ ខ្ញុំរ​ស់ទាំង​ភាពភ័យខ្លាច​រាល់ថ្ងៃ​។ មានរឿង​ច្រើនណាស់​នៅ​សម័យ​នោះ និយាយ​មិន​អស់​ទេ នឹក​ឡើង​ពិបាក​និយាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាន ច​ន​ផន​។​
 
​ក្រោយពី​ឆ្លង​ផុត​របប​ខ្មែរក្រហម កុមារា អាន បាន​ផ្ញើខ្លួន​នៅ​ជំរំ​ជនភៀសខ្លួន​មួយ​នៅក្នុង​ប្រទេស​ថៃ​។ ពេលនោះ​ហើយ​ដែល​លោក​មាន​វាសនា​បាន​ជួប​ជាមួយ​ឪពុកចិញ្ចឹម​ជា​ជនជាតិ​អាមេរិក នឹង​បាន​ធានា​លោក​ឱ្យទៅ​រស់នៅ​សហរដ្ឋអាមេរិក ទឹកដី​ដ៏​ស៊ី​វិ​ល័យ​នោះ​។​
 
​បន្ទាប់ពី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក កុមារ អាន ត្រូវបាន​ឪពុកចិញ្ចឹម បញ្ជូន​ឱ្យទៅ​រៀន​នៅ​សាលា​វិទ្យាល័យ ទាំង​ដែល​លោក​មិនចេះ​ភាសា​អង់គ្លេស​បន្តិច​សោះ​។ មាន​អារម្មណ៍​ថា​ពិភពលោក គួរឱ្យ​ស្អប់​បានកើត​ឡើងជា​ថ្មី​។ អាន មាន​គំនុំគុំកួន​ជាមួយ​មិត្ត​រួម​ថ្នាក់ ព្រោះតែ​ពួកគេ​តែងតែ​ធ្វើបាប​លោក​ជា​រៀងរាល់​ថ្ងៃនោះ​។ កុមារា អាន ច​ន​ផន ដែលមាន​វ័យ​ប្រហែល​១៤​ឆ្នាំ ត្រូវ​ដូរ​សាលារៀន​ប្រហែលជា​៧​សាលា ព្រោះតែ​ការអុកឡុក​ពី​ក្មេង​ដទៃទៀត ដែល​បង្កឱ្យមាន​ជម្លោះ​សឹង​រាល់ថ្ងៃ​។​
 
«​ក្មេងៗ​នៅ​អាមេរិក​មិនមែន​សុទ្ធតែ​ល្អ​ទាំងអស់​ទេ វា​មិន​ធ្លាប់​ស្គាល់​ការលំបាក វា​មើលងាយ​យើង​ណាស់​។ ពេល​វា​ឃើញ​យើង​ទៅ វា​អត់​ស្គាល់​ថា​កម្ពុជា​ហ្នឹង​ជា​អ្វី​ទេ សម​ខ្ញុំ​មិនចេះ​អង់គ្លេស​ទៀត វា​ធ្វើបាប​ខ្ញុំ​រាល់ថ្ងៃ រហូត​ខ្ញុំ​មាន​គំនុំ​នឹង​ពួកវា​»​។ ខ្ញុំ​ពិបាក​រស់នៅ​ពេក រហូត​ខ្ញុំ​រត់​ចេញពីផ្ទះ ឈប់​ទៅ​រៀន​។ ឪពុកចិញ្ចឹម​របស់ខ្ញុំ​ប្រាប់​ខ្ញុំ​ថា បើ​ចង់ឱ្យ​ក្មេង​ដទៃ​ឈប់​ធ្វើបាប ឈប់​មើលងាយ​ខ្ញុំ​ទៀត ឱ្យ​ខ្ញុំ​យក​ភ្លេង​ទៅលេង​ឱ្យ​វា​ស្ដាប់ ហើយ​និយាយ​ពី​ប្រវត្តិ​របស់ខ្ញុំ​ឱ្យ​ពួកវា​ស្ដាប់ វា​នឹង​ឈប់​ធ្វើបាប​ហើយ​»​។ នេះ​ជាការ​រម្លឹក​របស់លោក អាន​។ 
 
​បាន​ដំបូន្មាន ដែលជា​ដំណោះស្រាយ​ជួយ​ឱ្យ​ក្មេង​ដទៃ​យល់​ពី​ខ្លួន តែ​កុមារា អាន មិនទាន់​ជឿ​ឡើយ ថា​វិធី​សាសន៍​នេះ​មាន​ប្រសិទ្ធភាព​។ ពេល​មួយ​ក្មេងប្រុស​ដែល​បាន​បាត់បង់​ម្ដាយ នឹង​បងប្អូន​បង្កើត​ជាច្រើន​នាក់​ផ្សេងទៀត​ក្នុង របប ប៉ុល ពត ត្រូវបាន​ផ្ដល់ឱកាស​ឱ្យ​និយាយ​ពី​ដំណើរ​ជីវិត​របស់ខ្លួន ក្នុងសម័យ​សង្គ្រាម​។ អាន បាន​យក​ខ្លុយ​ទៅ​ផ្លុំ ឱ្យ​ក្មេងៗ​ដទៃ​ស្ដាប់ បន្ទាប់មក​និយាយ​ពី​ភាព​វេទនា​របស់ខ្លួន ក្នុងសម័យ​បង្ហូរឈាម​ជាតិ​សាសន៍​ឯង​ឱ្យ​ពួកគេ​ស្ដាប់​។ គ្រានោះ​ហើយ​ដែល​ធ្វើឱ្យ អាន បានគេច​ផុតពី​វិបត្តិ​ផ្លូវចិត្ត ព្រោះ​ក្មេង​ដទៃ​ចាប់ផ្ដើម​អាណិត​គេ ហើយ​រាប់អាន​គេ ដោយ​ចិត្ត​ស្មោះត្រង់​។ «​ខ្ញុំ​យក​ខ្លុយ​ទៅ​ផ្លុំ​ឱ្យ​ពួកវា​ស្ដាប់ ហើយ​និយាយ​ពី​ដំណើរ​ជីវិត​របស់ខ្ញុំ ពួកវា​យំ វា​អាណិត​ខ្ញុំ ខ្លះ​ឱ្យប្រាក់​ខ្ញុំ​៥​ដុល្លារ ខ្លះ​៥០ ខ្លះ​១០០ រហូតដល់​៥០០​ដុល្លារ​។ ចាប់ពីពេលនោះ​មក ពួកវា​ស្រឡាញ់​ខ្ញុំ​ណាស់ ឈប់​ធ្វើបាប​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​រហូតមកដល់​សព្វថ្ងៃ​នេះ​»​។ 
 
​ពោល​ទាំង​សើច​ដោយ​ក្ដី​រីករាយ លោក អាន ច​ន​ផន ថា​តាំងពី​បើក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ដំបូង​រហូតមកដល់​ប​ច្ចុ​ប្បន្ន ប្រាក់​ឧបត្ថម​ភាគ​ដ៏​ច្រើន​បំផុត គឺ​បាន​ពី​មិត្ត​ភ័ក្តិ​របស់លោក ទាំង​ក្មេង​ទាំងចាស់ និង​មិត្ត​ដែល​ធ្លាប់​ធ្វើបាប​លោក​ពី​ក្មេងៗ​នោះ​ផង​។ លោក​ថា តន្ត្រី​ជួយ​ឱ្យ​លោក​បានគេច​ផុតពី​សេចក្ដីស្លាប់ ក្នុងសម័យ​សង្គ្រាម និង​ជួយ​ឱ្យ​លោក​អាច​កែប្រែ​សត្រូវ​ឱ្យទៅជា​មិត្ត​ស្និត​ស្នាល​។ «​ក្មេងៗ​នៅ​អាមេរិក​ដែល​ធ្លាប់​ធ្វើបាប​ខ្ញុំ​ពីមុន និង​មិត្ត​ផ្សេងទៀត បានឱ្យ​លុយ​ខ្ញុំ ជ្រោមជ្រែង​អង្គការ​នេះ តាំងពីដើម​រហូតដល់​ឥឡូវ​។ ហើយ​គេ​មិនមែន​ឱ្យ​១​ឆ្នាំ ៥​ឆ្នាំ​ទេ រហូតដល់​១៥​ឆ្នាំ ម្នាក់ៗ​ឱ្យ​រាប់ម៉ឺន​ដុល្លារ ព្រោះតែ​គេ​បានដឹង​ច្បាស់​ថា ការងារ​ដែល​ខ្ញុំ​ធ្វើ គឺ​ការផ្សព្វផ្សាយ​តន្ត្រី ដើម្បី​សន្តិភាព​»​។​
 
​ហែល​ឆ្លង​ជីវិត​ក្នុងសម័យ​សង្គ្រាម ក្នុងនាម​ជា​តន្ត្រីករ និង​បន្តការងារ​នេះ​រហូតដល់​បច្ចុប្បន្ន លោក អាន ច​ន​ផន ត្រូវបាន​ពិភពលោក​ទទួលស្គាល់​តា​មរយៈ​តន្ត្រី​។ ជនជាតិខ្មែរ​ដែល​រស់​នៅក្នុង​ប្រទេស​កម្ពុជា អាច​មិនសូវ​ស្គាល់​លោក អាន ច្រើន​ទេ ប៉ុន្ដែ​ពិភពលោក​ប្រហែលជា​ស្គាល់​លោក​ច្បាស់ តាមរយៈ​សៀវភៅ​ដែលមាន​ចំណងជើង​ថា​”​មិនត្រូវ​ដួល​" (Never Fall Down) ជា​ភាសា​អង់គ្លេស និពន្ធ​ដោយ​អ្នកស្រី PATRICIA McCORMICK ជា​អតីត​អ្នកកាសែត និង​ក្រោយមក​ប្រែ​សម្រួល​មក​ភាសា​ខ្មែរ​។ រួមជាមួយ​សមិទ្ធផល​សិល្បៈ​ដែល​លោក​បានធ្វើ​សម្រាប់​ពិភពលោក​។ សៀវភៅ​នេះ​និយាយ​ពី​កុមារភាព​របស់លោក អាន ច​ន​ផន ក្នុងសម័យ​ខ្មែរក្រហម ក្នុង​ដំណើរ​ជីវិត​ដ៏​សែន​ជូរចត់​រស់​ជាមួយ​តន្ត្រី ដែល​លោក​ថា​វា​ជួយ​ឱ្យ​លោក​គេច​ផុតពី​ការកាប់សម្លាប់​នោះ​។​
 
​ក្រោយពី​ឆ្លង​ផុត​សម័យ​ខ្មែរក្រហម និង​បាន​ត្រឡប់​ពី​ប្រទេស​អាមេរិក​មក​កម្ពុជា​វិញ លោក អាន ច​ន​ផន បាន​មើលឃើញ​ពី​សារសំខាន់​នៃ​តន្ត្រី ដែល​លោក​ថា តន្ត្រី​ជា​ដួងព្រលឹង បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ លោក​ក៏​ចាប់ផ្ដើម​បង្កើត​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។ រស់នៅ​អាមេរិក​២៥​ឆ្នាំ ធ្វើការ​ជា​អ្នក​លាងចាន​ផង សម្អាត​បន្ទប់ទឹក​ផង ផ្លុំ​ខ្លុយ​ដើម្បី​រកប្រាក់​ផង និង​បាន​ប្រាក់​ពី​មិត្ត​ភ័ក្ដិ​ខ្លះ​ទៀតផង​នោះ លោក អាន ខំ​សន្សំ​បាន​ប្រមាណ​៥​ពាន់​ដុល្លារ មក​បង្កើត​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នៅ​ឆ្នាំ​១៩៩៨ ដោយមាន​សមាជិក​តែ​៣​នាក់​។ កិច្ចការ​ដំបូង​ដែល​អង្គការ​នេះ​ចាប់ផ្ដើម គឺ​ការស្វែងរក​សិល្ប​ករចាស់ៗ ដែល​សល់​ពី​សម័យ​សង្គ្រាម ឱ្យមក​បង្រៀន​ភ្លេង​ឬ​សិល្បៈ ដល់​ក្មេងជំនាន់ក្រោយ​។ 
 
​មកដល់​បច្ចុប្បន្ននេះ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​មាន​បុគ្គលិក​៥០​នាក់ ដែល​ត្រូវ​ចំណាយ​លើ​គម្រោង​របស់ខ្លួន​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ ការជំរុញ លើកទឹកចិត្ត​សិល្បៈ​បង្កើត​ថ្មី​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ខ្លួន និង​សិល្បៈ​បុរាណ តាមរយៈ​ការផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​សិល្បៈ​និង​មិនមែន​សិល្បៈ ជា​អ្វីដែល​អង្គការ​នេះ​បានធ្វើ​។ កត្តា​ជីវភាព​របស់​សិល្បករ ដើម្បីឱ្យ​ពួកគេ​រស់ក្នុង​ភាពថ្លៃថ្នូរ ដោយ​បង្កើតឱ្យមាន​កន្លែង​សម្ដែង ការចូលរួម​ក្នុង​សកម្មភាព​សិល្បៈ​ក្នុង​នឹង​ក្រៅប្រទេស ដើម្បី​ផ្សព្វផ្សាយ​ពី​តន្ត្រី និង​មាន​សកម្មភាព​ជាច្រើន​ទៀត ជាការ​ងារ​របស់​សិល្បៈ​ខ្មែរ​អមតៈ​៕
 
​ដោយសារ​សកម្មភាព​ត​ស៊ូ​លើ​តន្ត្រី​ច្រើន ពោល​តាំងពី​សម័យ ប៉ុល ពត  លោក  អាន ច​ន​ផន ទើបតែ​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​ជា​សមាជិក​ក្នុង​អង្គការ International Music Council ដែលជា​អង្គការ​ធ្វើការ​លើ​តន្ត្រី​ដ៏​ធំ​មួយ​នៅ​ទូទាំង​ពិភពលោក​។ មុន​ទទួលបាន​កេរ្តិ៍ឈ្មោះ ដែលនាំឱ្យ​ពិភពលោក​ទទួលស្គាល់​លោក អាន ត្រូវ​ឆ្លងកាត់​ជីវិត ដែល​លោក​ថា ដូច​ធ្លាក់​នរក​ទាំង​រស់​។ 
​ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែលមាន​វ័យ​ខ្ទង់​៥០​ឆ្នាំ​រូបនេះ ប្រៀប​សិល្បៈ​ខ្មែរ​ទៅនឹង​សម្លៀកបំពាក់ ដែល​បិទបាំង​ខ្លួនប្រាណ និង​ជា​ដួងព្រលឹង​របស់​ជាតិ​។ លោក​ថា “​វប្បធម៌​រស់នៅ​បាន​តា​មរយៈ​សិល្បៈ​” ដោយ​ជាតិ​សាសន៍​ដទៃ គ្រាន់តែ​ឃើញ​របៀប​ស្លៀកពាក់ អាហារ សិល្បៈ ចម្រៀង តន្ត្រី ពាក្យសម្ដី ឥរិយាបទ គេ​នឹង​ដឹងថា​ជា​ខ្មែរ ព្រោះ​វា​បាន​បញ្ចូល​ទៅក្នុង​សិល្បៈ​។ «​មនុស្ស​ខ្មែរ​នៅលើ​ទូក​តែមួយ បើ​មិន​ខំប្រឹងប្រែង​ទាំងអស់គ្នា កូនចៅ​ជំនាន់​ក្រោយ​នឹងរង​គ្រោះ​។ គេ​យកតែ​ពាក្យ​ថា យុវវ័យ ទាន់សម័យ ពេញនិយម មក​ផ្សព្វផ្សាយ យូរ​ទៅ​កូន​ខ្មែរ​បែរជាយក​របស់គេ ធ្វើជា​របស់ខ្លួន​។ ការ​ស្លៀកពាក់​ដូចគ្នា ស្លៀកពាក់​បែប​ខ្មែរ​មិនឱ្យ​តម្លៃ ទៅជា​ឱ្យ​តម្លៃ​ខោខ្លី​ពិបាក​មើលទៅ​វិញ​»​។​
 
​ដាស់តឿន​ទាំង​ក្ដី​ព្រួយបារម្ភ លោក អាន ច​ន​ផន ថា​សិល្បៈ​ខ្មែរ​ពឹង​លើ​កូន​ខ្មែរ​គ្រប់រូប​ស្គាល់​តម្លៃ និង​ខំ​ថែរក្សា​។ ប្រសិនបើ​ខ្មែរ​បោះបង់​សិល្បៈ​ខ្លួន ដែល​លោក​ថា ជា​មាស​សុទ្ធ​នោះ ហើយ​ទៅ​ចាប់​សិល្បៈ​បរទេស​មកវិញ ទៅ​ថ្ងៃមុខ​ពួកគេ​នឹង​បាត់​អត្តសញ្ញាណ​ខ្លួន​។ «​កាលពី​សម័យ ប៉ុល ពត ខ្ញុំ​រស់​ជីវិត​ដោយសារ​តន្ត្រី​ខ្មែរ ទៅ​អាមេរិក គេ​ទទួលស្គាល់​ខ្ញុំ រាប់អាន​ខ្ញុំ​ជា​មិត្ត​ក៏​ដោយសារ​តន្ត្រី​ខ្មែរ ព្រោះ​តន្ត្រី​ខ្មែរ​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្លួន​»៕
 

Tag:
 អាន ច​ន​ផន​
  តន្ត្រី​
 ​សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com