ជាតិ
សង្គមជាតិ
ទឹកជំនន់​៖ អ្នករងគ្រោះ​ដោយសារ​ពស់​ចឹក​មាន​៦៥​នាក់ និង​លង់ទឹក​ស្លាប់ មាន​១៨​នាក់
02, Sep 2018 , 3:59 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ គិត​ត្រឹម​ខែកញ្ញា​នេះ អ្នករងគ្រោះ​ដោយសារ​ពស់​ចឹក​មាន​៦៥​នាក់ និង​អ្នក​លង់ទឹក​ស្លាប់ មាន​ចំនួន​១៨​នាក់ នៅក្នុង​ក្រុង​-​ស្រុក ចំនួន​៩ ក្នុង​ខេត្តកំពង់ចាម​។ នេះ​បើតាម​របាយការណ៍​រប​ស់​រដ្ឋបាល​ខេត្តកំពង់ចាម នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​។


​របាយការណ៍​ដែល​ចេញផ្សាយ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​៦៥ នាក់​ត្រូវបាន​ពស់​ចឹក ឬ​សត្វ​អាសិរពិស​ទិច ឬ​ខាំ ដោយ​ចែកចេញជា​ពីរ​តំបន់ គឺ​តំបន់​រងគ្រោះ​ទឹកជំនន់​មាន​២៨ នាក់ និង​តំបន់​ក្រៅ​តំបន់​រងគ្រោះ​ទឹកជំនន់​មាន​៣៧​នាក់​។ ចំពោះ​១៨​នាក់​ទៀត  ស្លាប់​ដោយសារ​លង់ទឹក លិច​ទូក ស្រវឹងស្រា​លង់ទឹក និង​រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់ ។ មូលហេតុ បង្ក​ឲ្យ​មាន​ករណី​ទាំងអស់នេះ កើតឡើង​ដោយសារ​ទទួលរង​គ្រោះទឹកជំនន់​ទន្លេមេគង្គ​កាលពី​កន្លងទៅនេះ​។ 
 
​តាម​របាយការណ៍​ដដែល បាន​បង្ហាញថា គ្រោះទឹកជំនន់​នៅ​ខេត្តកំពង់ចាម​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន ហេ​ដ្ឋា​រចនា​ន​សម្ព័ន្ធ ដំណាំ ជាច្រើន​ផងដែរ​។ ដំណាំ​ដែល​ខូចខាត​នោះ​រួមមាន ស្រូវ​ចំនួន ១១២ ហិច​តា​, ដំណាំ​ពោត ចំនួន​៥៩៥​ហិច​តា​, ដំណាំ​ផ្សេងៗ ១.៦៨៦ ហិច​តា  និង​ខូច​ខា​ច​ផ្លូវ​ប្រវែង ៤.៤២៥ ម៉ែត្រ​។ លិច​ផ្ទះ​ចំនួន​៣៨៥​ខ្នង​, លិច​វត្ត​, លិច​វិហារ​អ៊ីស្លាម​,​សាលារៀន​, ស្ពាន​, ទំនប់​, និង​មណ្ឌល​សុខភាព​។​
 
​ប៉ុន្តែ​វា​គ្រាន់តែ​ជា​របាយការណ៍​ពី​រដ្ឋបាល​ខេត្តកំពង់ចាម​តែប៉ុណ្ណោះ​។ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ពី​របាយការណ៍ នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ទូទាំងប្រទេស​បាន​នៅឡើយ​ទេ​៕ 
 

Tag:
 ទឹកជំនន់​
  ពស់​
  លង់ទឹក​
 ​ កំពង់ចាម​
  ​របាយការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com