ជាតិ
NGO Forum និងអ្នកកាសែតទៅទស្សនកិច្ចនៅថៃ ស្ដីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ
× ណាខនរាជសីមា៖ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានដឹកនាំក្រុមអ្នកកាសែត និងភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនទៅទស្សនកិច្ចនៅប្រទេសថៃ ស្ដីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងបរិបទនៃការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម (CSR) ការអភិវឌ្ឍប្រកបដោយចីរភាព (SDG) និង VGGT ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ ៨ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពិភាក្សាពីភាគីកម្ពុជា-ថៃ។ គណៈប្រតិភូពីប្រទេសកម្ពុជា មានចំនួន ៤៦រូប ដែលមកពីតំណាងរដ្ឋាភិបាល, ក្រសួងនានា, អង្គការក្រៅរដ្ឋាភិបាល,ក្រុមហ៊ុនឯកជន និងក្រុមអ្នកាសែត រួមទាំងភាគីពាក់ព័ន្ធ។ ដំណើរទស្សនកិច្ចនេះ នឹងចូលរួមពិភាក្សា លើប្រធានបទឹសំខាន់ៗ ទាក់ទងនឹងច្បាប់ និងគោលនយោបាយស្ដីពីសិទ្ធិកាន់កាប់ដីធ្លី, សិទ្ធិប្រើប្រាស់ដីធ្លី រួមទាំងយន្តការដោះស្រាយជម្លោះ។
ដំណើរទស្សនកិច្ចនេះ នឹងផ្ដល់នូវបទពិសោធន៍ និងរៀនសូត្រពីករណីជោគជ័យក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ព្រមទាំងវិធានការទប់ស្កាត់, ដោះស្រាយជម្លោះរវាងអ្នកពាក់ព័ន្ធ និងសហគមន៍ក្នុងខេត្តណាខនរាជសីមា។ បន្ថែមលើនេះ នឹងជួយពង្រឹងកិច្ចសហការរវាងអ្នកពាក់ព័ន្ធមកពីស្ថាប័នក្រសួងនានារបស់កម្ពុជា ក្នុងការបង្កើតយុទ្ធសាស្ត្របញ្ជ្រាបការយល់ដឹងដល់វិស័យឯកជន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងមានការចូលរួមពីតំណាងសមាជិកសភានៃខេត្តណាខនរាជសីមា (នគររាជសីមា)ប្រទេសថៃ៕
Tag:
NGO Forum
អ្នកកាសែត
ដីធ្លី
ធម្មជាតិ
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com