ជាតិ
ស្ពានឆ្លងទន្លេសេកុងជាប់ព្រំដែនកម្ពុជា-ឡាវ បានបាក់ស្រុត ដោយសារទឹកជំនន់ ប្រភព៖ ហ្វេសប៊ុក លោក Kanharith Khieu
× ស្ទឹងត្រែង៖ ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) ដែលស្ថិតនៅខេត្តស្ទឹងត្រែង បានបាក់ស្រុតផ្នែកខាងក្បាលស្ពាន ដោយសារតែកម្ពស់ទឹកហក់ឡើង។ ស្ពាននេះ ទើបសាងសងរួច ដោយកងកម្លាំងវិស្វកម្ម សម្រាប់ឆ្លងទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ។
អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងលោក ម៉ែន គង្ស បាននិយាយថា ការបាក់ស្រុតនៃក្បាលស្ពានអូរគួកនេះ បណ្ដាលមកពីជំនន់ទឹកទន្លេសេកុងបានហូរមកខ្លាំង ធ្វើឲ្យបាក់ដីផ្នែកខាងក្រោម ហើយគួបផ្សំនិងការធ្លាក់ភ្លៀងខ្លាំងហូរច្រោះនៅខាងក្បាលស្ពានទៀតនោះ ទើបបណ្ដាលឲ្យបាក់ដីផ្នែកខាងលើ ដែលនាំឲ្យខូចខាតស្ពាននេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងរូបនេះ បានបន្ថែមថា៖« ស្ពានឆ្លងទន្លេសេកុងខេត្តស្ទឹងត្រែងដែលបានបាក់ស្រុត ពេលនេះកម្លាំងជំនាញវិស្វកម្មកំពុងតែពិភាក្សា និងវាយតម្លៃនៅតាមគ្រឹះនិងសសរផ្សេងៗទៀត ដោយមិនទាន់បានសន្និដ្ឋានបាននៅឡើយទេថា នឹងត្រូវជួសជុលទាំងស្រុង ឬកម្រិតណាមួយ»។
ស្ពានអូរគួកនេះ ស្ថិតនៅផ្នែកខាងលើតាមខ្សែបណ្ដោយទឹកទន្លេសេកុង នៃស្រុកសៀងប៉ាង ជិតព្រំដែនឡាវ។ ស្ពាននេះទើបតែសាងសងរួចរាល់ ហើយក៏មិនទាន់សម្ពោធដាក់ឲ្យប្រើប្រាស់នៅឡើយទេ។ នេះបើតាមលោក ម៉ែន គង្ស៕
Tag:
ស្ពានអូរគួក
ម៉ែន គង្ស
© រក្សាសិទ្ធិដោយ thmeythmey.com