កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន លើកទឹកចិត្ត​ជ័យលាភី​មេដាយមាស និង​អត្ត​ព​លិ​ក​ទាំងអស់​បន្ត​ប្រឹងប្រែង​
04, Sep 2018 , 8:39 pm        
រូបភាព
សាលី អ៊ូម៉ើត និងខាន់ ចេសា នាជំនួបជាមួយសម្តេច ហ៊ុន សែន។ រូបថត NOCC
សាលី អ៊ូម៉ើត និងខាន់ ចេសា នាជំនួបជាមួយសម្តេច ហ៊ុន សែន។ រូបថត NOCC
ដោយ:
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​ជ័យលាភី គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​កីឡា Asian Games កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នា​វិមាន​សន្តិភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កោតសរសើរ សាលី អ៊ូ​ម៉ើ​ត និង​ខាន់ ចេ​សា ដែល​បាន​នាំ​កម្ពុជា​ទទួលបាន​កំណត់​ត្រា​ថ្មី​សម្រាប់​កម្ពុជា ហើយ​សម្តេច​ក៏បាន​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ផ្សេងទៀត បន្ត​ការ​ខំប្រឹងប្រែង​បន្ថែម​ផងដែរ​។

 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​វត្តមាន​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា ដែល​បាន​ធ្វើជា​តំណាង​ឲ្យ​កម្ពុជា​សម្រាប់​ការប្រកួត​កីឡា Asian Games លើក​ទី​១៨​នៅ​ឥណ្ឌូណេស៊ី ជា​ភ័ព្វសំណាង​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។ ការចាត់ទុក​បែបនេះរ​បស់​សម្តេច បន្ទាប់​កីឡាការិនី​វ័យ​១៦​ឆ្នាំ​រូបនេះ បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​លើ​ឆាក​អន្តរជាតិ​ឲ្យ​កម្ពុជា តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​នេះ លើ​កីឡា​ជឺ​ជិត​ស៊ូ​។ 
 
«​បើ​យោង​ទៅ​ប្រវត្តិ ខ្មែរ​មិន​ច្បាស់​ជា​ខ្មែរ អាមេរិក​ក៏​កាន់តែ​លេង​អាមេរិក​ទៅទៀត គឺជា​ម៉ិ​ក​ស៊ិ​ក​ទៅវិញ​។ ប៉ុន្តែ​បញ្ហា​រឿង​ជនជាតិ​អ្វី​មិន​សំខាន់​នោះទេ បើតាម​ច្បាប់​ឪពុក​ជនជាតិ​អ្វី​គេ​យក​ជនជាតិ​នឹង ក៏ប៉ុន្តែ​ទាំង​ឪពុក​និង​ម្តាយ​សុទ្ធតែ​បាន​ចូលសញ្ជាតិ​អាមេរិក​។ ប៉ុន្តែ​ចៅ​(​ចេ​សា​)​បាន​ស្ម័គ្រចិត្ត​មក​ប្រកួត​ឲ្យ​ជម្រើសជាតិ​កម្ពុជា ចាត់ទុកជា​ភ័ព្វសំណាង​របស់​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន​។​
 
​សម្តេច​បាន​បន្ថែមថា​៖«​តាមរយៈ​ចៅ​តា​សូម​ផ្តាំផ្ញើ​សួរសុខទុក្ខ​ចំពោះ​ឪពុកម្តាយ​ចៅ ដែល​បានផ្តល់​ការអនុញ្ញាត​ឲ្យ​កូន​មក​ទទួល​ធ្វើជា​កីឡាការិនី​ជម្រើសជាតិ​ប្រកួត​ឲ្យ​កម្ពុជា​»​។ ហើយ​សម្តេច​រំពឹងថា កីឡាការិនី​រូបនេះ​នឹង​បន្ត​ធ្វើជា​តំណាង​ឲ្យ​កម្ពុជា សម្រាប់​ការប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​លើក​ក្រោយៗ​ទៀត​។ 
 
​កីឡាការិនី ខាន់ ចេ​សា ជា​កូនច្បង​ក្នុង​គ្រួសារ​មាន​បងប្អូន​៤​នាក់​(​ស្រី​៣) ដែលមាន​ឪពុក​ឈ្មោះ ខាន់ ភី​ធ័​រ ជា​ជនជាតិខ្មែរ​ដែល​បាន​ទៅ​រស់នៅ​អាមេរិក​តាំងពី​តូច និង​ម្តាយ​ឈ្មោះ April Khan ជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​សញ្ជាតិ​អាមេរិក​។ បច្ចុប្បន្ន កីឡាការិនី និង​ក្រុមគ្រួសារ​រស់នៅ​ក្រុង Newport-Beach រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​។ ក្នុងចំណោម​សមាជិក​ទាំងអស់​របស់​កីឡាការិនី ខាន់ ចេ​សា សុទ្ធតែ​ចេះ​ក្បាច់​ជឺ​ជិត​ស៊ូ​។​
 
​បន្ថែម​ពីលើ​នេះ សម្តេច ហ៊ុន សែន បាន​អះអាងថា ម្ចាស់​មេដាយមាស​និង​សំរឹទ្ធ​លើ​កីឡា​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត មាន​ស្រុកកំណើត​មិន​ឆ្ងាយ​ពី​តំបន់ ដែល​សម្តេច​ធ្លាប់​រស់នៅ​នោះទេ​។ «​អ្នក​ក្បាល​បឹង​សេះ​ពី​ដើម​មិន​ឆ្ងាយ​ពី​តំបន់​ដែល​ខ្ញុំ​រស់នៅ​នោះទេ ហើយ​បើតាម​ប្រវត្តិ​របស់ អ៊ូ​មើ​ត នេះ​ជា​អ្នក​ធ្លាប់​រស់នៅ​ពពែ​ល ពពែ​ល​ក៏​នៅ​មិន​ឆ្ងាយ ហើយ​ជា​អ្នករៀន​នៅ​សាលា​ប៊ុនរ៉ានី ហ៊ុន សែន នៅ​មេមត់ ដូច្នេះ​គាត់​នៅ​មិន​ឆ្ងាយ​នោះទេ​»​។ នេះ​ជាការ​រៀបរាប់​ពី​ប្រវត្តិ​ទាក់ទង​នឹង​កីឡាករ សាលី អ៊ូ​មើ​ត របស់​សម្តេច ហ៊ុន សែន​។ 
 
​កីឡាករ សាលី អ៊ូ​មើ​ត ជា​ជន​ខ្មែរ​អ៊ិ​ស្លាម​មាន​ដើមកំណើត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ បច្ចុប្បន្ន​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​ស្រុក​អង្គ​ស្នូល​ខេត្តក្រចេះ​។ មេដាយមាស​របស់​កីឡាករ សាលី អ៊ូ​មើ​ត ដណ្តើមបាន​លើ​វិញ្ញាសា Ski Modified និង​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា Runabout 1100 Stock​។ 
 
​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​មេដាយមាស​និង​សំរឹទ្ធ​របស់​កីឡាករ សាលី អ៊ូ​មើ​ត និង​កីឡាការិនី ខាន់ ចេ​សា ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​៦៤​ឆ្នាំ​កន្លងមកនេះ បន្ទាប់ពី​កីឡាការិនី ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស​លើកដំបូង​នៅ​ឆ្នាំ​២០១៤ នៅ​ទីក្រុង​អ៊ី​ន​ឆន​ប្រទេស​កូរ៉េខាងត្បូង​។ សម្តេច​បន្ថែមថា មេដាយមាស​និង​សំរឹទ្ធ​របស់​ពួកគេ​ទាំងពីរ​មិន​ត្រឹមតែ​ជួយ​លើ​កិត្តិយស​ខ្លួនឯង​និង​គ្រួសារ​នោះទេ តែ​ជួយ​លើ​កិត្តិយស​ប្រទេសជាតិ​ថែមទៀត​ផង​។   
 
​ប្រតិភូ​កីឡា​កម្ពុជា​បាន​នាំយក​មេដាយមាស​កីឡាការិនី ខាន់ ចេ​សា និង​មេដាយមាស​និង​សំរឹទ្ធ​របស់​កីឡាករ សាលី អ៊ូ​មើ​ត លើ​កីឡា​ម៉ូតូ​ទឹក​មក​មាតុ​ភូ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​។ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ 
 
​លើសពីនេះ ម្ចាស់​ជ័យលាភី គ្រូបង្វឹក​និង​ថ្នាក់ដឹកនាំ ទទួល​បានការ​ដង្ហែ​ក្បួន​ដោយមាន​ម៉ូតូ​ស​៦​គ្រឿង​អមពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅកាន់​វិមាន​សន្តិភាព ដើម្បី​ជួប​សំណេះសំណាល​ជាស​ម្តេច ហ៊ុន សែន នៅ​ទីនោះ​ថែម​ទៀតផង​៕  
 

Tag:
 ជឺ​ជិត​ស៊ូ​
  សម្តេច ហ៊ុន សែន​
  Asian Games
  ខាន់ ចេ​សា
© រក្សាសិទ្ធិដោយ thmeythmey.com