សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មហា​ធៀ ព្យាករ​ថា លុយ​យ៉​ន់​ចិន នឹង​ផ្ដួល​លុយ​ដុល្លារ​អាមេរិក​ក្លាយជា​រូបិយវត្ថុ​សកល​
06, Sep 2018 , 8:39 am        
រូបភាព
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយ​នៅ​ថ្ងៃទី​០៣ កញ្ញា​ថា លោក​នឹងមិន​ភ្ញាក់ផ្អើល​នោះទេ ប្រសិនបើ​លុយ​យ៉​ន់​ចិន ផ្ដួល​លុយ​ដុល្លារ​អាមេរិក ក្លាយជា​រូបិយវត្ថុ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​សកល​នោះ​។

 
​ថ្លែង​នៅឯ​សកល​វិទ្យាល័យ​ព្រុយ​ណេ លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​លើកឡើងថា ប្រជាជន​ចិន​ប្រមាណ ១,៤​ពាន់​លាន​នាក់ ដែល​ធ្វើការ​សកម្ម រហ័សរហួន និង​មានទ្រព្យ​ច្រើន ទំនងជា​សម្រេច​ថា អ្នក​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ ត្រូវតែ​ប្រើប្រាស់​រូបិយវត្ថុ​ចិន​មិនមែន​រូបិយវត្ថុ​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Malay Mail​។​
 
​លោក មហា​ធៀ ថ្លែង​បែបនេះ​៖ «​ស្រមៃ​ថា ប្រជាជន​ចិន​ប្រមាណ​ជាង ១,៤​ពាន់​លាន​នាក់ ដែល​ធ្វើការ​យ៉ាងសកម្ម ហើយ​ក្លាយជា​អ្នកមាន​ទ្រព្យ​ច្រើន​... ហេតុអ្វី​ពួកគេ​ត្រូវ​ប្រើប្រាស់​លុយ​ដុល្លារ​អាមេរិក​? ដូច្នេះហើយ​នៅ​ថ្ងៃ​ណាមួយ ពួកគេ​ប្រហែលជា​នឹង​សម្រេច​ថា ប្រសិនបើ​អ្នក​ចង់​ទិញ [​របស់​របប​ចិន​] អ្នក​ត្រូវ​ប្រើប្រាស់​លុយ​យ៉​ន់​របស់​ចិន​ដែរ​។ ខ្ញុំ​មិន​ច្បាស់​ថា យើង​អាច​ប្រកែក​ដល់ពេល​ណា​ឡើយ ប៉ុន្តែ​ពេលវេលា​នោះ​នឹង​មកដល់​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​»​។  
 
​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ដែលមាន​វ័យ​ចំណាស់​ជាងគេ​រូបនេះ ក៏បាន​បញ្ជាក់ទៀតថា បើ​លុយ​ដុល្លារ​អាមេរិក លែង​ត្រូវបាន​គេ​ប្រើប្រាស់​ជា​រូបិយវត្ថុ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​សកល​ទៀត​នោះ សេដ្ឋកិច្ច​អាមេរិក នឹងត្រូវ​ធ្លាក់ចុះ​ភ្លាមៗ​។ នេះ​គឺ​ដោយសារតែ អាមេរិក​មាន​លុយ​ប្រមាណ ១៤ ទ្រី​លាន​ដុល្លារ ដែល​ពួកគេ​មិនអាច​ប្រើប្រាស់​បាន​៕
 

Tag:
 ដុល្លារ​
  យ៉​ន់​
  មហា​ធៀ មហាម៉ាត់​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com