ជាតិ
សិល្បះ
អត្ថបទពាណិជ្ជកម្ម
ចិន គ្រោង​បោះទុន​២​លាន​ដុល្លារ ផលិតភាព​យន្ត​ខ្នាត​ធំ​នៅ​កម្ពុជា​
04, Sep 2018 , 4:11 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ ផលិតករ​ចិន គ្រោង​ចំណាយ​ទុក​២​លាន​ដុល្លារ​អាមេរិក ផលិត​ខ្សែភាពយន្ត ខ្នាត​ធំ​នៅ​កម្ពុជា​។ ខ្សែភាពយន្ត​នេះ​មាន​ចំណងជើង​ថា «​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​»​។ ក្រោយ​ផលិត​រួចរាល់ ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ នឹងត្រូវ​យកទៅ​ចូលរួម​ប្រកួតប្រជែង ក្នុង​មហោស្រព​ភាពយន្ត​ពិភពលោក ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស សហរដ្ឋអាមេរិក នា​ខែមេសា ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​ប្រកាស​ចាប់ផ្តើម​ថត​ភាពយន្ត​នេះ ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​ព្រី​នស៍ ថា​ម ហូ​ថេ​ល នៅ​ខេត្ត​ព្រះសីហនុ នាពេល​ថ្មីៗ​នេះ លោក ជៀង យុន​មីន (Jiang Yunmin) អ្នកដឹកនាំ​រឿង នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្តេត​(​ខេ​ម​បូ​ឌា​) គ្រុប បាន​ថ្លែងថា  «​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​» នឹងត្រូវ​បាន​ថត នៅ​ទីតាំង​ផ្ទាល់​មួយចំនួន​ដូចជា នៅ​រាជធានី​ភ្នំពេញ ប្រាសាទអង្គរវត្ត  កោះរ៉ុង  និង​នៅ​ភ្នំ​បូកគោ​ជាដើម​។ ចំណែកឯ​ទេសភាព ក្នុងប្រទេស​ចិន ត្រូវបាន​ជ្រើសរើស​ថត​នៅក្នុង​ក្រុង Teng Chong សង្កាត់ Qiao Xiang ក្រុង Kun Ming ខេត្ត​អ៊ី​ន​ណាន​។ 
 



​បើតាម លោក ជៀង យុន​មីន «​ពន្លក​ស្នេហ៍​ដុះ​លើ​ទឹកដី​កម្ពុជា​» ជា​ភាពយន្ត​ដែល​ផ្តោតទៅលើ​ស្នេហា​យុវវ័យ​កម្ពុជា និង​ចិន ដែលជា​ស្នេហា​ស្មោះស្ម័គ្រ​ឆ្លង​ប្រទេស​។ លោក ជៀង យុន​មីន ដែល​បន្ត​បញ្ជាក់​ដូច្នេះ​៖«​ដើម្បី​ធានា​ដល់​គុណភាព​និពន្ធ​សាច់រឿង ខ្សែភាពយន្ត «​ពន្លក​ស្នេហ៍​ដុះ​លើដី​កម្ពុជា​» ត្រូវបាន​និពន្ធ​ដោយ​លោក Lin Jie អ្នកនិពន្ធ​លំដាប់​កំពូល​ថ្នាក់ជាតិ​នៃ​ប្រទេស​ចិន និង​អ្នកដឹកនាំ​ជនជាតិ​ចិន ដ៏​ល្បីល្បាញ​លោក Jiang Yun Min​។ ចំណែក​តួឯក​ប្រុស ជា​តារា​សម្តែង​ប្រចាំ​ប្រទេស​ចិន ដែល​ប្រកបដោយ​បទពិសោធន៍​យ៉ាងច្រើន គឺ​លោក Sun Xu Bo ចំពោះ​តួឯក​ស្រី​គឺជា​តារា​សម្តែង​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ប្រចាំ​ប្រទេស​កម្ពុជា គឺ​កញ្ញា ផាន់ ផាត់​ណា​»​។​
 
​ក្រៅពីនេះ តារា​សម្តែង​ប្រចាំ​ប្រទេស​ចិន គឺ​លោក Yang Jing Er និង​លោក Ma Hei A Yi ព្រមទាំង​តួ​សម្តែង​ជនជាតិ​បារាំង ជនជាតិ​ឆែក ក៏បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ​ផងដែរ​។​
 
​លោក គង់ ក​ន្ថា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់ទុក​ការថត​ខ្សែភាពយន្ត​នេះ គឺជា​ការជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​ចិន ឱ្យ​កាន់តែ​ស្អិតល្មួត​ថែមទៀត ពិសេស​លើ​វិស័យ​សិល្បៈ​វប្បធម៌​។ លោក​មានប្រសាសន៍ថា ការផលិត​ខ្សែភាពយន្ត​ចិន នៅ​កម្ពុជា​នាពេលនេះ ស្រប​ពេលដែល​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ចិន និង​កម្ពុជា បាន​ឈាន​ឡើងដល់​កម្រិត​កំពូល លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ​សិល្បៈ​វប្បធម៌​ផងដែរ​។ អនុរដ្ឋលេខាធិការ​ដ​ដែល ឲ្យ​ដឹងថា​ជាក់ស្តែង​ជា​រៀងរាល់ឆ្នាំ គណៈប្រតិភូ​ប្រទេស​ទាំងពីរ តែងតែបាន​ផ្លាស់ប្តូរ​ទស្សនកិច្ច និង​បានរៀបចំ​កម្មវិធី​សម្តែង​សិល្បៈ ក៏ដូចជា​ការ​បញ្ចាំង​ខ្សែភាពយន្ត នៅ​ប្រទេស​ទាំងពីរ​។ 
 



​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​សង្ឃឹមថា ការផលិត​ខ្សែភាពយន្ត​នេះ នឹង​រួមចំណែក​ដល់​ការផ្សព្វផ្សាយ​កម្ពុជា ទៅកាន់​ពិភពលោក និង​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​បន្ថែមទៀត​។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់​គោលនយោបាយ​ឱ្យ​កម្ពុជា ក្លាយជា​ដែនដី​ថត​ភាពយន្ត​បរទេស តាមរយៈ​ជំរុញ​ការថត​ភាពយន្ត​ក្នុងស្រុក និង​ទាក់ទាញ​ផលិតករ​បរទេស ឱ្យមក​ថត​ភាពយន្ត​នៅ​កម្ពុជា​៕
 






(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 ភាពយន្ត​
 ​កុន​
 ​ភ្នំពេញ​
 ​សៀមរាប​
 ​ព្រះសីហនុ​
 ​កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com