រថយន្ត
អន្តរជាតិ
បារាំង​ពង្រឹង​ដំណើរការ​រថយន្ត​ដែល​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​សម្រាប់​ចំងាយ​ឆ្ងាយ​
03, Sep 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​រថយន្តក្រុង​ដែល​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ ត្រូវ​បានដាក់​ដំណើរការ​រួចហើយ​នៅក្នុង​ទីក្រុង​នានា​នៅ​បារាំង​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា ទៅ ដេ​ប៉ា​តឺ​ម៉​ង់ Sarthe ដែល​ស្ថិតក្នុង​តំបន់ Pays de La Loire នឹងដាក់​ដំណើរ​រថយន្ត​ដែល​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ សម្រាប់​ចម្ងាយ​វែង ដែល​ឆ្លងកាត់​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Le Maine Libre​។​

 
​លោកស្រី Christelle Morancais ប្រធាន​ក្រុមប្រឹក្សា​តំបន់ Pays de la Loire និង​តំណាង​ភ្នាក់ងារ​ដឹកជញ្ជូន​សាធារណៈ Transdev បាន​បើកសម្ពោធ​សេវាកម្ម​សាកល្បង​រថយន្ត​ក្រុង​២​គ្រឿង​ដំបូង ដែល​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ ហើយនឹង​ចាប់ផ្តើម​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា​។​
 
​រថយន្ត​ប្រភេទ Scania Interlink HD ទាំងពីរ​គ្រឿង​នេះ មាន​កន្លែង​អង្គុយ​ចំនួន​៥៧​កន្លែង ហើយ​មួយគ្រឿងៗ មានតម្លៃ​ប្រមាណ​២៧០ ០០០​អឺរ៉ូ (​ជាង​៣១​ម៉ឺន​ដុល្លារ​អាមេរិក​)​។ វា​នឹង​ភ្ជាប់​ខ្សែ​រត់​រយៈ​ចម្ងាយ​ឆ្ងាយ​ពី​ក្រុង​១​ទៅ​ក្រុង​១​ក្នុង​ដេ​ប៉ា​តឺ​ម៉​ង់ Sarthe​។​
 
​យោងតាម​ការផ្សាយ​រប​ស់ Ouest France បារាំង​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​សេវាកម្ម​ធ្វើដំណើរ​សាធារណៈ​ដែល​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។ កន្លងមក ភ្នាក់ងារ​ដឹកជញ្ជូន​សាធារណៈ Transdev បាន​សហការ​ជាមួយ​អាជ្ញាធរ​តំបន់ Bretagne ក្នុង​ប្តូរ​រថយន្ត​ដែល​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ (GNV) វិញ​។​
 
​កន្លងមក រថយន្ត Penn-ar-bed រត់​ជា​មធ្យម​២០០​គីឡូម៉ែត្រ​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ស្ថានីយ​បញ្ចូល​ឧស្ម័ន​ធម្មជាតិ នៅមាន​ចំនួន​ទាប​នៅឡើយ​។ សហជីព​ជំនាញ​ផ្នែក​ថាមពល និង​ឧបករណ៍ (Sdef) បានលើកឡើង​ពី​គម្រោង​ដាក់​ស្ថានីយ៍​ឧស្ម័ន​ធម្មជាតិ​ចំនួន​៧​បន្ថែមទៀត​នៅ​បារាំង ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ អ្នកជំនាញ​រំពឹង​ផងដែរ​ថា រថយន្ត​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​អាច​រត់​បាន​រយៈ​ចម្ងាយ​៥០០​គីឡូម៉ែត្រ​ដោយ​ស្វ័យប្រវត្តិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com