ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សកាន់អំណាច​នឹង​សាងសង់​ទីស្នាក់ការ​កណ្តាល​ថ្មី​ជា​អគារ​ធំ​ខ្ពស់​
08, Sep 2018 , 4:14 pm        
រូបភាព
​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​ឈ្នះ​ការបោះឆ្នោត​កាន់​អាសនៈ​រដ្ឋសភា​ទាំងមូល នឹង​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី​នៅលើ​ទីតាំង អគារ​បច្ចុប្បន្ន​ដែល​ត្រូវបាន​វាយតម្លៃថា​ចាស់​ទ្រុឌទ្រោម​។ មិនមាន​មន្ត្រី​គណបក្ស​អាច​និយាយ​អំពី​គម្រោង​សំណង់​អគារ​នេះ​នៅពេល​នេះឡើយ ក្រៅពី​លោក សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាច​គ្រាន់តែ​មានប្រសាសន៍ថា លោក​បានឮ​ព័ត៌មាន​នេះ​ខ្លះៗ​។

 
​មន្ត្រី​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​បន្ត​កាន់អំណាច ត្រូវបាន​ស្នើ​ឲ្យ​ទៅធ្វើ​ការ​នៅ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំរាជធានី​ភ្នំពេញ​លើផ្លូវ​២០០៤​។ ការ​រើ​ការិយាល័យ​នៃ​ទីស្នាក់ការ​កណ្តាល (​គ​៨៥) នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម ត្រូវបាន​ធ្វើឡើង​នៅក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​របស់​គណបក្ស​កាន់អំណាច​។ ប៉ុន្តែ​លោក​បាន​អះអាងថា លោក​មិន​បានដឹង​ច្បាស់​អំពី​គម្រោង​នៃ​សំណង់​នេះ​ទេ​។​
 
​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ដដែល​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​បានឮ​ព័ត៌មាន​ក្រៅផ្លូវការ​ថា គឺជា​គម្រោង​សំណង់​អគារ​ខ្ពស់ ហើយ​ការសាងសង់​មាន​រយៈពេល​២​ឆ្នាំ​។ នៅពេលនេះ មន្ត្រី​របស់​គណបក្ស​ជាង​១០០​នាក់ ត្រូវ​ទៅធ្វើ​ការ​នៅ​អគារ​គណបក្ស​ក្រុង (​រាជធានី​)»​។​
 
​បើសិនជា​ពិត​ដូច​ការអះអាង​របស់លោក សុខ ឥសាន មែន គណបក្ស​ប្រជាជន​កម្ពុជា​នឹងមាន​អគារ​ទី​ស្នាក់​ថ្មី​របស់ខ្លួន​នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១​។​
 
​បើ​យោងតាម​ប្រភពព័ត៌មាន​មួយទៀត​ពី​គណបក្សកាន់អំណាច ការដ្ឋាន​សាងសង់​អគារ​គណបក្ស​នឹង​អាច​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​បើទោះជា​មិនអាច​មាន​ព័ត៌មាន​លម្អិត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ក៏ពិតមែន ប៉ុន្តែ​អ្នកនាំពាក្យ​ដដែល​អធិប្បាយ​ថា អគារ​ថ្មី​គឺជា​និមិត្តរូប​នៃ​ការរីកចម្រើន​នៃ​គណបក្ស​របស់លោក​។​
 
​លោក សុខ ឥសាន ដែលជា​សមាជិក​ព្រឹទ្ធសភា​ដែរនោះ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​អគារ​ទីស្នាក់ការ​របស់​គណបក្ស​សព្វថ្ងៃ​ពិតជា​ចាស់​ទ្រុឌទ្រោម​មែន​។ ជា​សំណង់​នៅ​ដើម​ទស្សវត្សរ៍​១៩៦០ ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ អគារ​ថ្មី​នេះ គឺជា​យុទ្ធសាស្ត្រ ហើយ​ដែល​នឹង​បញ្ជាក់​អំពី​ភាព​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ថ្ងៃ​ខាងមុខ​»៕

Tag:
 CPP
  បក្ស​ប្រជាជន​កម្ពុជា
  សំណង់​
© រក្សាសិទ្ធិដោយ thmeythmey.com