អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​ប្រចាំ​តំបន់ «RCEP» ដល់​ដំណាក់កាល​ពិសេស​
01, Sep 2018 , 5:05 pm        
រូបភាព
ដោយ:
 ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​អះអាងថា ដំណើរការ​នៃ​ចរចា​លើ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ឬ​ហៅថា​ថា RCEP បាន​វិ​វត្ត​ដល់​ដំណាក់កាល​គួរកត់សម្គាល់​ថ្មី​មួយ ដែល​អាច​នឹង​ឈានដល់​ការសម្រេច​ចុងក្រោយ​។​

 
​នាឱកាស​នៃ​ការ​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥០​នៅ​ថ្ងៃ​២៩ សីហា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​លើកយក​បញ្ហា នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ជា​ប្រធានបទ​ធំ​មួយ ដើម្បី​ជាការ​ក្រើនរម្លឹក​ដល់​សមាជិក​អាស៊ាន ឲ្យ​បន្ត​ពង្រឹង ក៏ដូចជា​រួមគ្នា​ជា​ធ្លុង​មួយ​សម្រាប់​ការ​ទៅមុខ​នៃ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​ក្នុង​តំបន់​។​
​លោកនាយក​រដ្ឋមន្ត្រី លី ដែលជា​ប្រធាន​វិលជុំ​អាស៊ាន​ផង​នោះ បាន​មើល​ការប្រកួតប្រជែង​រវាង​មហាអំណាច​ទាំងពីរ អាច​សម្ពាធ​មួយ​សម្រាប់​ការលូតលាស់​អាស៊ាន ខណៈដែល​អាស៊ាន កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​នៃ​សមាហរណកម្ម ដែល​ធ្វើ​ឲ្យ​លោក ត្រូវ​ទទូច​រដ្ឋ​អាស៊ាន​ទាំងអស់ ត្រូវតែ​សហការគ្នា​ដើម្បី​ទប់ស្កាត់​ការជះឥទ្ធិពល​មួយ​នេះ​។​
 
​គួរកត់សម្គាល់​នោះ តាមរយៈ​វេទិកា​អាស៊ាន​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី លី ក៏​បញ្ជាក់​ពី​ដំណើរការ​របស់​នៃ​ផែនការ​ពាណិជ្ជកម្ម ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ផងដែរ​។ លោក លី ទទួលស្គាល់ថា ផែនការ​ពាណិជ្ជកម្ម​ដែលមាន​រដ្ឋ​អាស៊ាន​ទាំង​ដប់ ជាមួយនឹង​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ប្រាំ​មួយទៀត មាន​បង្កប់​ភាពខុស​គ្នាច្រើន តែ​ក៏​អាច​សម្របសម្រួល​គ្នា​បាន​។​
 
​ខណៈ​ពណ៌នា RCEP ជា​កិច្ចសហប្រតិបត្តិការ​សំខាន់​បំផុត​មួយ​របស់​ពិភពលោក លោក លី បាន​បង្ហើប​ថា កិច្ចចរចា RCEP បាន​ដល់​ដំណាក់កាល​កាន់តែ​ស៊ីជម្រៅ​ហើយ ហើយ​លោក ក៏បាន​ទទូច​ឲ្យ​គ្រប់​សមាជិក​នៃ​សហប្រតិបត្តិការ​មួយ​នេះ បន្ត​រក្សា​ភាព​ទៅមុខ​នៃ​ការចរចា និង​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន​សម្រាប់​ផលប្រយោជន៍​រយៈពេល​វែង​។​
 
​សូម​ជម្រាប​ផងដែរ​ថា RCEP  គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន និង​ផ្តើម​ស្នើ​ឡើងជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១២​ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​បង្កើតឡើង​ដើម្បី​ប្រែក្លាយ​តំបន់​រដ្ឋ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី ។​
 
​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ រាប់បញ្ចូល​សមាជិក​អាស៊ាន​ទាំង​ដប់ និង ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូ​វែ​ល​សេ​ឡង់​។ តាមពិតទៅ RCEP គ្រោង​នឹង​បញ្ចប់​ការ​ព្រមព្រៀងគ្នា​តាំងពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ត្រូវ​បន្ត​ពន្យារពេល​ជា​បន្តបន្ទាប់​ទៅ​ឆ្នាំ ២០១៦ និង​ឆ្នាំ​២០១៧ ទៀត ដោយសារ​សមាជិក​រប​ស់ RCEP មួយចំនួន​នៅ​មិន​ឯកភាព​លើ​បញ្ហា​មួយចំនួន​ជាពិសេស​ការកាត់បន្ថយ​របាំង​ពន្ធ​លើ​ទំនិញ​៕

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com