ជាតិ
សង្គមជាតិ
យុវជន​២១​នាក់ ទទួលបាន​អាហារូបករណ៍​Chevening ទៅ​សិក្សា​នៅ​អង់គ្លេស
05, Sep 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ និស្សិត និង​អ្នកធ្វើការ​តាម​ស្ថាប័ន​ចំនួន​២១ នាក់ បានទទួល​អាហារូបករណ៍​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ជាន់ខ្ពស់ នៅតាម​សាកលវិទ្យាល័យ​នានា ក្នុងប្រទេស​អង់គ្លេស លើ​មុខជំនាញ​ផ្សេងៗ​គ្នា ក្នុង​រយៈពេល​១​ឆ្នាំ ក្រោម​គម្រោង​កម្មវិធី​ផ្តល់​អាហារូបករណ៍ Chevening​។

 
​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​នេះ នឹង​បន្ត​សិក្សា​នៅតាម​មុខជំនាញ​ផ្សេងៗ​គ្នា ក្នុងនោះ​មានដូចជា បច្ចេកវិទ្យា​, ចិត្ត​វិទ្យា​, មុខជំនាញ​STEM, ការគ្រប់គ្រង​ថាមពល​, ភាពជា​អ្នកដឹកនាំ​, សេដ្ឋកិច្ច អភិវឌ្ឃន៍ និង​គោលនយោបាយ​ជាដើម​។ 
 
​ថ្លែង​ក្នុង​កម្មវិធី​សាទរ​ជូន​ដំណើរ​ដល់​និស្សិត​ទាំង​២១ រូប អ្នកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា និស្សិត​២១​នាក់ ដែល​នឹង​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​នេះ ពិតជា​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ដ៏​រឹងមាំ សម្រាប់​អភិវឌ្ឍន៍​ខ្លួនឯង និង​ត្រឡប់មក​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​មាន​ភាពប្រសើរឡើង​។ នៅ​ចំពោះមុខ​និស្សិត​ចំនួន​២១​នាក់ អ្នកស្រី Tina Redshaw បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ប្រកបដោយ​ធនធានមនុស្ស​ល្អ​នោះ យើង​នឹង​ផ្តល់ឱកាស​ដល់​និស្សិត​កម្ពុជា​មានឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​បន្ថែមទៀត លើ​មុខជំនាញ​ដែល​បំពេញតម្រូវការ​អភិ​វ​ឌ្ឃ​ប្រទេស​កម្ពុជា​»​។​
 
​ជាមួយគ្នានេះ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​និយាយ​ទៅកាន់​និស្សិត​ទាំង​២១​នាក់ ឲ្យ​ខិតខំ​រៀនសូត្រ ក្រេប​យកចំណេះ​វិជ្ជា ចែករំលែក​វប្ប​ធ​ម៍ និង​ស្វែងយល់​ពី​វប្បធម៌​របស់​ជាតិ​ដទៃ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ លោក​និយាយថា​៖ «​និស្សិត​ទាំងអស់នោះ ត្រូវតែ​ខិតខំ​រៀនសូត្រ ពីព្រោះ​នេះ​ជា​ឱកាសល្អ​សម្រាប់​ឲ្យ​និស្សិត​អាច​សិក្សា​លើ​ជំនាញ​ដែល​ខ្លួន​ពេញចិត្ត ដើម្បី​យកមក​កសាង​ប្រទេសជាតិ​វិញ​»​។​
 
​កញ្ញា ខេង ម៉ា​លីកា ជា​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​លើ​ជំនាញ ការគ្រប់គ្រង​ថាមពល មាន​ភាពសប្បាយ​រីករាយ​ដែល​អាច​បន្ត​សិក្សា​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​។ កញ្ញា ម៉ា​លីកា និយាយថា​៖ «​ដោយសារ​សកលវិទ្យា​ល័យ Robert Gordon មាន​បង្រៀន​មុខជំនាញ​ដែល ខ្ញុំ​ពេញចិត្ត​នឹងសិក្សា ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​ត្រឡប់មកវិញ អាច​ចូល​បម្រើ​ការងារ​នៅ​អគ្គិសនី​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំ​ចាច់ និង​ផ្តល់​ឲ្យ​ខ្ញុំ​មាន​ភាពប្រសើរឡើង​ជាង​មុន​នោះ ទើប​ខ្ញុំ​សម្រេចចិត្ត ដាក់ពាក្យ​ទៅ​សិក្សា​នៅ​ទីនោះ​តែម្តង​»​។ 
 
​ចំណែក​លោក សួស អ៊ឹម​ស៊ូ​ជីវី ដែល​បាន​ជាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​សេដ្ឋកិច្ច​អភិវឌ្ឃន៍ និង​គោលនយោបាយ នៅ​សកល​វិទ្យាល័យ Manchester នៃ​ចក្រភព​អង់គ្លេស បាន​និយាយថា ការទទួលបាន​អាហារូបករណ៍​នេះ គឺជា​ឱកាសល្អ​មួយ​សម្រាប់​លោក ក្នុងការ​សិក្សា​ជំនាញ​បន្ថែម​លើ​ការងារ ដែល​ខ្លួន​កំពុង​អនុវត្ត​រាល់ថ្ងៃនេះ​។ ជា​អនុប្រធាន​ការិយាល័យ​អាស៊ាន នៃ​ក្រសួងពាណិជ្ជកម្ម​លោក សួស អ៊ឹម​ស៊ូ​ជីវី និយាយថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​មុខជំនាញ​នេះ   ដោយសារតែ​វា​ជា​មុខវិជ្ជា​ដែលមាន​ការអនុវត្ត​ច្រើន​ដែល​អាច​ឲ្យ​ខ្ញុំ​ទទួលបាន​បទពិសោធន៍ ក្នុងការ​រស់នៅ និង​បរិយាកាស​នៅ​ទីនោះ​ផងដែរ ដើម្បី​ជួយ​បម្រើ​ជាតិ​យើង​»​។ 
 
​អាហារូបករណ៍ Chevening គឺជា​កម្មវិធី​អាហារូបករណ៍​របស់​ច​ក្រ​ភព​អង់គ្លេស​ដែល​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៣ ហើយ​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​ការិយាល័យ​ភាសាបរទេស និង​សហព័ន្ធ (FCO) និង​អង្គការ​ដៃគូ​នានា​។ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​បើក​អាហារូបករណ៍​នេះ នៅ​ឆ្នាំ​១៩៩៣ សម្រាប់​ផ្តល់​ឲ្យ​និស្សិត​ជាច្រើន មានឱកាស​ទៅ​សិក្សា​នៅ​អង់គ្លេស ដើម្បី​ក្លាយជា​អ្នកដឹកនាំ ក្នុងការ​អភិវឌ្ឍ​ប្រទេស​នា​ថ្ងៃ​អនាគត​។ មកដល់ពេលនេះ អាហារូបករណ៍ Chevening បានផ្ដល់​ឲ្យ​និស្សិត​កម្ពុជា​១៥០​នាក់​ហើយ ៕
 

Tag:
 និស្សិត​
 ​កម្ពុជា​
  UK
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com