អន្តរជាតិ
អ្នកបង្កើត​បណ្តាញ Haqqani ក្នុងប្រទេស​ប៉ា​គី​ស្ថាន​បាន​ស្លាប់​ហើយ​ក្រោយពី​មាន​ជំងឺ​យ៉ាងយូរ​
05, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​បុរស​ដែល​បាន​បង្កើត​បណ្តាញ Haqqani ដែលជា​សាខា​មួយ​គេ​ខ្លាច​បំផុត​និង​បានសម្លាប់​មនុស្ស​ច្រើន​បំផុត​នៃ​ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ស្លាប់​ហើយ​ក្រោយពី​មាន​ជំងឺ​ក្នុង​រយៈពេល​យូរ​។​

 
​នៅ​ថ្ងៃ​អង្គារ​នេះ អ្នកនាំពាក្យ​របស់​ពួក​តា​លី​បង់​ឈ្មោះ Zabihullah Mujahid បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់​អំពី​ការស្លាប់​របស់​ឈ្មោះ Jalaluddin Haqqani ហើយ​បាន​សម្តែង​ការគោរព​ដល់ «​ការតស៊ូ​របស់លោក​ក្នុង​សង្គ្រាម​សាសនា Jihad» និង​បាន​សម្តែង​មរណទុក្ខ​ដល់ «​គ្រួសារ​លោក​ដែល​ស្មោះស្ម័គ្រ​ក្នុង​សង្គ្រាម​សាសនា Jihad»​។​
 
​បណ្តាញ Haqqani បាន​ចូលរួម​ក្នុង​សង្គ្រាម​សាសនា Jihad របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឆាំងនឹង​សហភាពសូវៀត​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។​
 
​នៅពេល​នោះដែរ បណ្តាញ Haqqani ក៏​ជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស​.​រ​.​អា​. CIA ដែល​បាន​គាំទ្រ​ពួក​យុទ្ធជន​ប្រឆាំងនឹង​អតីត​សហភាពសូវៀត​។​
 
​នៅក្រោយ​ពួក​តា​លី​បង់​ឡើងកាន់​អំណាច​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បណ្តាញ Haqqani បាន​ចូលរួម​ជាមួយ​ពួកនេះ​ហើយ​បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ខាង​ព្រំដែន​និង​បានក្លាយ​ទៅជា​សមាជិក​ម្នា​ក់​នៃ​ក្រុមប្រឹក្សា​ដឹកនាំ​របស់​ពួកនេះ​ផងដែរ​។​
 
​នៅពេលដែល​ពួក​តា​លី​បង់​បាន​ត្រូវ​បណ្តេញ​ចេញពី​អំណាច​ដោយ​ការវាយប្រហារ​ដឹកនាំ​ដោ​យស​.​រ​.​អា​.​កាលពី​ឆ្នាំ​២០០១ គាត់​បាន​រត់គេចខ្លួន​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ជិតខាង​។​
 
​ក្រុម​របស់គាត់​គឺ​បណ្តាញ Haqqani បានធ្វើការ​វាយប្រហារ​ខ្លះ​មាន​ភាពសាំញ៉ាំ ចំៗ និង​នាំឱ្យមាន​មនុស្ស​ស្លាប់​ច្រើន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពួក​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បស្ចិមប្រទេស​មានជំនឿថា ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឡាន camion មួយគ្រឿង​នៅក្នុង​ក្រុង​កា​ប៊ុល​កាលពី​ឆ្នាំ​២០១៧ ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ជាង​១៥០​នាក់​ស្លាប់ និង​បានធ្វើឱ្យ​មានការ​ខូចខាត​ដល់​ស្ថានទូត​អាល្លឺម៉ង់​ជា​សកម្មភាព​វាយប្រហារ​របស់​បណ្តាញ​នេះ​។​
 
​នៅពេលនេះ​ក្រុម​នេះ​ត្រូវ​ដឹកនាំ​ដោយ​កូន​គាត់​ឈ្មោះ Sirajuddin Haqqani ដែលជា​បុរស​មាន​ឋានៈ​ទី​ពីរ​នៅក្នុង​ចំណោម​ពួក​អ្នកដឹកនាំ​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​បន្ទាប់ពី​មេដឹកនាំ​របស់​ពួកគេ​គឺ Mawlawi Hibatullah Akhundzada​។ គេ​មាន​ជំនឿ​ជាទូទៅ​ថា​គាត់​ជា​ជន​ដែល​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ខាង​យោធា​ប្រឆាំង​និង​កងកម្លាំង​របស់​អង្គការ​អូតង់ និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com