ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់ទៀត ដើម្បីបម្រើវិស័យទេសចរណ៍នាឆ្នាំ២០៣០ រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ដើម្បីឆ្លើយតប នឹងកំណើនភ្ញៀវទេសចរ ក្រសួងទេសចរណ៍ ត្រូវការសណ្ឋាគារចំនួន១៣ម៉ឺន បន្ទប់បន្ថែមទៀត ទូទាំងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០៣០ខាងមុខ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបើកសម្ពោធកម្មវិធីមួយ កាលពីថ្ងៃទី០១ ខែកញ្ញា ថាកម្ពុជានឹងបង្កើតសណ្ឋាគារបន្ថែមទៀត ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា។ បើតាមលោក ថោង ខុន កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ៦០% ស្មើប្រមាណ៦ម៉ឺនបន្ទប់) នៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ។ ក្នុងនោះខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិតជាង២ម៉ឺនបន្ទប់) ដើម្បីបំពេញតម្រូវការដល់ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់នាឆ្នាំ២០៣០ខាងមុខនេះ។
តាមការព្យាកររបស់ក្រសួងថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦,២ លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ។ចំណែកឆ្នាំ២០៣០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិប្រមាណ១៣លាននាក់។
រដ្ឋមន្រី្តក្រសួងទេសចរណ៍ បានបង្ហាញការព្យាករគួរឲ្យចាប់អារម្មណ៍ដល់វិនិយោគិនចិន និងអន្តរជាតិ ដែលបានវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ទន្ទឹមនឹងនេះ លោក ថោង ខុន អំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀត ប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ ដែលគោរពតាមបទដ្នានបរិស្ថាន និងគោលការណ៍ការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងអនាគត។
គួសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសណ្ឋាគារប្រមាណជាង ៨០០ កន្លែង ស្មើនឹង ៤៦ពាន់បន្ទប់ (ក្នុងនោះសណ្ឋាគារប្រណិតមានប្រមាណជាង ២ម៉ឺនបន្ទប់) ដោយឡែកខេត្តព្រះសីហនុមាន សណ្ឋាគារ ៦៩កន្លែង ស្មើនឹងជាង ៤ពាន់បន្ទប់ (សណ្ឋាគារប្រណិតមាន ប្រមាណជាង ១០០០បន្ទប់)៕
Tag:
សណ្ឋាគារ
ក្រសួងទេសចរណ៍
ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com