ជាតិ
សង្គមជាតិ
កម្ពុជា​បណ្តេញ​ជនបរទេស​ខុសច្បាប់​ចេញ​ជាង​៦០០០​នាក់​នៅ​ឆ្នាំ​២០១៨​នេះ
04, Sep 2018 , 9:19 pm        
រូបភាព
ប្រភព៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ប្រភព៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ដោយ:
យ៉ាងហោចណាស់​ជនបរទេស​ជាង​៦០០០​នាក់​ដែលមាន​២៦​សញ្ជាតិ​ផ្សេងៗ​គ្នា ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​។ បើតាម​ការផ្សាយ​របស់ AKP ជនបរទេស​ទាំងនោះ​ភាគច្រើន កាន់កាប់​ឯកសារ​មិន​ត្រឹមត្រូវ និង​រស់នៅ​ដោយ​ខុសច្បាប់​។​

 
​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ឱ្យដឹងថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​កម្ពុជា បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ប្រមាណ​៨០​ភាគរ​សម្រាប់​ជនបរទេស​គ្រប់​ជាតិ​សាសន៍ ដែល​មក​រស់នៅ កម្ពុជា ដោយ​អ្នកខ្លះ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ហើយ​ខ្លះទៀត នៅរស់​លើស​កាលកំណត់ និង​មិន​ព្រម​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។​
 
«​ពួកគេ​មិន​ព្រម​អនុវត្ដ​តាមច្បាប់​អន្ដោប្រវេសន៍​របស់​កម្ពុ​ជា ដោយ​មិន​បង់ថ្លៃ​បណ្ណ​ការងារ មិន​ត្រឹមតែ​ប៉ុណ្ណោះ បាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​ផ្សេងៗ ដូច្នេះ ជនបរទេស​ទាំងអស់​នោះ​ត្រូវបញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ផល នា​ពិធី​ប្រកាស​មុខដំណែង បំពាក់​ឋានន្ដរស័ក្ដិ​នាយក​នគរបាល​ជាន់ខ្ពស់ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ កាល​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា​។​
 
​ទាក់ទង​នឹង​បញ្ហា លោក​បាន​លើកឡើងថា ក្រោយពី​អាជ្ញាធរ​កម្ពុជា​ដកហូត​ឯកសារ​រួច ជនបរទេស​អាច​សម្រេច​ចិ​ត្ដ​បាន​ពីរ​យ៉ាង ទីមួយ ពួក​អាច​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ និង​ទី​ពីរ ពួកគេ​អាចដាក់​ពាក្យស្នើសុំ​រស់នៅ​កម្ពុជា​ក្នុង​រយៈពេល​៧​ឆ្នាំ​ទើប​ទទួលបាន​សញ្ជាតិ​ខ្មែរ ហើយ​ចំពោះ​ក្មេង​រយៈពេល​បី​ឆ្នាំ​។ 
 
​ក្រៅពី​ការបណ្ដេញ​ជនបរទេស​ដែល​មក​រស់នៅ​កម្ពុជា ដោយ​ខុសច្បាប់​នោះ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ សហការ​ជាមួយ​ក្រសួង​ការងារ ត្រួតពិនិត្យ​ទៅលើ​បណ្ណ​ការងារ​របស់​ពលករ​បរទេស​ដែល​បានមក​ធ្វើ​ការងារ​នៅ​កម្ពុជា ដោយ​ជនបរទេស​ទាំងអស់​ត្រូវ​មាន​លិខិតឆ្លងដែន ទិដ្ឋាការ​ការងារ និង​បណ្ណ​ការងារ​ត្រឹមត្រូវ ដើម្បីឱ្យ​ស្របទៅនឹង​ច្បាប់​របស់​កម្ពុជា​។​
 
​គិត​ចាប់ពី​ឆ្នាំ​២០១៤ រហូតដល់ ខែសីហា ឆ្នាំ​២០១៨ ជនបរទេស ដែល​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​ប្រមាណ ១៥.០០០​នាក់ ដែលមាន ៩១ សញ្ជាតិ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ចំនួន ១១.១៩៥​នាក់​៕
 

Tag:
 សុខ ផល​
 ​ជនបរទេស​
  ​អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com