កីឡាជាតិ
ជាតិ
សូហ្វតិន្នីស គ្រោងទៅហ្វឹកហាត់​នៅជប៉ុន ត្រៀម​ស៊ីហ្គេមនៅហ្វីលីពីន​
06, Sep 2018 , 11:21 am        
រូបភាព
លោក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកញ្ញា
លោក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកញ្ញា
ដោយ:

​ទោះបី​ទទួលលទ្ធផល​មិនសូវ​ល្អ ពី​ការប្រកួត​កីឡា Asian Games លើក​ទី​១៨ នៅ​ឥណ្ឌូណេស៊ី ប៉ុន្តែ​កីឡា​សូ​ហ្វ​តិ​ន្នី​ស និង​កីឡា​២​ប្រភេទ​ទៀត ទទួលបាន​ការវាយតម្លៃ​ពី​ថ្នាក់ដឹកនាំ​ថា ជា​កីឡា​មាន​កម្រិត​ប្រកួតប្រជែង​ខ្ពស់ ប្រចាំ​ព្រឹត្តិការណ៍​នេះ​។ ថ្នាក់ដឹកនាំ​កីឡា​សូ​ហ្វ​តិ​ន្នី​ស គ្រោង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ប្រទេស​ជប៉ុន​នៅ​ដើមឆ្នាំ​២០១៩ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍ ASEAN Games លើក​ទី​៣០ នៅ​ហ្វីលីពីន​។


   

ក្រៅពី​កីឡា​ជឺ​ជិត​ស៊ូ​(Ju-Juitsu) និង​ម៉ូតូ​ទឹក​(Jet Ski) ដែល​ដណ្តើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​១ ពី​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កីឡា​សូ​ហ្វ​តិ​ន្នី​ស តេ​ក្វាន់​ដូ និង​គុន​ដាវ ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ថា​ជា​កីឡា​មានការ​ប្រកួតប្រជែង​ខ្ពស់​។ ជាមួយគ្នានេះ កីឡាហែលទឹក អត្តពលកម្ម កា​រ៉ា​តេ ទូក​កា​នូ ទូកក្តោង ចំបាប់ កាយសម្ព័ន្ធ និង​យូ​ដូ ត្រូវបាន​ចាត់ថ្នាក់ ជា​កីឡា​មាន​កម្រិត​បច្ចេកទេស​នៅ​ទាប​។ 

​ក្រោយ​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ​ពី​ការចូលរួម​លើកដំបូង ក្នុង​ព្រឹត្តិការណ៍ Asian Games កីឡា​សូ​ហ្វ​តិ​ន្នី​ស បានដាក់​ទិសដៅ​ថ្មី ដោយ​ផ្តោតលើ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា លោក ជា ប៊ុនហេង បាន​បញ្ជាក់ថា លោក​នឹង​បញ្ជូន​កីឡាករ ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ប្រទេស​ជប៉ុន ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​។   ការលើកឡើង​ដូច្នេះ​ធ្វើឡើង ក្នុង សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី​៥ ខែកញ្ញា​។​


«​ការមិនអាច​ដណ្តើមបាន​មេដាយ​នៅ​កីឡាករ​អាស៊ី អាចមកពី​យើង​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​បាន​ខ្លី​ពេក ព្រោះ​យើង​ទៅ​ហាត់​នៅ​ជប៉ុន បាន​ត្រឹម​៧​សប្តាហ៍​ទេ ប៉ុន្តែ​សម្រាប់​ឆ្នាំក្រោយ ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច ឲ្យ​បាន​ហាត់​តាំងពី​ដើមឆ្នាំ​តែម្តង ព្រោះ​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន​មាន​ប្រភេទ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ដែរ​»​។ លោក ជា ប៊ុនហេង បញ្ជាក់​ដូច្នេះ ហើយ​បាន​បន្ថែមថា លោក​ប្តេជ្ញា​ដណ្តើម​មេដាយ​ស៊ី​ហ្គេម នៅ​ហ្វីលីពីន​ឲ្យ​បាន តាមរយៈ​ការបញ្ជូន​កីឡា​ករពី​៦ ទៅ​១០​នាក់ ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន រយៈពេល​វែង គឺ​ពី​ដើមឆ្នាំ​២០១៩ រហូតដល់​ស៊ី​ហ្គេម​តែម្តង​។​

នៅក្នុង​សន្និសីទកាសែត​ដដែល លោក ជា ប៊ុនហេង ក៏បាន​ច្រានចោល​ព័ត៌មាន​មិនល្អ​មួយចំនួន ពាក់ព័ន្ធ​នឹង​លទ្ធផល​កីឡា​សូ​ហ្វ​តិ​ន្នី​ស នា​ការប្រកួត​ព្រឹត្តិការណ៍ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ លោក ជា ប៊ុនហេង ចាត់ទុក​ការផ្សាយ​បែប​រិះគន់​នេះ​ថា ជាការ​បំផ្លើសការពិត​ដែល​នាំ​កីឡាករ​កីឡាការិនី​បាក់​ស្មារតី ក្នុង​ការបន្ត​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​៕



Tag:
 Asian Games
  ជា ប៊ុនហេង
  សូហ្វតិន្នីស
  តេក្វាន់ដូ
  គុនដាវ
© រក្សាសិទ្ធិដោយ thmeythmey.com