ជាតិ
សង្គមជាតិ
ផ្លូវ​៦០​ម៉ែត្រ បាន​ក្លាយជា​ទិសដៅ​វិនិយោគ​ថ្មី​
02, Sep 2018 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មហាវិថី សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ជា​តំបន់​មួយ​ដែល​កំពុងមាន​កំណើន​វិនិយោគ​ខ្លាំងក្លា​បើ​ធៀប​នឹង​តំបន់​ដ៏ទៃទៀត នៅក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន តំបន់​នេះ​មាន​ភាព​ទាក់ទាញ និង​មាន​សក្តានុពល​ខ្លាំង​សម្រាប់​វិស័យ​អចលនទ្រព្យ ស្របពេល​ជាមួយនឹង​គម្រោង​ផែនការអភិវឌ្ឍន៍​ទីក្រុង​របស់​សាលាក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​២០៣៥ ។​


​ផ្លូវ​៦០​ម៉ែត្រ មាន​ទទឹង​៦០​ម៉ែត្រ និង​បណ្តោយ​ជិត​១០​គីឡូម៉ែត្រ ដែលជា​ផ្លូវ​ត​ភ្ជាប់​ដ៏​សំខាន់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាចរ​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​។ ផ្លូវ​នេះ​បាន​ភ្ជាប់​គ្នា​រវាងផ្លូវ​លេខ​២៧១​ភាគ​ខាងជើង ជាមួយ​ផ្លូវជាតិ​លេខ​២​ភាគខាងត្បូង​។​
 
​លោក Ken Lo ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Century 21 Imperial Realty មានប្រសាសន៍ថា មាន​គម្រោង​ធំៗ​ជាច្រើន​បានចាប់ផ្តើម​ដំណើរការ​សាងសង់ និង​កំពុង​រៀបចំ​ការសាងសង់​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​នេះ​។​
 
​ទីក្រុង​រណប ING City  មាន​ទំហំ ២៦០០​ហិកតា ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​គ្នា​ជាច្រើន ដែល​កំពុងដំណើរការ​សាងសង់​។ ក្នុងនោះ​មាន​គម្រោង​លំនៅដ្ឋាន ផ្សារ​ទំនើប ពាណិជ្ជកម្ម និង​កន្លែង​លក់រាយ រួម​នឹង​សេវាកម្ម​ទូទៅ​ចម្រុះ​។​
 
​ជាមួយគ្នានេះ មាន​គម្រោង​បុរី​ល្បីៗ​ជាច្រើន រួមមាន បុរី​ជីបម៉ុង បុរី​ពិភពថ្មី និង​បុរី​ប៉េង​ហួត   ក៏បាន​ចាប់ផ្តើម​កា​រវិ​ន​យោគ​របស់ខ្លួន​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​នេះ​ផងដែរ​។​
​លោក Ken Lo បាន​និយាយថា វិនិយោគិន​ចិន កំពុង​ស្វែងរក​ទិញ​ដី​ធំៗ​សម្រាប់​ការសាងសង់​គម្រោង​លំនៅដ្ឋាន និង​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​។​
 
​ជាក់ស្តែង គម្រោង Urban Village មាន​ទំហំ ៧.៦​ហិកតា គម្រោង Lingnan Garden មាន​ទំហំ ២.១​ហិកតា និង​គម្រោង R&F City ដែលជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ វិនិយោគ​ដោយ​ក្រុមហ៊ុន ចិន ឬ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ចិន​នៅ​កម្ពុជា បាន​ចាប់យក​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​នេះ​។​
 
​កន្លងមក​ក៏​ធ្លាប់មាន​ការចុះផ្សាយ​ថា ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​ក៏បាន​គ្រោង​នឹង​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣​នៅក្នុង​ទីតាំង​នេះ​ផងដែរ​។​
​អ្នកនាង Jessie Mao អ្នករៀបចំ​ផែនការ​របស់​គម្រោង R&F City មានប្រសាសន៍ថា​គម្រោង​បាន​សិក្សា​ឃើញ​ប៉ែក​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​ជាពិសេស​តាម​បណ្តោយ ផ្លូវ​៦០​ម៉ែត្រ គឺជា​ទីតាំង​ល្អ​បំផុត​សម្រាប់​ការអភិវឌ្ឍ​អចលនទ្រព្យ​។​
 
​អ្នកនាង​បាន​បញ្ជាក់ថា «​តម្លៃ​ដី​បាន​កើនឡើង​ខ្លាំង ប៉ុន្តែ​នៅតែមាន​កម្រិត​ទាប​នៅឡើយ​បើ​ប្រៀបធៀប​ទៅនឹង​ដី​ក្នុង​តំបន់​ផ្សេងទៀត​នៅក្នុង​ទីក្រុង ហើយ​ដី​តំបន់​ផ្លូវ​៦០​ម៉ែត្រ​មាន​សក្តានុពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​ផ្សេងៗ​បន្ថែមទៀត​។ ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ នឹង​ពិតជា​ក្លាយជា​មជ្ឈមណ្ឌល​នៃ​ក្រុង​ថ្មី​មួយទៀត​នាពេល​អនាគត​»​។ 
​អ្នកនាង​បាន​បន្ថែមថា បច្ចុប្បន្ននេះ​ដី​ក្នុង​នៅក្នុង​ទីក្រុង​កាន់តែ​ចង្អៀត ហើយ​តម្លៃ​ក៏​កាន់តែ​ថ្លៃ​ខ្លាំង​ពិសេស​ដី​នៅ​តំបន់​កណ្តាល​ក្រុងភ្នំពេញ​។​
 
​ផ្លូវ​៦០​ម៉ែត្រ បាន​លាតសន្ធឹង​ដោយ​ឆ្លងកាត់​សង្កាត់​ចំនួន​បី គឺ​សង្កាត់​ចាក់អង្រែលើ និង​ចាក់អង្រែ​ក្រោម​ក្នុង​ខណ្ឌមានជ័យ និង​សង្កាត់​ជើងឯក​ក្នុង​ខណ្ឌដង្កោ​។ 
​យោងតាម​របាយការណ៍​តម្លៃ​ដី​ជា​មធ្យម​នៃ​ទីក្រុង​ភ្នំពេញ​សម្រាប់​ពាក់កណ្តាល​ឆមាស​ទី​១​ឆ្នាំ​២០១៨ របស់​ក្រុមហ៊ុន ឃី រៀល អ៊ី​ស្ទេ​ត ដី​សម្រាប់​ពាណិជ្ជកម្ម ឬ​អាជីវកម្ម​នៅ​សង្កាត់​ចាក់អង្រែលើ​មានតម្លៃ​ជា​មធ្យម​១៦៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដី​អាជីវកម្ម​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​មានតម្លៃ​ជា​មធ្យម​១២៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែកឯ​ដី​អាជីវកម្ម​ក្នុង​សង្កាត់​ជើងឯក​វិញ​មានតម្លៃ​៦០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​
 
​លោក សន សៀ​ប  ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ឃី រៀល អ៊ី​ស្ទេ​ត មានប្រសាសន៍ថា ផ្លូវ​៦០​ម៉ែត្រ បានរួម​ចំណែក​យ៉ាងខ្លាំង​ដល់​កំណើន​អចលនទ្រព្យ​ក្នុង​តំបន់​។ លោក​បាន​លើកឡើងថា ប្រជាប្រិយភាព និង​ការអភិវឌ្ឍ​របស់​តំបន់​នេះ​នឹង​កើនឡើង​ថែមទៀត ដោយសារ​ថ្ងៃ​អនាគត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នឹង​ត​ភ្ជាប់​គ្នា​។ ការលើកឡើង​បែបនេះ គឺ​ចង់​សំដៅ​ដល់​ផ្លូវ​ក្រវ៉ា​ត់ទី​៣ និង​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ដែល​បាន​ស្នើសុំ​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​
 
​ការចាប់អារម្មណ៍ និង​ការហូរចូល​កាន់តែច្រើន​ពី​សំណាក់​អ្នក​អភិវឌ្ឍន៍​បានធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើន ឡើងជា​លំដាប់​នៅក្នុង​តំបន់​។ លោក Ken Lo បាន​បញ្ជាក់ថា «​តម្លៃ​ដី​កើនឡើង​ថ្លៃ​ជាង​ពីមុន​»​។​
 
​ដី​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ដែល​ស្ថិតនៅ​ចន្លោះ​ផ្លូវ​២៧១ ដល់​បុរី​ប៉េង​ហួត​បាន​កើនឡើង​ដល់ ២០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ធៀប​នឹង​ឆ្នាំមុន​មានតម្លៃ​ពី​១០០០​ដុល្លារ​ទៅ​១២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែក​ដី​ដែល​ស្ថិតនៅ​ចាប់ពី​បុរី​ប៉េង​រហូតដល់​ផ្លូវជាតិ​លេខ​២​បច្ចុប្បន្ន​មានតម្លៃ ពី​៨០០​ទៅ​១៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ បើ​ធៀប​ទៅនឹង​ចុងឆ្នាំ​២០១៧​ដី​មានតម្លៃ​ចាប់ពី​៤០០ ទៅ​១២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ នេះ​បើតាម​លោក Ken Lo៕
 
 
 

Tag:
 អចលនទ្រព្យ​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com