ជាតិ
បាក់ឌុប
រដ្ឋមន្ត្រី​អប់រំ ៖ និទ្ទេស A ឆ្នាំនេះ នឹង​កើន​លើស​ឆ្នាំមុន​
05, Sep 2018 , 9:19 am        
រូបភាព
ភ្នំពេញ​៖ សមាជិក​អនុគណៈកម្មការ​គ្រប់គ្រង​សន្លឹក MCS និង​អនុគណៈកម្មការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ កំពុងមាន​ភាព​មមាញឹក​ក្នុងការ​បំពេញភារកិច្ច ស្រង់​-​បូក និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម្រាប់​ឆ្នាំ​២០១៨​នេះ​។ លទ្ធផល​ប្រឡង​អាច​នឹង​ប្រកាស​មុន​ការកំណត់ ពោលគឺ​នៅ​ថ្ងៃទី​៩ និង​១០ ខែកញ្ញា​វិញ បើសិន​ជាការ​បូកសរុប​ពិន្ទុ​នេះ លឿន​ជាង​ការគ្រោងទុក​។​នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​សូម​ស្ដាប់​សំឡេង​លោក ហង់ ជួន ណា​រ៉ុ​ន​៖

 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ ដែល​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ ការ​កំណែ​និង​ស្រង់​ពិន្ទុ​នេះ បាន​វាយតម្លៃ​វិជ្ជមាន​លើ​លទ្ធផល​ប្រឡង​។ ដ្បិត​មិនទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ក្តី ប៉ុន្តែ​លោក ហង់ ជួន ណា​រ៉ុ​ន ហ៊ាន​និយាយ​មុន​ថា សិស្ស​ជាប់​និទ្ទេស​A​ឆ្នាំនេះ នឹង​កើនឡើង​ច្រើនជាង​ឆ្នាំមុន​។ នោះ​ក៏​ព្រោះតែ​លោក ហង់ ជួន ណា​រ៉ុ​ន មើលឃើញថា ការ​រឹតបន្តឹង​ការប្រឡង​៥​ឆ្នាំនេះ បានធ្វើ​ឲ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប​ទាំងអស់ ប្រឹងប្រែង​សិក្សា​ខ្លាំង ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​។​
 
​ថ្លែងប្រាប់​អ្នកកាសែត ក្រោយ​ចូលរួម​ពិធី​អបអរ​និស្សិត ២១ នាក់ ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អង់គ្លេស កាលពី​ថ្ងៃទី​៤ កញ្ញា រដ្ឋមន្ត្រី​អប់រំ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា ដោយសារ​សិស្ស​យើង​ខំ​ប្រឹងរៀន​ជាង​៥​ឆ្នាំ​មកហើយ ដូច្នេះ​និទ្ទេស​A ប្រហែលជា​ច្រើនជាង​មុន កាល​មុន​យើង​មាន​៤២៤​នាក់​។ ប្រហែលជា​ច្រើនជាង​មុន ប៉ុន្តែ​ប៉ុន្មាន​ខ្ញុំ​មិនទាន់​ដឹង​ទេ ព្រោះ​អី​មិនទាន់​(​ស្រង់​ពិន្ទុ​)​ចប់​»​។​
 
​សម្រាប់​ពិន្ទុ​និទ្ទេស​A ត្រូវបាន​ក្រសួង​អប់រំ​កំណត់​៤២៧​ពិន្ទុ ដែល​ស្មើនឹង​៩០​ភាគរយ ,​និទ្ទេស​B ត្រូវបាន​កំណត់​៣៨០​ពិន្ទុ ដែល​ស្មើ​៨០​ភាគរយ ,​និទ្ទេស​C ត្រូវបាន​កំណត់​៣៣២​ពិន្ទុ ដែល​ស្មើ​៧០​ភាគរយ ,​និទ្ទេស​D ត្រូវបាន​កំណត់​២៨៥​ពិន្ទុ ដែល​ស្មើនឹង​៦០​ភាគរយ និង​និទ្ទេស​E ត្រូវបាន​កំណត់​២៣៧​ពិន្ទុ ដែល​ស្មើ​៥០​ភាគរយ នៃ​ពិន្ទុ​ប្រឡង​អតិបរមា​៥០០​ពិន្ទុ​។​
 
​តាមពិត​ពិន្ទុ​ប្រឡង​អតិបរមា​៥០០​ពិន្ទុ​នេះ តម្រូវ​ឲ្យ​អ្នក​ជាប់​និទ្ទេស​E មាន​២៥០​ពិន្ទុ ប៉ុន្តែ​ដោយសារ​មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥​ពិន្ទុ ទើប​សម្រេចយក​ត្រឹម ២៣៧​ពិន្ទុ ជាប់​សម្រាប់​និទ្ទេស​E​។ នេះ​បើតាម​ក្រសួង​អប់រំ​។​
 
​ដើមឡើយ​ក្រសួង​គ្រោង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែក​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​។ ប៉ុន្តែ​ការប្រកាស​នេះ អាច​លើក​មក​ថ្ងៃទី​៩ និង​១០ កញ្ញា​វិញ បើ​ការ​ស្រង់​-​បូក​ពិន្ទុ​លឿន​មុន​ការរំពឹងទុក​។​
 
​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧​កន្លងមក មាន​សិស្ស​ដែល​ប្រឡង​ជាប់​៦៣៦៦៨​នាក់ ត្រូវជា​៦៣,៨៤​ភាគរយ ក្នុងចំណោម​បេក្ខជន​វត្តមាន​ប្រឡង​៩៩,៧២៨​នាក់ ដោយ​ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៦៤​នាក់ និទ្ទេស C មាន​ចំនួន ៥០០០​នាក់ និទ្ទេស D មាន​ចំនួន ៩១២៣​នាក់ និង​និទ្ទេស E មាន​ចំនួន ៤៦ ៦៥៧​នាក់ ៕
 

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
 ​អប់រំ​
  បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com