ជាតិ
សង្គមជាតិ
ល្ខោនខោល​ខ្មែរ និង​ល្ខោន​ខូ​ន​ថៃ ស្នើ​ចុះបញ្ជី​ផ្សេងគ្នា មិនមែន​ជាការ​ប្រទាញប្រទង់​គ្នា​ឡើយ​
01, Sep 2018 , 5:39 pm        
រូបភាព
​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ព្រឿង ឈៀង បញ្ជាក់ថា ល្ខោនខោល​ខ្មែរ និង​ល្ខោន​ខូ​ន ឬ​របាំ​ល្ខោនស្បែក​មុខ (Khon masked dance) របស់​ថៃ មាន​លក្ខណៈ​ដាច់ដោយឡែក​ពីគ្នា ហើយ​កម្ពុ​ជាមាន​ឯកសារ​គ្រប់គ្រាន់​ទាក់ទង​នឹង​បេតិកភណ្ឌ​អរូបី​របស់ខ្លួន​ដែល​ត្រូវបាន​ស្នើសុំ​ការចុះបញ្ជី​នៅ​អង្គការ​យូណេស្កូ​។​

 
 
​លោក ព្រឿង ឈៀង ដែលជា​អ្នកជំនាញ​សិល្បៈ​បុរាណ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា ការទទួលស្គាល់​ល្ខោន​ណាមួយ​មុន នឹងមិន​ចោទ​ជា​បញ្ហា​នោះឡើយ ប៉ុន្តែ​បើ​មានការ​កាត់សេចក្តី​ល្ខោន​ជា​បេតិកភណ្ឌ​រួម ឬ​ជា​របស់​ថៃ​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ឯកសារ​ដើម្បី​តវ៉ា​ភ្លាមៗ​ទៅកាន់​យូណេស្កូ​។​
 
​អង្គ​ការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ នឹង​ប្រកាស​ជា​ផ្លូវ​ការទាក់ទង​នឹង​ការចុះ​ទាំង​ល្ខោនខោល និង​ល្ខោន​ខូ​ន ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នា​អំឡុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ នឹង​ប្រព្រឹត្តទៅ​នៅ​ក្រុង Port Louis ប្រទេស​មូ​រី​ទូ​ស ពីថ្ងៃ​ទី​២៦ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC)​។​
 
​បើតាម​លោក ព្រឿង ឈៀង ក្នុងដំណាក់កាល​នេះ យូណេស្កូ​កំពុងតែ​ពិនិត្យ និង​ផ្ទៀងផ្ទាត់ បន្ថែម​ទាក់ទង​នឹង​ល្ខោន​ទាំងពីរ ដែល​ហាក់ដូច​ជាមាន​ភាពចម្រូងចម្រាស ជាពិសេស​សំនៀង​មាន​លក្ខណៈ​ស្រដៀង​គ្នា​។ 
 
​លោក​បាន​បញ្ជាក់ថា បច្ចេកទេស​សិល្បៈ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ដាច់ដោយឡែក​រវាង​ល្ខោន​ទាំងពីរ ហើយ​អ្នកខ្លះ​យល់​ច្រ​លំ​ថា ជា​ល្ខោន​តែមួយ​។ ទាក់ទង​នឹង​ការ​បំផុសបំផុល​ឲ្យ​នាំគ្នា​លើក កម្ពស់ ល្ខោនខោល​នា​រយៈពេល​ចុងក្រោយ​នេះ លោក ព្រឿង ឈៀង មិនមាន​ការយល់​ទាស់​អ្វី​នោះឡើយ ប៉ុន្តែ​លោក​សំណូមពរ​ដល់​កូន​ខ្មែរ​ទាំងអស់​សិក្សា​ពី​សិល្បៈ​របស់ខ្លួន​ឲ្យ​បាន​ស៊ីជម្រៅ ដោយ​ចៀសវាង​នូវ​ប្រតិកម្ម និង​ការ​ចោទ​គ្នា​ទៅវិញទៅមក​៕ 
 
 

Tag:
 ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
  ល្ខោនខោល​
  សិល្បៈ​
  របាំ​
  ព្រឿង ឈៀង​
© រក្សាសិទ្ធិដោយ thmeythmey.com