កីឡាជាតិ
ជាតិ
Honda៖ «​ខ្ញុំ​ចង់​ផ្លាស់ប្តូរ​កីឡាបាល់ទាត់​កម្ពុជា ប៉ុន្តែ​មិន​ងាយស្រួល​ទេ​»
05, Sep 2018 , 9:39 pm        
រូបភាព
Honda កំពុងឆ្លើយសំណួរអ្នកកាសែតខ្មែរក្រោយបញ្ចប់ការហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជានាកីឡដ្ឋានជាតិ
Honda កំពុងឆ្លើយសំណួរអ្នកកាសែតខ្មែរក្រោយបញ្ចប់ការហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជានាកីឡដ្ឋានជាតិ
​លោក Keisuke Honda បាន​ដឹកនាំ​ការហ្វឹកហាត់​លើកដំបូង ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី នៅ​ថ្ងៃទី​៤ ខែកញ្ញា នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ក្រោយ​បញ្ចប់​ការហ្វឹកហាត់ និង​បាន​មើល​ជើង​កីឡាករ​មួយចំនួន សមាជិក​ក្រុម Melbourne នៃ​លី​គ​កំពូល​អូស្ត្រាលី ថា​ខ្លួន​នឹង​ផ្លាស់ប្តូរ​កីឡាបាល់ទាត់​កម្ពុជា​នៅពេលនេះ ទោះ​វា​ពិបាក​ក៏ដោយ​។​

 
​សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន​វ័យ​៣២​ឆ្នាំ បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប Melbourne Victory នៃ​ក្របខណ្ឌ A-League ផង​នោះ បានធ្វើ​ដំណើរ​មកកាន់​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ដើម្បី​កោះហៅ​កីឡាករ​២៣​រូប របស់​ក្រុម​រហស្សនាម​គោព្រៃ​កម្ពុជា ហ្វឹកហាត់​ត្រៀម​ទទួលភ្ញៀវ​ម៉ាឡេស៊ី សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​នា​ថ្ងៃទី​១០ ខែកញ្ញា ខាងមុខ​។​



​បន្ទាប់ពី​ការហ្វឹកហាត់​លើកដំបូង​របស់ខ្លួន ជាមួយ​ក្រុម​ជម្រើសជាតិ Honda បានបញ្ជាក់​ពី​ផែនការ​របស់គេ​ក្នុងការ​«​ជួសជុល និង​កែលម្អ​ក្រុម​»​សម្រាប់​ការប្រកួត​លើ​ទីលាន​។​
 
«​ខ្ញុំ​ចង់​រួមចំណែក​រាល់​បទពិសោធ​ន៍​ទាំងអស់​របស់ខ្ញុំ ជូន​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ បេសកកម្ម​របស់ខ្ញុំ គឺ​ចង់​ផ្លាស់ប្តូរ​កីឡាបាល់ទាត់​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ... ប៉ុន្តែ​ជាការ​ពិត​វា​មិន​ងាយស្រួល​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់​អតីត​ខ្សែប្រយុទ្ធ AC Milan នៅ​ចំពោះមុខ​អ្នកកាសែត​ខ្មែរ​ជាច្រើន​នាក់ នៅក្រោយ​បញ្ចប់​ការហ្វឹកហាត់​នៅ​កីឡដ្ឋាន​ជាតិ​។​


 
​លោក Honda ដែលជា​អ្នកចាត់ការ​ទូទៅ​ស្ម័គ្រចិត្ត ដោយ​មិន​គិត​ប្រាក់​ឈ្នួល​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា មិនមាន​សុទិដ្ឋិនិយម​អំពី​ឱកាស​របស់​ក្រុម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ខ្លួន​សម្រាប់​ការប្រកួត​ទល់នឹង​ក្រុម​ម៉ាឡេស៊ី នៅ​សប្តាហ៍​ក្រោយ​ឡើយ​។​
 
«​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង​មួយ ខណៈ​ម៉ាឡេស៊ី​ជា​ក្រុម​ខ្លាំង និង​ល្អ​ណាស់​»​។ Honda និយាយ​បែបនេះ​៕
 

Tag:
 បាល់ទាត់​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com