អន្តរជាតិ
នយោបាយអន្តរជាតិ
មហាធៀ មិនអនុញ្ញាតឲ្យមានវិនិយោគចិនច្រើនពេក ព្រោះខ្លាចដណ្តើមអាជីវកម្មប្រជាជនក្នុងស្រុក
× បើទោះបីជារដ្ឋាភិបាលម៉ាឡេស៊ី អនុវត្តគោលនយោបាយបើកចំហរសម្រាប់វិនិយោគបរទេស ជាពិសេសជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ ម៉ាឡេស៊ីក៏មិនបណ្តែតបណ្តោយឲ្យមានអ្នកវិនិយោគបរទេសច្រើនលើសលប់ឡើយ។ ក្រុងកូឡាឡាំពួរ ខ្លាចក្រែងអ្នកវិនិយោគទាំងនោះ នឹងដណ្តើមទីផ្សាររបស់ប្រជាជនក្នុងស្រុករបស់ខ្លួន ខណៈទទួលស្គាល់ថាកម្រិតជំនាញរកស៊ីអ្នកក្នុងស្រុកនៅទាប។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានទទួលបានស្គាល់ថា ប្រជាជនក្នុងស្រុកម៉ាឡេស៊ី មានកម្រិតទាបនៅឡើយនោះទេក្នុងការប្រកបអាជីវកម្ម និងជំនួយខ្នាតធំ ដែលហេតុផលនេះហើយ លោកនាយករដ្ឋមន្ត្រី មិនចង់ឲ្យមានលំហូរអ្នកវិនិយោគចិនច្រើនលើសលប់ពេកនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
នាឱកាសនៃការថ្លែងសមាជជាតិឆ្នាំ២០១៨ នៅថ្ងៃ១ កញ្ញា លោកនាយករដ្ឋមន្ត្រី បានចោទសួរយ៉ាងដូច្នេះ៖« ប្រសិនបើ យើងនាំវិនិយោគបីលាននាក់ពីចិន តើនឹងមានអ្វីកើតឡើងមកលើយើង? ពួកគេ គឺជាក្រុមមនុស្សដែលប្រឹងប្រែងធ្វើការ ឆ្លាត និងមានចំណេះដឹងរឿងរកស៊ីឬធ្វើជំនួញ។ ...តើយើងអាចប្រកួតប្រជែងជាមួយនឹងពួកគេបានទេ?»
បន្ទាប់បានលើកឡើងបែបនេះរួចហើយនោះ លោកនាយករដ្ឋមន្ត្រីចាស់វស្សា បានថ្លែងទទួលស្គាល់ថា ប្រជាជនម៉ាឡេស៊ីនៅក្នុងកម្រិតខ្សោយនោះទេផ្នែកពាណិជ្ជកម្ម ពោលគឺ ប្រជាជនម៉ាឡេស៊ីក្នុងស្រុក មិនអាចប្រកួតប្រជែងជាមួយនឹងអ្នកវិនិយោគចិនបានឡើយ។ លោក បន្តទៀតថា រដ្ឋាភិបាលលោក មានគោលនយោបាយបើកចំហរប្រទេសសម្រាប់ការវិនិយោគបរទេសដោយផ្ទាល់ពីចិន ប៉ុន្តែ មិនអនុញ្ញាតឲ្យប្រជាជនចិនទិញដី ឬគ្រប់គ្រងទីក្រុងម៉ាឡេស៊ីបានឡើយ។
លោក បន្ថែមថា ប្រសិនបើរដ្ឋាភិបាលរបស់លោកបើកទូលាយបែបនោះមែន ប្រជាជនម៉ាឡេស៊ី នឹងត្រូវប្តូរទីលំនៅឆ្ងាយពីក្រុង ឬរស់នៅក្បែរព្រៃវិញហើយ។ លោក សង្កត់ធ្ងន់ថា អ្វីដែលរដ្ឋាភិបាលចង់បាននោះទេ ការវិនិយោគបរទេស ដែលមកបង្កើតរោងចក្រនៅម៉ាឡេស៊ី ហើយកម្មករគឺជាជនជាតិម៉ាឡេស៊ី និងមិនមែនជាកម្មករបរទេសឡើយ។
សូមជម្រាបផងដែរថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ ទើបតែបញ្ចប់ទស្សនកិច្ចផ្លូវការរបស់លោកនៅក្នុងប្រទេសចិន ដែលជាទិសដៅទស្សនកិច្ចក្រៅតំបន់អាស៊ានដំបូងបង្អស់របស់លោក ក្រោយបានកាន់តំណែងជានាយករដ្ឋមន្ត្រីជាថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com