ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះករុណា​៖ «ប្រជាជាតិកម្ពុជា​ត្រូវមានឯកភាព និងសាមគ្គីជាតិ​ខ្ពស់»
05, Sep 2018 , 9:00 am        
រូបភាព
ព្រះករុណា​ព្រះទានការ​ថតរូបអនុស្សាវរីយ៍​ បន្ទាប់ពី​សេចក្តីថ្លែងព្រះរាជសុន្ទរកថា​បើក​សម័យប្រជុំដំបូង​នៃ​រដ្ឋសភា​នីតិកាលទី​៦​នាព្រឹក​ថ្ងៃទី​៥​ខែ​កញ្ញា​២០១៨
ព្រះករុណា​ព្រះទានការ​ថតរូបអនុស្សាវរីយ៍​ បន្ទាប់ពី​សេចក្តីថ្លែងព្រះរាជសុន្ទរកថា​បើក​សម័យប្រជុំដំបូង​នៃ​រដ្ឋសភា​នីតិកាលទី​៦​នាព្រឹក​ថ្ងៃទី​៥​ខែ​កញ្ញា​២០១៨
កិច្ចប្រជុំ​រដ្ឋ​សភា​ដំបូង​នៃនីតិកាលទី​៦​បានប្រព្រឹត្តទៅ​តាម​ការ​គ្រោង​ទុក​នាព្រឹក​ថ្ងៃទី​៥​ខែ​កញ្ញា​នេះ ក្រោម​ព្រះរាជអធិបតី​នៃ​ព្រះករុណា​ ព្រះបាទ​ ព្រះ​បរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។



ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​បានផ្តើម​ថ្លែងព្រះរាជសុន្ទរកថា​ដោយ​អបអរ​សាទរ​សមាជិក សមាជិការ​នៃ​រដ្ឋសភា​នីតិកាលថ្មីដែលទទួលបានការ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត។ នៅចំពោះមុខ​សមាជិករដ្ឋសភា​ជាប់ឆ្នោត​ទាំង​១២៥​រូប និង​អ្នកសង្កេតការណ៍​អន្តរជាតិ អង្គព្រះមហាក្សត្រ​បាន​មានព្រះរាជបន្ទូល​ផ្តល់ដំបូន្មាន​ច្រើនឲ្យ​អ្នកតំណាងរាស្ត្រ​បម្រើប្រជាជន និងប្រទេស​ជាតិ​កម្ពុជា​ទាំងមូល និងធ្វើយ៉ាង​ណាឲ្យ​ប្រជាពលរដ្ឋ​បានរស់នៅ​ស្មើភាពគ្នា។

ព្រះអង្គបានមានព្រះរាជបន្ទូល​យ៉ាង​ដូច្នេះថា៖«ដើម្បីសម្រេច​ភារកិច្ច​ដ៏ឧត្តុង្គ​ឧត្តមនេះ ប្រជា​ជាតិ​កម្ពុជា​ត្រូវមានឯកភាព សាមគ្គីភាព​ជាតិ​ខ្ពស់ និងមានស្មារតី​បង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់​នូវ​ព្រហ្មវិហារធម៌ មេត្តា មុទិតា ឧបេក្ខា និងករុណា»។

ព្រះមហាក្សត្រ ព្រះអង្គក៏បានមានព្រះរាជបន្ទូល​ដល់រដ្ឋាភិបាល​អាណត្តិទី​៦​នេះ​ដែរ ដោយសង្ឃឹមថា រដ្ឋាភិបាល​នឹងបំពេញភារកិច្ច​តាម​គោលនយោបាយ ពង្រឹងសេដ្ឋកិច្ច លើកស្ទួយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ ព្រម​ទាំង​ប្រព័ន្ធ​ការពារសង្គមផង៕


© រក្សាសិទ្ធិដោយ thmeythmey.com