ជាតិ
សង្គមជាតិ
ពលរដ្ឋ​ស្លាប់​៣៣​នាក់ និង​របួស​៥៨​នាក់ ដោយសារ​ទឹកជំនន់ ជាង​១​ខែ​
04, Sep 2018 , 3:37 pm        
រូបភាព
ប្រភព៖ ហ្វេសប៊ុកក្រសួងធនធានទឹក
ប្រភព៖ ហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ស្លាប់​៣២​នាក់ និង​របួស​៥៨​នាក់ ដោយសារ​ទឹកជំនន់ ក្នុង​រយៈពេល​ជាង​១​ខែ​មកនេះ​។ នេះ​បើតាម​របាយការណ៍​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​។​



​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ លោក កែវ វី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រជាពលរដ្ឋ​ស្លាប់​ទាំងនោះ ភាគច្រើន​ដោយសារ​ផឹកស្រា​ស្រវឹង​លង់ទឹក និង​របួស​ដោយសារ​ស​ត្វ​អ​សិរ​ពិស​ចឹក​។ លោក កែវ វី បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្នក​ដែល​របួស​ភាគច្រើន​ដោយសារ​ពស់​ចឹក​។ ហើយ​អ្នកស្លាប់​គឺ​ក្នុងអំឡុង​ទឹក​កំពុងតែ​ឡើង មិនមែន​ដោយសារ​ការ​ទឹក​ហូរ​ខ្លាំង​ទេ​។ ចំណែក​អ្នក​មួយចំនួនទៀត​ស្លាប់​ដោយសារ​ផឹកស្រា​ស្រវឹង​លង់ទឹក​ស្លាប់​»​។​
 
​បើតាម​លោក កែវ វី ពលរដ្ឋ​រស់នៅ​ខេត្តកំពង់ចាម​រងរបួស ៥២​នាក់ និង​ស្លាប់​១៤​នាក់​, ពលរដ្ឋ​ខេត្តព្រៃវែង របួស​៦ និង​ស្លាប់​១០​នាក់ ,​ពលរដ្ឋ​ខេត្តស្ទឹងត្រែង​ស្លាប់ ៤​នាក់​, ពលរដ្ឋ​ខេត្តក្រចេះ​ស្លាប់ ៣​នាក់ និង​ត្បូង​ឃុំ​ស្លាប់ ២​នាក់​។ 
 
​គិត​ចាប់ពី​ដំណាច់ខែ​កក្កដា ដល់​ខែសីហា មាន​ខេត្ត​ចំនួន​៨  ក្នុងនោះ​៤៥​ក្រុង​-​ស្រុក និង​២៥០​ឃុំ​-​សង្កាត់ មាន​ប្រជាពលរដ្ឋ​សរុប ១១,៧៥៧​គ្រួសារ បាន​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកទន្លេ និង​ទឹកភ្លៀង​។ ក្នុងនោះ​ប្រជាពលរដ្ឋ ៩,០៩៦​គ្រួសារ បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ។ ចំណែក​ផ្ទះ​ដែល​ត្រូវ​រុះរើ​ដោយសារតែ​បាក់​ច្រាំងទន្លេ ១៦១​ខ្នង សាលារៀន​លិច​ទឹក ២៨៩​កន្លែង ,​វត្ត​អារាម​លិច​ទឹក ១២០​កន្លែង និង​មណ្ឌល​សុខភាព​លិច​ទឹក ២០​កន្លែង ហើយ​សត្វពាហនៈ ជម្លៀស​ទៅ​កន្លែង​ទួល ២២,៩៥៦​ក្បាល​។ សន្ទូង​ពង្រោះ​លិច​ទឹក​ចំនួន ៤៤៨៤៦​ហិកតា ក្នុង​ចំនួន​នេះ​ខូចខាត ២១៣៩១​ហិកតា ដំណាំ​រួមផ្សំ​លិច​ទឹក​ចំនួន ៦៤៥២​ហិ​កាត ក្នុង​ចំនួន​នេះ​ខូចខាត ២០៨១​ហិកតា​។ នេះ​បើតាម​របាយការណ៍​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​។ 
 
​លោក កែវ វី បានបញ្ជាក់​ដូច្នេះ​ថា ៖«​ឆ្នាំនេះ មានការ​ទទួលរង​គ្រោះ​ខ្លាំង​និង​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លងទៅ ពីព្រោះ​ជំនន់​ទឹកទន្លេ​មេគង្គ​បាន​ឡើង​តាំងពី​ខេត្តស្ទឹងត្រែង ដល់​ទន្លេ​បាក​សាក់​កោះ​ខែល​ខេត្តកណ្ដាល​ផងដែរ​។ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ដែល​រស់​នៅតាម​បណ្ដា​យ​ដង​ទន្លេ​។ ចំណែក​ដំណាំ​ចម្ការ​ក៏​ទទួលរង​នូវ​ការខូចខាត​ជាច្រើន​ដែរ​។ ម្យ៉ាងទៀត​ការ​លិច​ទឹក​ក៏មាន​រយៈពេល​វែង​ទៀត​»​។​
 
​កន្លងមក​រាជរដ្ឋាភិបាល​បាន​ចាត់​មន្ត្រី​ក្រសួង​ជំនាញ និង​ក្រសួង​ពាក់ព័ន្ធ​ចុះទៅពិនិត្យ​មើល​ពី​លទ្ធភាព​នៃ​ការស្ដារ​ឡើងវិញ​ឱ្យទាន់​ពេលវេលា​លើ​វិស័យ​កសិកម្ម​។ រាជរដ្ឋាភិបាល ត្រៀម​អង្ករ​១​ម៉ឺន​តោន ស្រូវពូជ​២​ពាន់​តោន គ្រាប់ពូជ​បន្លែ​៥០​តោន ។​នៅពេលដែល​ទឹក​ស្រក​ទៅវិញ​ក្រសួង​ជំនាញ នឹង​ចែក​គ្រាប់ពូជ​ទៅ​កសិករ ដើម្បី​ដាំ​ដុះ​ឡើងវិញ ។ នេះ​បើតាម​លោក កែវ វី ដែល​បាន​បន្តថា ក្រោយ​ផុត​ភ្ជុំបិណ្ឌ​ហើយ ទឹកនឹង​ស្រក​ទៅវិញ​លឿន​។ ប៉ុន្តែ​បើ​អាកាសធាតុ​មិនល្អ​នៅតែ​បន្ត​ភ្លៀង​ធ្លាក់​នោះ ទឹក​អាច​ស្រក​យូរ​ជាង​នេះ​។ 
 
​ក្រៅពី​គ្រោះទឹកជំនន់ ក៏​នៅមាន​គ្រោះរាំងស្ងួត​នា​រដូវ​ស្សា​កើតឡើង​ក្នុង​ខេត្ត​ចំនួន​៩ ដែលមាន​ផ្ទៃដី​សរុប ៦៨៦៣៧​ហិកតា ផងដែរ ដោយ​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ ស្វាយរៀង និង​បាត់ដំបង រងគ្រោះ​ខ្លាំងជាងគេ ។ នេះ​បើតាម​លោក កែវ វី​៕
 

Tag:
 កែវ វី​
 ​ពលរដ្ឋ​រងគ្រោះ​-​ជំនន់​ទឹកទន្លេ​-​ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com