ជាតិ
នយោបាយជាតិ
អាជ្ញាធរខណ្ឌទួលគោក ចុះដកហូតសៀវភៅបោះពុម្ពផ្សាយរបស់លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីCNRP
× ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានដកហូតសៀវភៅជាច្រើនក្បាល របស់លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបោះពុម្ពផ្សាយ និងចែកចាយលក់នៅតាមតូបលក់សៀវភៅ ដោយគ្មានការអនុញ្ញាត។
អភិបាលខណ្ឌទួលគោក លោក ឯក ឃុនជឿន បានប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលអាជ្ញាធរចុះប្រមូលសៀវភៅទាំងនោះ គឺដោយសារតែគ្មានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រឹមត្រូវ។« រាល់ការបោះពុម្ពផ្សាយសៀវភៅ និងចែកចាយលក់ លុះត្រាមានការអនុញ្ញាតពីក្រសួងវប្បធម៌ ព្រោះយើងក៏បានសហការជាមួយពួកគាត់(ខាងក្រសួង)»។ នេះជាការបញ្ជាក់របស់លោក ឯក ឃុនជឿន។
អភិបាលខណ្ឌរូបនេះ បាននិយាយថា អ្នកចែកចាយលក់សៀវភៅនេះ គឺជាជំនួយការលោក យ៉ែម បុញ្ញឫទ្ធិ ប៉ុន្តែអាជ្ញាធរបានណែនាំរូបគេ ឲ្យបញ្ឈប់សកម្មភាពចែកចាយសៀវភៅនេះទៀត។ សៀវភៅរបស់លោក យ៉ែម បុញ្ញឫទ្ធិ ដែលបោះពុម្ពផ្សាយ ហើយត្រូវបានអាជ្ញាធរចាត់ទុកថា ខុសច្បាប់នេះ មានចំណងជើងថា «ចក្ខុវិស័យក្នុងការផ្សះផ្សាជាតិ និងការរៀបចំសង្គមជាតិ »។
អភិបាលខណ្ឌទួលគោក បានដកហូតសៀវភៅជាង២០ក្បាល នៅតូបលក់កាសែត ជាប់របងវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក យ៉ែម បុញ្ញឫទ្ធិ ដើម្បីសុំការអត្ថាធិប្បាយជុំវិញ ការដកហូតសៀវភៅ ដែលលោកបានបោះពុម្ភផ្សាយនេះនៅឡើយទេ៕
Tag:
យ៉ែម បុញ្ញឫទ្ធិ
CNRP
ឯក ឃុនជឿន
© រក្សាសិទ្ធិដោយ thmeythmey.com