ជាតិ
តំណាង​រដ្ឋាភិបាល​៖ ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាប់ដៃ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល រក​ដំណោះស្រាយ​រួម​លើ​បញ្ហាដីធ្លី​
04, Sep 2018 , 11:00 pm        
រូបភាព
ណា​ខន​រាជ​សីមា​,​ថៃ​៖ អង្គការ​សង្គម​ស៊ីវិល​, វិស័យ​ឯកជន និង​ក្រសួង​ពាក់ព័ន្ធ បាន​ស្វែងយល់ និង​ចាប់អារម្មណ៍​លើ​អភិបាលកិច្ច​ដីធ្លី និង​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ស្រុក​វ៉ាង​ណា​ម​ខៀវ នៃ​ខេត្ត​ណា​ខន​រាជ​សីមា ដែលជា​តំបន់​មាន​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​។ ក្នុង​កិច្ចពិភាក្សា និង​ការធ្វើ​បទ​បង្ហាញ​របស់​ភាគី​ថៃ ដែល​តំណាង​ឲ្យ​រដ្ឋបាល​ព្រៃឈើ​, NGO និង​អភិបាលរង​ស្រុក​វ៉ាង​ណា​ម​ខៀវ បាន​ចំណាយពេល​ពេញ​មួយថ្ងៃ ក្នុងការ​ពន្យល់ និង​បកស្រាយ​ពី​បញ្ហា រួមទាំង​ការដោះស្រាយ​ជម្លោះដីធ្លី​នានា​ដល់​ភាគី​កម្ពុជា​។​



​លោក សុខ បូរ៉ា ប្រធាន​នាយកដ្ឋាន​សន្ធានកម្ម និង​យុត្តិធម៌​មូលដ្ឋាន នៃ​ក្រសួងយុត្តិធម៌ បាន​លើកឡើងថា ក្រសួង​ពាក់ព័ន្ធ គួរតែ​ចាប់ដៃគ្នា ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រក​ចំណុច​រួមមួយ​ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​។ 

ការលើកឡើង​ដូច្នេះ នៅក្នុង​កិច្ចពិភាក្សា​ពី​បញ្ហា និង​ការដោះស្រាយ​ជម្លោះដីធ្លី​, ធនធានធម្មជាតិ និង​ព្រៃឈើ​នៅក្នុង​ស្រុក​វ៉ាង​ណា​ម​ខៀវ ប្រទេស​ថៃ​។ កិច្ចពិភាក្សា​នេះ​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​ស្ដីពី​អភិបាលកិច្ច​ដីធ្លី និង​ធនធានធម្មជាតិ ក្នុង​បរិបទ​នៃ​ការទទួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​សាជីវកម្ម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​រៀបចំ​ដោយ NGO Forum​។ ភាគី​ថៃ បាន​ចំណាយពេល​ពេញ​១​ថ្ងៃ​ពេញ ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ចំនួន​២ គឺ​ច្បាប់ និង​គោលនយោបាយ​ស្ដីពី​សិទ្ធិ​កាន់កាប់​ដីធ្លី រួមទាំង​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​(​ព្រៃឈើ និង​ធនធានធម្មជាតិ​) និង​ការដោះស្រាយ​ជម្លោះ​។ 
 
​សម្រាប់ លោក សុខ បូរ៉ា  ការធ្វើ​បទ​បង្ហាញ​នេះ មាន​ចំណុច​ល្អ​ច្រើន ដែល​ធ្វើ​ឲ្យ​សហគមន៍​ចូលរួម​ដាំ​ដើមឈើ ហើយ​ចំណុច​នេះ គួរតែ​យកទៅអនុវត្ត​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​កា​រលើ​កឡើង​របស់​ភាគី​ថៃ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​លើ​បញ្ហាដីធ្លី និង​ព្រៃឈើ ផ្ដោតលើ​ការគ្រប់គ្រង និង​អភិរក្ស​លើ​តំបន់​ព្រៃ​សហគមន៍»​។​
 
​លោក សុម សុខ​ម្ភូ អគ្គនាយក​ក្រុមហ៊ុន​ធុរៈ​វឌ្ឍន៍ ដែល​តំណាង​ឲ្យ​វិស័យ​ឯកជន ក៏​យល់ស្រប​ដែរ​ថា សង្គម​ស៊ីវិល​មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី ក៏ដូចជា​ចូលរួម​អប់រំ និង​បង្រៀន​ពលរដ្ឋ​ឲ្យ​យល់​ពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ នៅក្នុង​កិច្ចពិភាក្សា​នេះ លោក សុម សុខ​ម្ភូ ក៏បាន​យល់ដឹង​បន្ថែមទៀត​ពី​របៀប និង​បច្ចេកទេស ក្នុង​ការចរចា​ជាមួយ​ដៃគូ និង​សេចក្ដីត្រូវការ​របស់រ​ដ្ឋ និង​ឯកជន​ផងដែរ​។​
 



​អ្នកស្រី ជា សុភាព ដែល​ធ្វើការ​ទាក់ទង​នឹង​សហគមន៍ និង​ជា​តំណាង​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល អះអាងថា ខ្លួន​នឹង​ព្យាយាម​សហការ​អាជ្ញាធរ​ដែនដី និង​ប្រជា​សហគមន៍​ឲ្យ​បាន​ស្វែងយល់​ពី​ចំណុច​នេះ ក្នុងការ​ការពារ​ព្រៃឈើ និង​បញ្ហាដីធ្លី​។ 
 



​សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល ៦​ថ្ងៃ ដែល​គណៈប្រតិភូ​មកពី​តំណាង​ក្រសួង​, អង្គការ​សង្គម​ស៊ីវិល​, វិស័យ​ឯកជន​, ប្រជា​សហគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដំណើរ​ទស្សនកិច្ច​នេះ នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​រង​ផលប៉ះពាល់​ផ្ទាល់ ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​បាន​យល់ដឹង​កាន់តែច្បាស់​ពី​ការការពារ​ធនធានធម្មជាតិ និង​ការដោះស្រាយ​បញ្ហាដីធ្លី​ឲ្យ​មាន​ប្រសិទ្ធភាព​៕
 

Tag:
 ជម្លោះដីធ្លី​
 ​ធនធានធម្មជាតិ​
 NGO
© រក្សាសិទ្ធិដោយ thmeythmey.com