ភ្នំពេញ៖ ប្រតិភូ៣០នាក់ មកពីគណបក្សនយោបាយ១៥ ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី តែងតាំង និងផ្តល់ឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៦ កញ្ញា។
ប្រធានប្រតិភូពីគណបក្សនយោបាយ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីនោះ រួមមានលោក ឯក សំអុល, លោក ញឹក ប៊ុនឆៃ ,លោក នួន សុខាវី ,លោក សេង សុខេង ,លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ,លោក ម៉ម សូណង់ដូ ,លោក ស៊ិន សុភាព ,លោក ហួន រាជចំរើន ,លោក ពេជ្រ ស្រស់ ,លោក គង់ មុនីកា, លោក ស្រូយ ខេត ,លោក កែម រិទ្ធិសិត ,ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ ,លោកស្រី សុខរ័ត្ន សុវណ្ណ បញ្ចៈសីលា និង លោកស្រី ពោធិតី សាវត្ថី។
ចំណែកឋានៈស្មើរដ្ឋមន្ត្រីមាន១៥រូបរួមមាន លោក អ៊ក គឹមហាន ,លោក អ៊ុំ សុមន្ថា ,លោក អាន់ អ៊ាត ,លោក គង្គ សាវ៉ន ,លោក សុខ លីម ,លោក ចន្ទ ភាព ,លោក ហែម ប្រសើរ ,លោក ពេជ្រ សូជេត្ថា ,លោក លឹម សំណាង ,លោក ហួន ធារិទ្ធ ,លោក តាន់ ច័ន្ទផល ,លោក អ៊ី មួយលី ,លោក ប្លាង ស៊ីន ,លោក គុជ លី និងលោកស្រី ហួន ផាន់ណារី។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានសិទ្ធិអំណាចសំខាន់ៗបីយ៉ាង។ ទីមួយ អាចផ្តួចផ្តើមគំនិតឬផ្តល់មតិ លើការរៀបចំគោលនយោបាយដល់រដ្ឋាភិបាល។ ទីពីរ អាចចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល មុននឹងអនុម័ត ហើយបញ្ជូនទៅរដ្ឋសភា រួមទាំងអាចធ្វើញត្តិជូនព្រឹទ្ធសភា ដើម្បីសុំឲ្យតតាំងនឹងច្បាប់ ដែលរដ្ឋសភា បានអនុម័ត។ ទីបី អាច ចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រីផ្ទាល់តែម្តង បើមើលឃើញចំណុចអវិជ្ជមានរបស់នាយករដ្ឋមន្ត្រី រួមទាំងភាពអសកម្ម និងការរំលោភបំពានរបស់មន្ត្រីរាជការ៕