រថយន្ត
អន្តរជាតិ
អ្នក​ប្រើ​កម្មវិធី BlaBlaCar ម្នាក់​នៅ​អ៊ីតាលី​ជាប់ទោស​ដោយសារ​ដឹក​ជ​ន​អន្តោប្រវេសន៍​ខុសច្បាប់​
03, Sep 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
BlaBlaCar ជា​កម្មវិធី​ទូរ​សព្ទ​ដៃ (Mobile Apps) ដ៏​ពេញនិយម​មួយ ជាពិសេស​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកបើកបរ​រថយន្ត និង​អ្នកធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ដែល​ចង់​ចែករំលែក​ការចំណាយ​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ បុរស​ដែលជា​អ្នកបើកបរ​ម្នាក់ ត្រូវបាន​ផ្តន្ទាទោស​៩​ឆ្នាំ ប៉ុន្តែ​ឲ្យ​នៅក្រៅ​ឃុំ និង​ប្រឈម​ការពិន័យ​ជា​ទឹកប្រាក់​២៤​អឺរ៉ូ បន្ទាប់ពី​គាត់​បាន​ដឹក​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពីរ​នាក់​ឆ្លងកាត់​ពី​បារាំង​ចូលដល់​ទឹកដី​អ៊ីតាលី​។​

 
​លោក Andrea ដែលមាន​សញ្ជាតិ​អ៊ីតាលី និង​បច្ចុប្បន្ន​រស់នៅ​ក្រុងប៉ារីស ប្រទេស​បារាំង បានសម្រេច​នាំ​មិត្តស្រី​ទៅ​លំហែរ​វិស្សមកាល​នៅ​ទីក្រុង​រ៉ូម​។ ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើដំណើរ​ពី​ប៉ារីស ទៅ​រ៉ូម ដោយ​រថយន្ត​ផ្ទាល់ខ្លួន លោក​បាន​ភ្ជាប់​កម្មវិធី BlaBlaCar ។​
 
​បុរស​ពីរ​នាក់​ដែល​ស្ថិត​ក្នុងទិសដៅ​ទៅកាន់​ប្រទេស​អ៊ីតាលី​ដែរនោះ ក៏បាន​ភ្ជាប់​កម្មវិធី BlaBlaCar ផងដែរ ហើយ​ក្រោយមក ពួកគេ​ត្រូវបាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​តាមរយៈ App ដ៏​ពេញនិយម​នៅ​បណ្តា​ប្រទេស​ជាង​២០​នេះ​។ 
 
​អ្វីៗ​ដំណើរ​បានល្អ ប៉ុន្តែ​ពេល​រថយន្ត​ចូល​ទៅដល់​ទឹកដី​អ៊ីតាលី ប៉ូលិស​ព្រំដែន បាន​សាកសួរ​ពី​លិខិតស្នាម​របស់​អ្នកដំណើរ​ទាំងអស់​។ ដោយ​មិនមាន​ការបញ្ជាក់​ពី​អត្តសញ្ញាណ អ្នករួមដំណើរ​ទាំងពី​រ​នាក់​របស់លោក Andrea ត្រូវបាន​សមត្ថកិច្ច​អ៊ីតាលី រកឃើញថា ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ព្យាយាម​ចូលទៅ​អ៊ីតាលី​។​
 
​អ្នក​ទាំងអស់គ្នា​ត្រូវបាន​ប៉ូលិស​អ៊ីតាលី​ចាប់ខ្លួន ដោយ​លោក Andrea ជាប់​សង្ស័យ​ពីបទ​សមគំនិត​ក្នុង​ការនាំ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូលទៅ​ទឹកដី​អ៊ីតាលី​។ តុលាការ​បានសម្រេច​កា​ត់​ទោស​លោក Andrea ឲ្យ​ជាប់គុក​៩​ខែ និង​ពិន័យ​ជា​ទឹកប្រាក់​២៤០០០​អឺរ៉ូ ប៉ុន្តែ​ជាការ​សម្រេច​ដោយ​ព្យួរទោស​។ រីឯ​រថយន្ត​ត្រូវបាន​រឹបអូស​យក​បណ្តោះអាសន្ន​។​
 
​បន្ទាប់មក នាង Charlene ដែលជា​មិត្តស្រី​របស់លោក Andrea បាន​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន BlaBlaCar ដើម្បី​ឲ្យ​ដឹងថា អត្តសញ្ញាណ​ជា​រឿង​សំខាន់​ដែរ​ឬ​យ៉ាងណា​សម្រាប់​អ្នក​ដែល​ភ្ជាប់​ប្រព័ន្ធ​។ BlaBlaCar បាន​ឆ្លើយតប​វិញ​ថា ការបញ្ជាក់​អត្តសញ្ញាណ​ក៏មាន​ផងដែរ​នៅពេល​ចុះឈ្មោះ ប៉ុន្តែ​វា​មិនមែនជា​រឿង​ដែល​តម្រូវ​ជា​ចាំបាច់​នោះឡើយ​។​
 
BlaBlaCar បាន​អះអាង​ប្រាប់ Franceinfo ថា នេះ​ជា​ករណី​លើកដំបូង​ដែល​ក្រុមហ៊ុន​ជួបប្រទះ​។ ក្រោយ​រឿងរ៉ាវ​ដែល​បាន​កើតឡើង ក្រុមហ៊ុន​រំលឹក​ដល់​អ្នកភ្ជាប់​បណ្តា​ញ​ទាំងអស់​ថា សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត ជាពិសេស​អ្នកបើកបរ​៕
 

Tag:
 BlaBlaCar
© រក្សាសិទ្ធិដោយ thmeythmey.com