ជាតិ
តារាល្បីៗ
សិល្បះ
នាយឆើត របួសបាក់ឆ្អឹងដងកាំបិត និងឆ្នឹងជំនី ក្នុងគ្រោះថ្នាក់ចរាចរណ៍
× ភ្នំពេញ៖ តារាភាពយន្តជើងចាស់ លោក ពៅ គីសាន់ ដែលគេស្គាល់ថា «នាយឆើត» បានជួបគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យរងរបួសបាក់ឆ្អឹងដងកាំបិត១ បាក់ឆ្អឹងជំនី៥ ប្រអប់ដៃប្រអប់ជើងត្រូវដេរទាំងអស់ និងមានឈាមកកក្នុងខួរក្បាល។ នេះបើតាម លោក គីសាន់ រ៉ៃយ៉ា ដែលត្រូវជាកូនរបស់នាយ ឆើត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៦កន្លះល្ងាចថ្ងៃទី ៧ខែកញ្ញា នៅចំណុច ក្រាំងធ្នង់ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈពេលលោក គីសាន់ ជិះម៉ូតូទៅទិញថ្នាំ។ លោក គីសាន់ រ៉ៃយ៉ា មិនបានដឹងព័ត៌មានលំអិតលើករណីនេះឡើយ។
គីសាន់ រ៉ៃយ៉ា បញ្ជាក់ថា ពេលនេះឪពុករបស់ខ្លួនកំពុងស្ថិតក្នុងបន្ទប់ត្រៀមសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យលោកសង្ឃ)។ លោកថា បើសិនជាគ្រូពេទ្យពិនិត្យឃើញថា ឪពុកខ្លួននៅតែមានឈាមហូរនៅក្នុងខួរក្បាល នោះក្រុមគ្រូពេទ្យនឹងវះកាត់បន្ទាន់។ «ប៉ាមានឈាមកកក្នុងខួរក្បាល បើឈាមនៅតែហូរពេទ្យនឹងវះកាត់។ ខ្ញុំកំពុងតែបារម្ភខ្លាំងព្រោះប៉ារវើរវាយនិយាយតែឯង ហើយពេលនេះ គ្រួសារកំពុងតែខ្វះខាតខ្លាំង»។
លោក ពៅ គីសាន់ គឺជាតារាភាពយន្តដ៏ល្បីល្បាញដែលមានជំនាញសំដែងជាតួកាច នាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ។ ជាទូទៅ គេស្គាល់រហស្សនាមរបស់លោក ថា នាយឆើត៕
Tag:
នាយឆើត
ពៅ គីសាន់
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com