អន្តរជាតិ
នយោបាយអន្តរជាតិ
មេដឹកនាំអាហ្វ្រិកប្រមូលផ្ដុំគ្នានៅទឹកដីចិននាជំនួបចិន-អាហ្វ្រិក តែស្ដេចអ៊ីស្វាទីនីមិនទៅ ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីសំប៊ី (រូបភាព Xinhua)
× បណ្ដាមេដឹកនាំអាហ្វ្រិកជាច្រើន បានទៅដល់ទឹកដីចិនជាបន្តបន្ទាប់នៅចុងសប្ដាហ៍នេះ ដើម្បីចូលរួមវេទិកាស្ដីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនៅដើមសប្ដាហ៍ក្រោយ។ វេទិកានេះ មានគោលដៅរឹតចំណងមិត្តភាព សេដ្ឋកិច្ច នយោបាយ រវាងចិន និងអាហ្វ្រិក ស្របពេលដែលចិនបានលូកដៃចូលជ្រៅទៅក្នុងទ្វីបដែលសម្បូរធនធានមួយនេះតាមរយៈការបណ្ដាក់ទុនវិនិយោគ និងការផ្ដល់ជំនួយ និងកម្ចីរាប់ពាន់លានដុល្លារ។ ឥទ្ធិពលចិននៅទ្វីបនេះក៏កើនឡើងខ្លាំងតាមនោះដែរនៅប៉ុន្មានឆ្នាំចុងក្រោយ។
វេទិកាស្ដីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) នឹងរៀបចំឡើងនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា។ មេដឹកនាំរដ្ឋអាហ្វ្រិកទាំងតូចទាំងធំទាំងប្រទេសដែនកោះជាច្រើននាក់ បានធ្វើដំណើរទៅដល់រដ្ឋធានីរបស់ចិនហើយ ដើម្បីចូលរួមក្នុងវេទិកាលើកទីបីនេះ។ មូលបទនៃវេទិកាឆ្នាំនេះ គឺ «ចិននិងអាហ្វ្រិក៖ ឆ្ពោះទៅកាន់សហគមន៍វាសនារួមកាន់តែរឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។
មុនជំនួបកំពូលរវាងដៃគូសហប្រតិបត្តិការដ៏ធំទាំងពីរ មេដឹកនាំប្រទេសអាហ្វ្រិកជាច្រើនបានឆ្លៀតធ្វើទស្សនកិច្ចផ្លូវការ និងបានជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ជាបន្តបន្ទាប់ដែរ។ កិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខារវាងចិន និងប្រទេសអាហ្វ្រិកដៃគូ ស្របពេលមេដឹកនាំអាហ្វ្រិកខ្លះមានជំនួបជាមួយវិនិយោគិនចិនដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផង។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ ខណៈដែលមេដឹកនាំជាច្រើននាំគ្នាជិះយន្តហោះទៅកាន់រដ្ឋធានីប៉េកាំងនោះ មានមេដឹកនាំរដ្ឋអាហ្វ្រិកមួយដែលមិនទៅហ្នឹងគេ គឺមហាក្សត្រអ៊ីស្វាទីនី ព្រះចៅ Mswati III ។ នេះក៏ព្រោះតែអ៊ីស្វាទីនី ជារដ្ឋអាហ្វ្រិកតែមួយគត់របស់តៃវ៉ាន់ ហើយគ្មានទំនាក់ទំនងការទូតជាមួយចិនដែរ។ កន្លងមក ចិនបានអូសទាញប្រទេសអាហ្វ្រិកជាច្រើនដែលជាមិត្តរបស់តៃវ៉ាន់តាមរយៈការផ្ដល់ទឹកប្រាក់ក្រោមរូបភាពជាជំនួយ តែមិនអាចអូសទាញព្រះរាជាណាចក្រមួយនេះបាន។
វេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ចាប់ផ្ដើមនៅក្នុងឆ្នាំ២០០៦ ក្នុងទីក្រុងប៉េកាំង ហើយលើកទីពីរធ្វើឡើងនៅឆ្នាំ២០១៥ នៅទីក្រុង Johannesburg ។ ក្រៅពីថ្នាក់ដឹកនាំប្រទេសនៅទ្វីបអាហ្វ្រិក ប្រធានគណៈកម្មការអាហ្វ្រិក ក៏នឹងចូលរួមក្នុងជំនួបនេះដែរ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស នឹងធ្វើជាភ្ញៀវកិត្តិយស។
ច្បាស់ណាស់ថា ចិននឹងប្រើវេទិកានេះដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅទ្វីបអាហ្វ្រិក ជាមួយនឹងការសម្លឹងឃើញភោគទ្រព្យធម្មជាតិដ៏ច្រើនមហាសាល។ ខុសពីមហាអំណាចបស្ចឹមលោកដែលតែងរិះគន់មេដឹកនាំផ្ដាច់ការរបស់អាហ្វ្រិក ចិនមិនសូវខ្វល់រឿងសិទ្ធិមនុស្ស ប្រព័ន្ធនយោបាយ ឬប្រជាធិបតេយ្យអ្វីឡើយ ហើយវាគឺជាមូលហេតុដែលមេដឹកនាំអាហ្វ្រិកកាន់អំណាចយូរចង់ធ្វើជាមិត្តជាមួយចិនដែរ។ ចិនចាត់ទុកបញ្ហាទាំងនោះ ជារឿងផ្ទៃក្នុងរបស់ប្រទេសនីមួយៗ៕
Tag:
អាហ្វ្រិក
ចិន
FOCAC
© រក្សាសិទ្ធិដោយ thmeythmey.com