ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​មួយក្រុម​ហ្វឹកហាត់​សរសេរ​អត្ថបទ​សារព័ត៌មាន​លើកស្ទួយ​ផលិតផល​កសិកម្ម​ខ្មែរ​
08, Sep 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ សារព័ត៌មាន​ថ្មីៗ បាន​បើក​វគ្គ​បណ្ដុះបណ្តាល​មួយ​ដល់​យុវជន​ចំនួន​១០​នាក់ ដែល​មកពី​បណ្ដា​រាជធានី និង​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ វគ្គ​បណ្ដុះបណ្តាល​នេះ​ផ្តោត​សំខាន់​លើ របៀប សរសេរ និង របៀប ធ្វើ សេចក្តីរាយការណ៍ អំពី វិស័យ កសិកម្ម បរិស្ថាន ទេសចរណ៍ និង ជំនួញ ខ្នាតតូច នៅតាម បណ្តា ខេត្ត ក្រុង ទាំង ២៥ នៃ ព្រះរាជាណាចក្រ កម្ពុជា ។ សិក្ខាកាម​ដែល​ចូលរួម ភាគច្រើន​ជា​និស្សិត កំពុង សិក្សា​ថ្នាក់ មហាវិទ្យាល័យ និង​មិន​ធ្លាប់​ទទួលបាន​ការបណ្ដុះ​បណ្តាល​ជំនាញ​សារព័ត៌មាន​ពីមុន​។ សម្រាប់​ពួកគេ នេះ​ជាការ​ចំណេះដឹង​ថ្មី និង​បានធ្វើឱ្យ​ពួកគេ​ដឹងថា ការសរសេរ​ព័ត៌មាន​ដែល​ល្អ​បាន មិនមែនជា​រឿង ងាយស្រួល​ឡើយ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖


 
 
​យុវ​និស្សិត​១០​នាក់ មកពី តាម បណ្តា ខេត្ត និង​រាជធានី បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្តាល​សរសេរ​អត្ថបទ​កាសែត រយៈពេល​ពេញ​មួយ​សប្ដាហ៍​ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​។ វគ្គ​បណ្ដុះបណ្តាល​ត្រូវបាន​រៀបចំ​នៅ​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា​។ 
 
​យុវជន ប៉ាន់ បូ​នី ដែល​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ខាងលើ បាន​និយាយថា វា​ជា​បទពិសោធន៍​ថ្មី​សម្រាប់​រូបគេ ដែល​មិន​ធ្លាប់បាន​ឆ្លងកាត់​ការសិក្សា​លើ​ជំនាញ​មួយ​នេះ​។ បូ​នី​បន្តថា ពីមុន​គេ​ជា​អ្នក​ថត​វីដេអូ​នៅ​សារព័ត៌មាន​ថ្មីៗ ដោយ​មិនបាន​ខ្វល់​ពីអ្វី​ជា​ព័ត៌មាន​ឡើយ​។ វគ្គ​បណ្ដុះបណ្តាល​នេះ គឺជា​ទុន​មួយ​សម្រាប់​ឱ្យ​ខ្លួនគេ​យកទៅ​បន្ថែម​លើ​ការងារ​បច្ចុប្បន្ន និង​អភិវឌ្ឍន៍​ជា​អ្នកសារព័ត៌មាន​មួយរូប​នៅ​ថ្ងៃមុខ​។​


 
​ខុសពី​មុន ដែល​ធ្លាប់​មើលរំលង​ពីអ្វី​ដែលជា​ព័ត៌មាន បូ​នី បាន​ស្វែងយល់​ពី​ចំណុច​មួយចំនួន​ដែល​គេ​មិនបាន​ដឹងថា​ជា​ព័ត៌មាន​។ ក្រោយ​ទទួលបាន​ការបណ្ដុះបណ្តាល​ជាមួយ​គ្រូ​សារព័ត៌​មានបារាំង និង​គ្រូខ្មែរ ពេញ​មួយ​សប្ដាហ៍​នេះ បូ​នី បាន​ផ្លាស់ប្ដូរ​ការគិត​ខ្លះៗ ដែល​ធ្លាប់​យល់ថា សារព័ត៌មាន​ពិបាក មិនដឹងថា​ការសរសេរ​ដោយ​របៀប​ណា​។​
 
​កញ្ញា តុង ស្រី​ល័​ក្ខ ជា​យុវនារី មកពី​ខេត្ត កំពង់ចាម​។ ស្រី​ល័​ក្ខ ជា​យុវជន​ស្ម័គ្រចិត្ត​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​ធ្លាប់​បានធ្វើ​ការងារ​សង្គម​ច្រើន​ដែរ​នាពេល​កន្លងមក​។ នាង​យល់ថា ខ្លួន​ក៏មាន​និស្ស័យ និង​ស្រឡាញ់​ការងារ​ទាក់ទង​នឹង​ព័ត៌មាន​នេះដែរ ប៉ុន្តែ​យល់​ខុស​ថា ជំនាញ​ជា​ពិធីករ និង​សារព័ត៌មាន​គឺ​តែមួយ​។ 
 
​ខុសពី​យុវជន បូ​នី ពីមុន​ទទួល​បានការ​បណ្ដុះបណ្តាល ស្រី​ល័​ក្ខ យល់ថា សារព័ត៌មាន​ជា​កិច្ច​ការដែល​ងាយស្រួល​ធ្វើ តែ​តាមពិត​វា​មាន​រូបមន្ដ​ត្រឹមត្រូវ មិនមែន​ចេះតែ​សរសេរៗ​ឡើយ​។ ស្រី​ល័​ក្ខ មាន​ជំនឿ​ក្នុង​ខ្លួន​ថា គេ​នឹង​អាច​ក្លាយជា​អ្នកកាសែត​ដ៏​ល្អ​មួយរូប ដែល​អាច​ផលិត​ព័ត៌មាន​ពី​វិស័យ​កសិកម្ម និង​ទេសចរណ៍​ក្នុង​ខេត្ត កំពង់ចាម ឱ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​បានដឹង​ផងដែរ​។​


 
​រីឯ យុវជន ណាក់ ធី​នុង ដែល​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​កសិកម្ម មកពី​ខេត្ត ព្រៃវែង វិញ យុវជន​រូបនេះ​បានចាត់ទុក​វគ្គ​បណ្ដុះបណ្តាល​នេះ ថា​ជា​សុបិន​ដែល​បានក្លាយ​ជាការ​ពិត​។ ធី​នុង ចង់​ក្លាយជា​អ្នកកាសែត​យូរណាស់​មកហើយ​។ ធី​នុង បញ្ជាក់ថា ដោយសារតែ​រូបគេ​ក៏​ចូលចិត្ត​ផ្នែក​កសិកម្ម​ដែរនោះ ការហ្វឹកហាត់​សរសេរ​អត្ថបទ​សារព័ត៌មាន​នេះ គឺជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​គេ ក្នុងការ​រួមចំណែក​ផ្សព្វផ្សាយ​វិស័យ​កសិកម្ម​ក្នុង​ខេត្តព្រៃវែង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដទៃទៀត​បានឃើញ​ពីស​ក្កា​នុព​ល​នៃ​ខេត្ដ​របស់ខ្លួន​។​
 
​ចំណែក ចន្ទ្រា ជា​យុវជន​មកពី​ខេត្ត បាត់ដំបង​។ ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ច្បាប់ និង​មាន​ចំណូលចិត្ត​តាមដាន​ព័ត៌មាន​មួយចំនួន​ផងដែរ ចន្ទ្រា ចូលចិត្ត​ស្ដាប់​ព័ត៌មាន​ជា​វិទ្យុ និង​ទូរទស្សន៍ តែ​មិន​ធ្លាប់បាន​អាន​ជា​អត្ថបទ​ព័ត៌មាន​ឡើយ​។ មិន​ខុសពី​យុវជន​ដទៃទៀត សារព័ត៌មាន​ជាការ​ងារ​ថ្មី ដែល​នាង​មិន​ធ្លាប់ធ្វើ​ពីមុន តែ​ចន្ទ្រា បាន​តាំងចិត្ត​ខ្ពស់​ចំពោះ​ការងារ​នេះ ដើម្បី​រួមចំណែក​ជួយ​សហគមន៍​របស់គេ​។​


 

© រក្សាសិទ្ធិដោយ thmeythmey.com