បទយកការណ៍ / បទសម្ភាសន៍
យុវជន​មួយក្រុម​សម្ដែង​ល្ខោននិយាយ​រឿង​«​មរណភាព​ចម្លែក​» ដើម្បី​ឲ្យ​ពលរដ្ឋ​ស្គាល់​ទម្រង់​នេះ​កាន់តែច្បាស់​
03, Sep 2018 , 8:59 am        
រូបភាព
ក្រុម​ភារិទ្ធល្ខោននិយាយ
ក្រុម​ភារិទ្ធល្ខោននិយាយ
​ភ្នំពេញ​៖ យុវជន​ស្ម័គ្រចិត្ត​មួយក្រុម​ដែលមាន​សមាជិក​ប្រមាណ​៥០​នាក់ បានរួម​គ្នា​រៀបចំ​ការសម្ដែង​ល្ខោននិយាយ​មួយ​មាន​ចំណងជើង​ថា​”​មរណភាព​ចម្លែក​” ដើម្បី​ទាញ​ចំណាប់អារម្មណ៍​យុវជន​ឲ្យ​ស្គាល់​ទម្រង់​មួយ​នេះ​កាន់តែច្បាស់​។ រឿង​«​មរណភាព​ចម្លែក​» នឹង​សម្ដែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ខែកញ្ញា​២០១៨ វេលា​ម៉ោង​៦​ល្ងាច​ដល់​៨​យប់ នៅ​សាល​ពហុ​បំណង​CKCC ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។


​ជា​ផ្នែក​មួយ​នៃ​អ្នករៀបចំ​កម្មវិធី​សម្ដែង​កញ្ញា តាន់ ស្រី​មាន លើកឡើងថា នាង​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​ល្ខោននិយាយ​នេះ ព្រោះតែ​ចង់​ផ្សព្វផ្សាយ​ទម្រង់​មួយ​នេះ ឲ្យ​កូន​ខ្មែរ​ស្គាល់​កាន់តែច្បាស់​។ នារី​ដែល​រៀន​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រូបនេះ សង្ឃឹមថា​ក្រោយពី​រឿង «​មរណភាព​ចម្លែក​» សម្ដែង​ចប់ ទម្រង់​មួយ​នេះ​នឹង​កាន់តែ​រីក​សុះសាយ​ទៅក្នុង​ស្រទាប់​យុវជន​។ ស្រី​មាន បញ្ជាក់​៖ «​អ្នកស្ម័គ្រចិត្ត​ទាំងអស់ សុទ្ធតែ​ស្រឡាញ់​ទម្រង់​មួយ​នេះ មិន​ចង់​ឲ្យ​វា​បាត់បង់​ទៅ ទើប​យើង​រួមគ្នា​ធ្វើ​រឿងនេះ​។ ខ្ញុំ​សង្ឃឹមថា​កិច្ច​ការដែល​ពួកយើង​បានធ្វើ​នេះ​នឹង​អាច​ឲ្យ​យុវជន​ស្គាល់​ល្ខោននិយាយ​កាន់តែច្រើន​»​។​
  
 
​ចំណែក​អ្នកស្ម័គ្រចិត្ត​មួយរូប​ទៀត​គឺ​លោក ប៉ូ សុក្រឹត វ័យ​២៨​ឆ្នាំ ដែលជា​តួ​សម្ដែង​មួយរូប​ក្នុង​រឿង​”​មរណភាព​ចម្លែក​” បាន​និយាយថា ការស្ម័គ្រចិត្ត​របស់លោក​ជា​ផ្នែក​មួយ​ក្នុងការ​រួមចំណែក​ថែរក្សា​មរតក​ដូនតា​។ សិស្ស​រៀន​ល្ខោននិយាយ​៩​ឆ្នាំ​រូបនេះ ដឹង​ពី​ឧបសគ្គ​ក្នុង​ការសម្ដែង​របស់ខ្លួន គឺ​បញ្ហា​សំឡេង​ដែលជា​ផ្នែក​សំខាន់​មួយ​ក្នុង​ទម្រង់​ល្ខោននិយាយ ។ «​ក្នុងការ​សម្ដែង​នេះ​អាច​ពង្រឹងសមត្ថភាព​ខ្លួន​ខ្ញុំ​ផង និង​អាចជួយ​ថែរក្សា​មរតក​ដូនតា​ផង​។ សំឡេង​របស់ខ្ញុំ​និយាយ​អត់​សូវ​ច្បាស់​ល្អ តែ​វា​មិនអាច​ធ្វើ​ឲ្យ​ខ្ញុំ​បោះបង់ចោល​ល្ខោននិយាយ​ទេ ព្រោះ​ខ្ញុំ​ស្រឡាញ់​វា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុក្រឹត​។​
 
​ដោយសារតែ​មើលឃើញ​សិស្ស​នៅ​វិទ្យាល័យ ភាគច្រើន មិន​ស្គាល់​ល្ខោននិយាយ ទើប​ញ៉ាំង​ឲ្យ​ក្រុមយុវជន​ស្ម័គ្រចិត្ត​ទាំងនេះ រៀបចំ​សម្ដែង​រឿង «​មរណភាព​ចម្លែក​» នេះ​ឡើង​។ ប្រធាន​ក្រុម​លោក ណេ​ន ភា​រិ​ទ្ធ បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ទៅ​សម្ដែង​នៅតាម​វិទ្យាល័យ​ជាច្រើន នៅតាម​ខេត្ត​នានា សិស្ស​ថ្នាក់​ទី​១១ ១២ សឹងតែ​ទាំងអស់​អត់​ស្គាល់​ល្ខោននិយាយ​ទេ គេ​ស្គាល់​តែ​ល្ខោន​វិទ្យុ​។ ដូច្នេះហើយ​ទើបបានជា​ខ្ញុំ​ធ្វើ​កម្មវិធី​ល្ខោននិយាយ​នេះ​ឡើង​»​។​
 
​ក្រុម​ល្ខោននិយាយ​របស់លោក ភា​រិ​ទ្ធ ធ្លាប់បាន​សម្ដែង​រឿង​«​កុលាប​ប៉ៃលិន​»«​ចិញ្ចៀន​បញ្ចាំចិត្ត​» និង​មានរឿង​ជាច្រើន​។ ជោគជ័យ​ពី​ការសម្ដែង​កន្លងមក​បាន​នាំ​ឲ្យ​លោក ភា​រិ​ទ្ធ មាន​ក្ដីសង្ឃឹម​ក្នុង​ការសម្ដែង​ល្ខោននិយាយ​ជា​បន្តបន្ទាប់​។ «​កម្មវិធី​ដែល​យើង​បានធ្វើ​កន្លងមក​មានកា​រ​គាំទ្រ​ប្រហែល​២០​ភាគរយ ដូច្នេះ​យើង​មិន​ចង់​ឲ្យ​បាត់បង់​អ្នកគាំទ្រ​ទាំង​នោះទេ តែ​យើង​ចង់​ឲ្យ​បាន​អ្នកគាំទ្រ​ច្រើនជាង​មុន​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ភា​រិ​ទ្ធ​។​
  
 
​ល្ខោននិយាយ​រូបនេះ គ្រោង​ចំណាយ​៣​ពាន់​៥​រយ​ដុល្លារ តែ​ពេលនេះ​ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ​ទើបតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ​២​ពាន់​ដុល្លារ​តែប៉ុណ្ណោះ​។ ប្រាក់​បាន​ពី​ការលក់​សំបុត្រ ជា​ក្ដីសង្ឃឹម​ចុងក្រោយ​របស់​ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ​។ លោក ភា​រិ​ទ្ធ បញ្ជាក់​៖«​បើ​ចាំ​ឲ្យ​គេ​ជួយ​គ្រប់ ឬ​ចាំ​តែមាន​ថ្ងៃ​សៅរ៍​អាទិត្យ​បានធ្វើ មិនដឹង​ថ្ងៃ​ណា​គេ​បាន​មើល​ល្ខោននិយាយ​នេះ​។ តម្លៃ​សំបុត្រ​២​ម៉ឺន​រៀល​ពិតជា​ថ្លៃ​សម្រាប់​អ្នក​មិនសូវ​សម្បូរ​ប្រាក់ តែ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ក្រុម​នេះ វា​ជួយ​ដល់​ទម្រង់​នេះ​មួយផ្នែក និង​ជាការ​លើកទឹកចិត្ត​សម្រាប់​ការធ្វើ​កិច្ចការ​នេះ​នៅពេល​ក្រោយ​ទៀត​។ ខ្ញុំ​កក់ក្ដៅ​ពេល​ដែលមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ជួយ​ផ្សព្វផ្សាយ​ពី​កម្មវិធី​នេះ​។ ហើយ​ខ្ញុំ​ពិតជា​អរគុណ​ដល់​សប្បុរសជន ដែល​បាន​ជួយ​គាំទ្រ និង​ជួយ​ជា​ថវិកា​កន្លងមក​។ ពួកយើង​នៅតែ​រីករាយ​ទទួល​ជំនួយ​រហូតដល់​ថ្ងៃ​សម្ដែង​»​។​
 
​លោក ភា​រិ​ទ្ធ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​គាំទ្រ​ទម្រង់​ល្ខោននិយាយ តាមរយៈ​ការទិញ​សំបុត្រ​ទៅ​ទស្សនា​ឲ្យ​បាន​ច្រើន​។​
​ល្ខោននិយាយ​មាន​បី​ទម្រង់ គឺ​ល្ខោននិយាយ​លើ​ឆាក ល្ខោននិយាយ​តាម​វិទ្យុ និង​ល្ខោននិយាយ​ជា​វីដេអូ​។ ល្ខោន​ទាំងបី​ទម្រង់​នេះ​សុទ្ធតែ​យកសំដី​ជាធំ និង​បង្ហាញ​គំនិត​អប់រំ​ស៊ីជម្រៅ ក្នុង​បញ្ហា​សង្គម​ដូចគ្នា តែ​ខុស​ត្រង់​ការដឹកនាំ និង​ការរៀបចំ​ឆាក​ប៉ុណ្ណោះ​។​
  
 
​ល្ខោននិយាយ​លើ​ឆាក​អ្នកទស្សនា​អាច​មើលឃើញ​ឆាក​ទាំងមូល ហើយ​អ្នក​សម្ដែង និង​អ្នកទស្សនា អាច​មើលឃើញ​គ្នា​។ ចំណែក​ល្ខោននិយាយ​តាម​វិទ្យុ​វិញ ត្រូវការ​បញ្ចូល​ការបកស្រាយ ដោយ​ប្រើ​រូ​បារម្ភ និង​បន្ថែម​ពាក្យ​ពោល​ច្រើន ព្រោះ​អ្នក​ស្ដាប់​មិនបាន​ឃើញ​រូបភាព តែ​ខ្លឹមសារ និង​គំនិត​អប់រំ​រក្សា​ដដែល​។ ចំពោះ​ល្ខោននិយាយ​បែប​វីដេអូ​វិញ​(TV drama) តួ​សម្ដែង​នៅលើ​ឆាក ប៉ុន្ដែ​គេ​យក​កាមេរ៉ា​មក​ថត​ជា​វីដេអូ រួច​យកទៅ​កាត់ត​។ ដូច្នេះ អ្នកទស្សនា មើល​តាមតែ​ប្លង់​ដែល​គេ​កាត់ត​តែប៉ុណ្ណោះ ហើយ​ពួកគេ​អាច​មើលឃើញ​សកម្មភាព​តួ នឹង​សម្ភារ​ផ្សេងៗ​បាន​ច្បាស់ និង​លម្អិត ជាង​ល្ខោននិយាយ​សម្ដែង​លើ​ឆាក​៕ 
 
 

 

 

 

Tag:
 ល្ខោននិយាយ​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com