កីឡាជាតិ
ជាតិ
គ្រូបង្វឹក​៖ គួច សុកុម្ភៈ ជា​កីឡាករ​មាន​វិន័យ​ល្អ សឹងតែ​អាចធ្វើ​គ្រូបង្វឹក​បាន​
05, Sep 2018 , 1:29 pm        
រូបភាព
គួច សុកុម្ភៈ នាជំនួបរវាងកម្ពុជាទល់នឹងហ្សូកដានី​នាពេលកន្លងមក
គួច សុកុម្ភៈ នាជំនួបរវាងកម្ពុជាទល់នឹងហ្សូកដានី​នាពេលកន្លងមក
ដោយ:
ខ្សែបម្រើ​ជើងចាស់​ណាហ្គា​វើ​ល គួច សុកុម្ភៈ ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ហ្វឹកហាត់​ក្នុង​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ ភាពចាស់ទុំ​ប្រកបដោយ​បទពិសោធ និង​មាន​វិន័យ​ល្អ របស់ សុកុម្ភៈ ត្រូវបាន​គេ​ចាត់ទុក​រូបគេ​ប្រៀបបាន​នឹង​គ្រូបង្វឹក​១​រូប​នៅលើ​ទីលាន​។​

 
​ក្រោយ​ទទួលបាន​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda សម្រាប់​ត្រៀម​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី ខ្សែបម្រើ គួច សុកុម្ភៈ ត្រូវបាន​គ្រូបង្វឹក​លោក មាស ចាន់ណា ប្រដូច​រូបគេ​ទៅនឹង​គ្រូបង្វឹក​មួយរូប ដែល​បញ្ជាការ​ប្រកួត​នៅលើ​ទីលាន​។ ការប្រដូច​បែបនេះ ដោយសារ​រូបគេ​ជា​កីឡាករ​ចាស់ទុំ ដែលមាន​បទពិសោធ​ច្រើន​នៅលើ​ទីលាន​ប្រកួត និង​មាន​វិន័យ​ល្អ​ក្នុងការ​ហ្វឹកហាត់​។ 
 
«​ខ្ញុំ​គិតថា គាត់​(​គួច សុកុម្ភៈ​)​ ជា​មនុស្ស​ចាស់ទុំ​មាន​បទពិសោធ ដែល​យើង​អាច​ទុក​ថា សឹងតែ​អាច​ធ្វើជា​គ្រូបង្វឹក​១​រូប​បាន​នៅលើ​ទីលាន​។ ខ្ញុំ​ជឿជាក់ថា គាត់​នឹងធ្វើ​បានល្អ​ជាមួយ​ក្រុម​ជម្រើសជាតិ​។ ព្រោះ​គាត់​ជា​មនុស្ស​មាន​វិន័យ​ផ្ទាល់ខ្លួន ចេះ​រៀបចំខ្លួន​ធ្វើ​យ៉ាង​ឲ្យ​មាន​សុខភាព​បានល្អ ដើម្បី​បន្ត​ការប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា គ្រូបង្វឹក​ណាហ្គា​វើ​ល​។ 
 



​គួច សុកុម្ភៈ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ បច្ចុប្បន្ន​មាន​អាយុ​៣១​ឆ្នាំ​។ មុន​មក​រួមរស់​ជាមួយ​ណាហ្គា​វើ​ល​នៅ​ឆ្នាំ​២០១៥​ដល់​បច្ចុប្បន្ន សុកុម្ភៈ ជា​យុវជន​របស់​ក្លិប​ក្រសួងការពារជាតិ​ពី​ឆ្នាំ​២០០៣-២០០៤​។ បន្ទាប់មក​រូបគេ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ខេមរា​កីឡា​ពី​ឆ្នាំ​២០០៥-២០១០ មុន​ផ្លាស់​ទៅ​ភ្នំពេញ​ក្រោ​ន​ពី​ឆ្នាំ​២០១០-២០១៥​។ 
 
​កីឡាករ​មកពី​ខេត្តកំពង់ធំ​រូបនេះ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០០៦​។ ក្នុងចំណោម​ការបង្ហាញ​ខ្លួន​៤៥​លើក​ក្នុង​ក្រុម​ជម្រើសជាតិ រូបគេ​រកបាន​៦​គ្រាប់​។ 
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda បានចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​លើកដំបូង​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨​។ ការហ្វឹកហាត់ ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​ទស្សនិកជន​ជាតិ​និង​អន្តរជាតិ​។ លើសពីនេះ មាន​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ បានមក​ថតរូប និង​វីដេអូ​នៃ​សកម្មភាព​ហ្វឹកហាត់​ថ្ងៃ​ដំបូង​នេះ​ទៀតផង​៕            









Tag:
 មាស ចាន់ណា​
  គួច សុគ​ម្ភៈ​
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com