ជាតិ
មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង ដកហូត​ចា​ហ៊ួ​យ​មាន​ជាតិ​ប្លា​ស្ទិ​កជាង ៣៧​គីឡូ នាំចូល​ពី​វៀតណាម
05, Sep 2018 , 10:19 pm        
រូបភាព
ប្រភពៈហ្វេសប៊ុក Phoeng Nil
ប្រភពៈហ្វេសប៊ុក Phoeng Nil
ដោយ:
​ខេត្តស្វាយរៀង​៖ មន្ត្រី​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព នៅ​ផ្សារ​លក់ទំនិញ និង​បន្លែ ២​កន្លែង ដែលមាន​ទីតាំងនៅ​ក្រុង​បាវិត ដោយបាន​រកឃើញ​ចា​ហ៊ួ​យ​ដាក់​ជាតិ​ប្លា​ស្ទិ​ក​ចំនួន ១៥​ក្រឡ ស្មើ​និង ៣៧.៥​គីឡូ ព្រមទាំង​ទំនិញ​ខូចគុណភាព​ជាច្រើន​មុខ​ទៀត​។ នេះ​បើតាម​សារព័ត៌មាន Fresh News​។​


 
​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​និយាយថា មន្ត្រី​ជំនាញ​បាន​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ​ក្នុង​ទីតាំង​ផ្សារ​ទាំងពីរ​ខាងលើ ដោយ​រកឃើញ​ចា​ហ៊ួ​យ​ចំនួន ៣៧.៥​គីឡូ នាំចូល​ពី​ប្រទេស​វៀតណាម​។ លោក ថា ចា​ហ៊ួ​យ​នេះ​វា​មាន​ជាតិ​រឹង​ស្វិត ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​យ៉ាងធ្ងន់ធ្ងរ នៅពេលដែល​បរិភោគ​វា ។​ជាពិសេស​នោះ​ក្មេង​តូចៗ ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​ពួកគេ​។​
 
​ក្រៅពី​ចា​ហ៊ួ​យ មន្ត្រី​ជំនាញ​រកឃើញ​ស្លា​ដក ៣១​កញ្ចប់ ទឹកដោះគោ ថ្នាំ​ដុះ​ធ្នេ​ញ និង​សាប៊ូ​ខូចគុណភាព ហួស​កាលបរិច្ឆេត​មួយចំនួនទៀត​ផងដែរ​។ ក្រោយពី​ណែនាំ​រួច អ្នកលក់​ទាំងនោះ​ក៏បាន​បញ្ឈប់ ដាក់លក់​ទំនិញ​ដែល​ខូចគុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់​ដែរ​។​
 
«​ទំនិញ​ដែល​រកឃើញ​ខូចគុណភាព និង​ទំនិញ​ដែល​ធ្វើ​ឲ្យ​ខូចសុខភាព នឹងត្រូវ​យកទៅ​ដុត​កម្ទេចចោល​។ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​នៅតែ​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅតាម​ផ្សារ​នានា នៅក្នុង​ខេត្តស្វាយរៀង ឲ្យ​បាន​ញឹកញាប់​បន្ថែមទៀត ជាពិសេស​ជិត​រដូវ​បុណ្យ​ភ្ជុំ​បិ​ណ្យ​ខាងមុខនេះ​»​។ នេះ​ជាការ​បញ្ជាក់ របស់ លោក ផឹង និល ដែល​អំពាវ​ដល់​ប្រជាពលរដ្ឋ រស់នៅ​ខេត្តស្វាយរៀង ប្រុងប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ​។ ជាពិសេស​ពិនិត្យមើល​ស្លាក​សញ្ញា កាលបរិច្ឆេទ​ឲ្យ​បានច្បាស់លាស់ មុន​ទិញ​យកទៅ​បរិភោគ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​៕ 

Tag:
 ផឹង និល​
 ​ចា​ហ៊ួ​យ​ប្លា​ស្ទិ​ក​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com