ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រជុំ​សភា​ដំបូង​៖ អវត្តមាន​ទូត​លោកខាងលិច​ជិត​១០​រូប លោក ឡេង ប៉េងឡុង សោកស្តាយ​ដែល​ពួកគាត់​វាយតម្លៃ​ខុស​
05, Sep 2018 , 11:22 am        
រូបភាព
ព្រះមហាក្សត្រយាងចូលរួមជាព្រះរាជាធិបតីនាថ្ងៃប្រជុំដំបូងនៃសភានីតិកាលទី​៦
ព្រះមហាក្សត្រយាងចូលរួមជាព្រះរាជាធិបតីនាថ្ងៃប្រជុំដំបូងនៃសភានីតិកាលទី​៦
​រដ្ឋសភា​នីតិកាល​ទី​៦ បានរៀបចំ​កិច្ចប្រជុំ​លើកដំបូង​ក្រោម​ព្រះរាជាធិបតី​នៃ​អង្គ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នា​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែកញ្ញា​នេះ​។ អង្គទូត​ជាង​៣០​រូប​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ដែល​ក្នុងនោះ​ប្រមាណ​ជិត​១០​រូប បាន​អវត្តមាន​។​

 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​សម្តែង​ការសោកស្តាយ​ដែល​បណ្តា​អង្គទូត​លោកខាងលិច​មួយចំនួន បាន​វាយតម្លៃ​ខុស​លើ​កម្ពុជា ជុំវិញ​ការបោះឆ្នោត​កន្លងមក ។ លទ្ធផល​នៃ​ការបោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ទាំង​១២៥​អាសនៈ​។​
 
«​បើតាម​ខ្ញុំ​យល់​លោក​ខាង​បាន​វាយតម្លៃ​មិនបាន​ត្រឹមត្រូវ​ទេ ចំពោះ​ស្ថានការណ៍​កម្ពុជា ហើយ​បើសិនជា​ចង់​ឲ្យ​កម្ពុជា​ធ្វើ​ដូច​លោកខាងលិច គឺថា​មិនអាច​ធ្វើបាន​ដូច​ភ្លាមៗ​បានទេ ពីព្រោះថា​កម្ពុជា​គ្មាន​ប្រពៃណី​ដូច​លោកខាងលិច​ទេ​។ ដូច្នេះ​យើង​ខំ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​បាន​ប៉ុណ្ណឹង [​លោកខាងលិច​] គួរតែ​អបអរ​។ ដូច្នេះ​យើង​មានការ​សោកស្ដាយ​ដែរ ចំពោះ​ការមិន​ចូលរួម​របស់​ទូត​ទាំងនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឡេង ប៉េងឡុង​។​
 
​អង្គទូត​ដែល​មិនបាន​ចូលរួម​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​សភា រួមមាន​ដូចជា​ទូត​អូស្ត្រាលី ស៊ុយអែត អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អង់គ្លេស ប៊ុលហ្គារី និង​ប្រតិភូ​អឺរ៉ុប​ប្រចាំ​កម្ពុជា​៕
 

Tag:
 រដ្ឋសភា​
  ទូត​
© រក្សាសិទ្ធិដោយ thmeythmey.com