បទយកការណ៍ / បទសម្ភាសន៍
គម្រោង​អប់រំ​បេតិកភណ្ឌ​បណ្ដុះ​ឱ្យ​កុមារ​ស្រឡាញ់ និង​យល់​ពី​តម្លៃ​បេតិកភណ្ឌ​ក្នុង​តំបន់​ដែល​គេ​រស់នៅ​
02, Sep 2018 , 9:59 pm        
រូបភាព
 ​សៀមរាប​៖ គម្រោង​អប់រំ​បេតិកភណ្ឌ ជា​គម្រោង​សហការ​រវាង​អាជ្ញាធរ​អប្សរា និង​អង្គការ​គាំពារ​កេរ​មរតក ដែល​បានចាប់ផ្តើម​អនុវត្ត​នៅក្នុង​តំបន់​អង្គរ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ គម្រោង​នេះ​បានជ្រើសរើស​ក្មេងៗ​នៅតាម​សាលា​គោលដៅ​ក្នុង​តំបន់​អង្គរ ឱ្យចូល​រៀន នៅ​ថ្នាក់បឋមសិក្សា (​ថ្នាក់​ទី​៥ និង ទី​៦) និង​នៅ​កម្រិត​វិទ្យាល័យ (​ថ្នាក់​ទី​១០ និង​ទី​១១) ដើម្បីឱ្យ​ពួកគេ​យល់​ពីអ្វី​ជា​បេតិកភណ្ឌ និង​ស្វែងយល់​ពី​តម្លៃ​បេតិកភណ្ឌ​នៅ​ជុំវិញ​ពួកគេ​។ ក្រៅពីនេះ គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បីឱ្យ​ក្មេងៗ​ដែលជា​យុវជន​ជំនាន់​ក្រោយ​ស្រឡាញ់ និង​យល់​តម្លៃ​បេតិកភណ្ឌ​ដែលជា​មរតក​ជាតិ​ដ៏​មាន​សារសំខាន់ ក៏ដូចជា បង្ហាញ​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មីៗ​ដែល​អ្នកស្រាវជ្រាវ​ទើបនឹង​បាន​រកឃើញ​ផងដែរ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​៖



 
​គម្រោង​អប់រំ​បេតិកភណ្ឌ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​អប្សរា និង​អង្គការ​គាំពារ​កេរ​មរតក ដែលជា​ស្ថាប័ន​អន្ដរជាតិ ធ្វើ​ការងារ​លើកស្ទួយ​តម្លៃ​បេតិកភណ្ឌ​។ សម្រាប់​តំបន់​អង្គរ គម្រោង​នេះ បាន​ផ្តើម​អនុវត្ត​សាកល្បង​នៅ​ឆ្នាំ​២០១៨ តាម​សាលា​គោលដៅ​មួយចំនួន រួមមាន​សាលាបឋមសិក្សា​ស្រះស្រង់ និង​វិទ្យាល័យ​នគរធំ ដែល​សុទ្ធសឹង​ជា​សាលា​ស្ថិតក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​។​
 
​នៅ​ថ្ងៃទី​២៣ សីហា​កន្លងទៅ​ថ្មីៗ​នេះ ពិធី​បញ្ចប់​វគ្គ​ទី​១ សម្រាប់​សិស្ស​ថ្នាក់​ទី​៥ ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សាលាបឋមសិក្សា​ស្រះស្រង់​។ មាន​សិស្ស​ចំនួន ៦០​នាក់ ដែល​ទទួលបាន​ការបណ្ដុះ​បណ្តាល​អប់រំ​បេតិកភណ្ឌ​តាំងពី​ខែ ឧសភា រហូតដល់​ខែ សីហា​។​
 
​លោក អ៊ុន មុណី​នី​តា នាយក​អង្គការ​គាំពារ​កេរ​មរតក​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ពិធី​នេះ​មិនមែន​មានន័យថា ការអប់រំ​ត្រូវបាន​បញ្ចប់​ទេ តែ​ជាការ​ផ្តើម​យកចំណេះ​ដឹង​ដែល​ពួកគេ​បាន​រៀន​រយៈពេល ៤​ខែ យកទៅអនុវត្ត​ក្នុង​មូលដ្ឋាន​ពួកគេ​។ សិស្សានុសិស្ស​ទាំង​៦០​នាក់ និង​បន្ត​កម្រិត​២ នៅ​ឆ្នាំ​ក្រោយពេល​ពួកគេ​ចូលរៀន​ថ្នាក់​ទី​៦​។ 
 
 
​កុមារ​ជា​អ្នក​ស្នង​មរតក​ដូនតា ហើយ​គ្មាន​អ្នកណា​ក្រៅពី​ពួកគេ​ទេ ដូច្នេះ​ចាំបាច់​ត្រូវតែ​បណ្ដុះបណ្តាល​ពួកគេ​ចាប់ពី​តូចៗ​ទៅ​។ ពួកគេ​ត្រូវ​ប្រឹងរៀន ប្រឹង​ស្គា​ល់ពី​មរតក​ដូនតា ដែល​បាន​បន្សល់​ឱ្យ​ពួកគេ ដើម្បី​រក្សា​តម្លៃ​ដ៏​វិសេសវិសាល​នេះ​តទៅ​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។ នេះ​ជាការ​លើកឡើង​របស់លោក មុណី​នី​តា​។​
 
​ដូច​បាន​ជម្រាប​ពី​ដើម​ដូច្នោះ​ដែរ សិស្ស​នៅ​ថ្នាក់បឋមសិក្សា​នៅ​ថ្នាក់​ទី​៥ និង​ទី​៦ ទទួលបាន​ការបណ្ដុះបណ្តាល​ក្នុង​គម្រោង​អប់រំ​បេតិកភណ្ឌ​នេះ ដោយ​ក្នុង​មួយ​សប្ដាហ៍​ពួកគេ​រៀន​តែមួយ​ម៉ោង​ប៉ុ​ណ្ណោ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ពួកគេ​នឹង​បន្ត​ទទួលបាន​ការអប់រំ​នេះ​នៅ​ថ្នាក់​ទី​៦​មួយឆ្នាំ​ទៀត​។ នេះ​ជា​មូលដ្ឋានគ្រឹះ​ផ្នែក​បេតិកភណ្ឌ ពេល​ពួកគេ​ឡើងទៅ​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ​។ ដោយសារ​ជា​ឆ្នាំ​សាកល្បង ដូច្នេះ​ពួកគេ​ទទួលបាន​ការអប់រំ​នេះ​ត្រឹម​រយៈពេល​៤​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំក្រោយ​ទៅ ពួកគេ​នឹង​ទទួលបាន​ការអប់រំ​នេះ​រយៈពេល​ពី​៧ ទៅ​៨​ខែ ទៅតាម​គោលការណ៍​នៃ​គម្រោង​។​
 
​អនុប្រធាន​គម្រោង​អប់រំ​បេតិកភណ្ឌ លោក អ៊ឹម សុខ​រិទ្ធី បាន​ពន្យល់ថា គម្រោង​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​នេះ មិនមែនជា​រឿង​ថ្មី​ទេ គឺ​វា​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៧​មក ដែល​ដំបូង​គេ​បាន​ដំណើរការ​នៅ​សាលាបឋមសិក្សា​បន្ទាយឆ្មា​រ នៅ​ខេត្តបន្ទាយមានជ័យ ហើយ​ឆ្នាំ​២០១៨​នេះ​ដោយ​មើលឃើញ​ពី​តម្រូវការ និង​អត្ថប្រយោជន៍​របស់​វា គម្រោង​នេះ​បាន​បង្វែរ​គោលដៅ​មកដល់​តំបន់​អង្គរ​។ លោក​បាន​ប្រាប់​ពី​ហេតុផល​លម្អិត និង​គោលបំណង​នៃ​ការអប់រំ​បេតិកភណ្ឌ​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ធម្មតា​ការស្រាវជ្រាវ​ផ្សេងៗ​គេ​បាន​ចងក្រង​ជា​ឯកសារ ឬ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សេងៗ តែ​សម្រាប់​យើង ចង់យក​ការបណ្ដុះបណ្តាល​នេះ​ដើម្បី​ផ្សព្វផ្សាយ​»​។​
 
 
 
​បន្ថែម​ពីនេះ គម្រោង​អប់រំ​បេតិកភណ្ឌ​ក៏​ចង់​បង្រៀន​ពី​វិធីសាស្ដ្រ​នៃ​ការស្រាវជ្រាវ​ផ្សេងៗ​ឱ្យទៅ​ក្មេងៗ​សិស្សានុសិស្ស​នៅ​ថ្នាក់​វិទ្យាល័យ ដោយ​ឱ្យ​ពួកគេ​ចាប់ផ្តើម​បន្ដិច​ម្ដងៗ ឬ​ជា​មូលដ្ឋាន​នៃ​ការសិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា ការបង្រៀន​នេះ​គឺ​ត្រូវបាន​គេ​បង្រៀន​នៅតាម​សាលា​នៅ​ប្រទេស​មួយចំនួន​ហើយ តែ​សម្រាប់​ការ​កម្ពុជា​ជាការ​បណ្ដុះបណ្តាល​មួយផ្នែក​ដើម្បី​កុំឱ្យ​គំលាត​អប់រំ​ឆ្ងាយ​ពី​ប្រទេស​ទាំងនោះ​ពេក​។​
 
​នាយក​អង្គការ​គាំពារ​កេរ​មរតក លោកស្រី ជយ ហា​ណាន់ ក្លាក មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​កម្រិត​១​នៃ​សិស្សសាលា​បឋមសិក្សា​ស្រះស្រង់​ថា អ្វីដែល​អង្គការ​នេះ​ធ្វើ​មិនមែន​ត្រឹមតែ​លើ​ប្រាសាទ​តែមួយ​មុខ​ទេ តែ​ទាក់ទង​នឹង​មរតក​វប្បធម៌​ទាំងឡាយ ទាំង​លើគោក និង​ក្រោម​ដី ទាំង​ព្រៃឈើ ទាំង​ទឹកជា​ដើម ក្នុងនោះ​ក៏មាន​ការអប់រំ​ពី​កុលាលភាជន៍​ផងដែរ ដើម្បី​ជំរុញ​ឱ្យ​អ្នកជំនាន់ក្រោយ​បានដឹង និង​ស្គាល់​។​
 
​ទាក់ទង​នឹង​ការងារ​អប់រំ​បេតិកភណ្ឌ​នេះ ជា​ការងារ​យូរអង្វែង ហើយ​មិនមែនជា​ការងារ​មួយថ្ងៃ​អាចធ្វើ​បាន​នោះទេ​។ លោកស្រី​នាយក​អង្គការ​គាំពារ​កេរ​មរតក ពន្យល់ថា គេ​ទាមទារ​ធ្វើជា​ប្រចាំ​ដើម្បី​ជា​គុណប្រយោជន៍​ការងារ​ទៅ​ថ្ងៃមុខ​។ គេ​ចាំបាច់​ត្រូវតែ​ចាប់ដៃគ្នា ដើម្បី​ថែរក្សា​ការពារ​មរតក​ទាំងនេះ មិនមែន​សម្រាប់​គ្រួសារ​យើង​ទេ តែ​សម្រាប់​សង្គមជាតិ​ទាំងមូល​។​
 
​ទៅ​ថ្ងៃ​ខាងមុខ គម្រោង​អប់រំ​បេតិកភណ្ឌ គ្រោង​ពង្រីក​វិសាលភាព​នៃ​ការអប់រំ​នេះ​ទៅ​តំបន់​ផ្សេងទៀត​ក្រៅពី​តំបន់​ស្រះស្រង់​។ នៅ​ឆ្នាំក្រោយ គម្រោង​នឹង​ចាប់ផ្តើម​រំកិល​ខ្លួន​ទៅកាន់​តំបន់​រលួស បាគង ដែលជា​តំបន់​បេតិកភណ្ឌ​ដ៏​សំខាន់​មួយ​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​៕
 
 
 
 

Tag:
 អ៊ឹម សុខ​រិទ្ធី​
  អប់រំ​បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com