កីឡាជាតិ
ជាតិ
លោក ខាន់ ភី​ធ័​រ ហួស​ពី​សប្បាយចិត្ត​ទៅទៀត​ដែល​កូនស្រី​ខ្លួន​នាំ​កិត្តិយស​ជូន​ជាតិ​កម្ពុជា​
03, Sep 2018 , 6:00 pm        
រូបភាព
ខាន់ ចេសា ពេលឈ្នះមេដាយមាស (ខាងឆ្វេង) និងពេលហ្វឹកហាត់ជាមួយ​លោក ខាន់ ភីធ័រ ដែលជាឪពុក
ខាន់ ចេសា ពេលឈ្នះមេដាយមាស (ខាងឆ្វេង) និងពេលហ្វឹកហាត់ជាមួយ​លោក ខាន់ ភីធ័រ ដែលជាឪពុក
កីឡាការិនី ខាន់ ចេ​សា (Khan Jessa) អាយុ​១៦​ឆ្នាំ បាន​សមិទ្ធផល​ដ៏​ធំធេង​សម្រាប់​ប្រទេស​កំណើត​ឪពុក​របស់ខ្លួន តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) លើក​ទី​១៨ ពី​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ (Jiu Jitsu ឬ Brazilain Jiu Jitsu/BJJ)​។ លោក ខាន់ ភី​ធ័​រ (Khan Peter) បាន​គូសបញ្ជាក់ថា​នេះ​ជា​កាដូ​ដ៏​មានន័យ​ពី​កូនស្រី និង​គ្រួសារ​របស់លោក ចំពោះ​មាតុភូមិ​កម្ពុជា​។



«​ខ្ញុំ​សប្បាយចិត្ត ដែល​ហួស​ពី​សប្បាយចិត្ត​ទៅទៀត​។ រីករាយ​ខ្លាំងណាស់​ដែល​កូនស្រី​របស់ខ្ញុំ​សាង​ប្រវត្តិសាស្ត្រ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេសជាតិ​ទាំងមូល​»​។ នេះ​ជាការ​លើកឡើង​របស់លោក ខាន់ ភី​ធ័​រ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន ThmeyThmey​។​

​ទាក់ទង​នឹង​វត្តមាន​របស់ ចេ​សា ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក ភី​ធ័​រ អាយុ​៤៥​ឆ្នាំ ដែល​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​វ័យ​នៅ​តូច ពោលគឺ​តាំងពី​ឆ្នាំ​១៩៧៥​នោះ បាន​អះអាងថា​៖ «​ដំបូង​ពិតជា​ក្តី​ស្រមៃ​របស់ខ្ញុំ ប៉ុន្តែ ចេ​សា ខ្លួនឯង​ផ្ទាល់ ជា​មនុស្ស​ចូលចិត្ត​ការ​ប្រឈម និង​ចូលចិត្ត​ធ្វើដំណើរ​។ គាត់​ចង់​ជួយ និង​ចង់ដឹង​បន្ថែម​ពី​ទីកន្លែង​ដែល​ខ្ញុំ​បានកើត​»​។​

​លោក ភី​ធ័​រ បាន​រៀបការ​ជាមួយ​អ្នកស្រី April Khan ដែលមាន​សញ្ជាតិ​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក កាលពី​ឆ្នាំ​២០០៤ ដោយមាន​កូន​៤​នាក់ (​ស្រី​៣ ប្រុស​១) ហើយ ចេ​សា ជា​កូនច្បង​។ បច្ចុប្បន្ន លោក និង​ក្រុមគ្រួសារ​រស់នៅ​ក្រុង Newport-Beach រដ្ឋកា​លី​ហ្វ​នីញ៉ា​។​

​ជា​អតីត​នាយ​ទាហានជើងទឹក​សហ​រដ្ឋ​អាមេរិក លោក ភី​ធ័​រ បាន​បញ្ជាក់ថា សមាជិក​ក្រុមគ្រួសារ​ទាំងអស់​របស់​លោក​សុទ្ធ​ចេះ​កីឡា​ជឺ​ជិត​ស៊ូ ហើយក៏​លោក​នឹងមិន​បដិសេធ​នោះឡើយ ប្រសិនបើ​មានការ​ស្នើសុំ​មតិយោបល់ និង​ការចូលរួម​របស់លោក​លើ​ការអភិវឌ្ឍន៍​កីឡា​នេះ​នៅ​កម្ពុជា​។​



«​ពិតណាស់ ជឺ​ជិត​ស៊ូ គឺជា​ការពង្រឹង​ភាពរឹងមាំ និង​ការពង្រីក​ចំណេះដឹង​ដ៏​ទូលំទូលាយ​។ ខ្ញុំ​អាច​និយាយបានថា គ្រប់គ្នា​គួរតែ​ហាត់​ជឺ​ជិត​ស៊ូ​»​។ នេះ​ជាការ​អះអាង​របស់លោក ភី​ធ័​រ ហើយ​លោក​ក៏បាន​យល់ស្រប​ផងដែរ​ចំពោះ​គំនិត​នៃ​ការដាក់បញ្ចូល​កីឡា​ក្បាច់គុន​មួយ​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។​



យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Jessa Khan Athlete  លោក ខាន់ ភី​ធ័​រ និង​អ្នកស្រី April Khan បាន​បញ្ជូន ចេ​សា ឲ្យ​ទៅ​ហ្វឹកហាត់​កីឡា​ជឺ​ជិត​ស៊ូ តាំងពី​អាយុ​៤​ឆ្នាំ មកម្ល៉េះ នៅ​ក្រុង Honolulu រដ្ឋ​ហា​វ៉ៃ ហើយ​បន្ត​នៅ​រដ្ឋ New Hampshire និង​បច្ចុប្បន្ន​ជា​សិស្ស​នៅ Art Of Jiu Jitsu Mendes Bros ក្រុង Costa Mesa រដ្ឋកា​លី​ហ្វ​នីញ៉ា​។​



ចាប់តាំងពី​ឆ្នាំ​២០១១​មក ចេ​សា តែងតែ​ទទួល​ចំណាត់ថ្នាក់​ល្អ ជាពិសេស​លេខ​១​ក្នុងការ​ប្រកួត​ក្របខណ្ឌ​ផ្សេងៗ​សម្រាប់​កម្រិត​អាយុ​របស់​នាង​។ ជោគជ័យ​ធំៗ​ដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អាជីព​របស់​កីឡាការិនី​វ័យ​១៦​ឆ្នាំ​រូបនេះ រួមមាន​ដូចជា​ជើងឯក និង​ជា​ម្ចាស់​មេដាយមាស World Champion ៣​លើក  Pan American Champion ៣​លើក Nogi World Champion ២​លើក European Champions ១​លើក Abu Dhabi Grandslam La Champion ១​លើក និង​មេដាយមាស​ពី Asian Games ជូន​កម្ពុជា ១​លើក​៕
















Tag:
 Asian Games
  ខាន់ ចេសា
  ជឺជិតស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com