ជាតិ
រថយន្ត
នគរបាលចរាចរណ៍ប្តូរការស្រង់ទិន្នន័យពីការសរសេរដោយដៃ ទៅអនុវត្តតាមបច្ចេកវិទ្យាវិញ
× ការស្រង់ទិន្នន័យតាមរយៈការសរសេរដៃ នឹងមិនទាន់សភាពការណ៍ ហើយលឿនទៅតាមការចង់បាននោះឡើយ។ នេះជាការលើកឡើងរបស់ លោក រុន រត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលោកគូសបញ្ជាក់ពីលក្ខណៈវិជ្ជមានចំពោះការប្រមូលទិន្នន័យ តាមប្រព័ន្ធបច្ចេកវិទ្យា។
តាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក រុន រត្នវាសនា បានលើកឡើង នាកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការប្រមូលទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍តាមបច្ចេកវិទ្យា» កាលពីថ្ងៃទី២៤ ខែសីហា ថា ការគ្រប់គ្រងទិន្នន័យតាមព័ត៌មានវិទ្យា នឹងបង្រួញការងារពីធំមកតូច។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រូបនេះ គូសបញ្ជាក់បន្ថែមថា ការទុកទិន្នន័យតាមបច្ចេកវិទ្យាទំនើបនេះ ទោះបីជាស្នងការរាជធានី-ខេត្តមួយចំនួន ដែលត្រូវមានការផ្លាស់ប្តូរតួនាទី ក៏ទិន្នន័យនេះនៅតែរក្សាបានដដែលគ្មានភាពស្មុគស្មាញ ហើយការរកនូវទិន្នន័យណាមួយនោះ គឺមានភាពងាយស្រួលបំផុតមិនចាំបាច់រើតុទូ ដូចកាលគ្រាមុននោះឡើយ។
តាមរយៈការបណ្តុះបណ្តាលជំនាញស្តីពី «ការប្រមូលទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍តាមបច្ចេកវិទ្យា» សិក្ខាកាមមកពីបណ្តារាជធានី-ខេត្តទាំងអស់ ទទួលបានជំនាញក្នុងការស្រង់ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ តាមបច្ចេកវិទ្យាទំនើប ហើយលឿន អាចបញ្ជូនទិន្នន័យមកថ្នាក់លើទាន់ពេលវេលា៕
Tag:
រុន រត្នវាសនា
ទិន្នន័យ-បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com