កីឡាជាតិ
ជាតិ
ប៉ូលិស​រំពឹង​បាន​លទ្ធផល​ដូច​ឆ្នាំ​២០១៤ ពេល​ប៉ះទ័​ពនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន​
08, Sep 2018 , 6:39 pm        
រូបភាព
សារ៉េត ស៊ីដន
សារ៉េត ស៊ីដន
ដោយ:
​លោក សារ៉េត ស៊ីដន គ្រូបង្វឹក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​រំពឹងថា ក្រុម​លោក​នឹង​ទទួលបាន​លទ្ធផល​ល្អ​ដូច​កាល​ឆ្នាំ​២០១៤ ពេល​ប៉ះ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ ដើម្បី​ត្រៀម​ការប្រកួត​មួយ​នេះ​កីឡាករ​អគ្គស្នងការ​នគរបាល​ជាតិ នឹងមាន​កម្មវិធី​ប្រមូលផ្តុំ​ហ្វឹកហាត់​បន្ថែម​លក្ខណៈពិសេស​ដាច់ដោយឡែក​ថែមទៀត​ផង​។

 
​ក្រោយ​ទម្លាក់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ជ័យជម្នះ ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​មានជំនឿថា ពួកគេ​នឹង​បន្ត​យកឈ្នះ​ក្រសួងការពារជាតិ​នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើក​ទី​២​។ ការយល់​ចិត្ត និង​ភាពស៊ីចង្វាក់​គ្នា​ក្នុង​ការលេង​ជា​ក្រុម អាចជា​កត្តា ដែល​ជំរុញ​ឲ្យ​ក្រុម​នេះ​មាន​ទំនុកចិត្ត​ខ្ពស់​បែបនេះ​។  
 
​លោក សារ៉េត ស៊ីដន គ្រូបង្វឹក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​និយាយថា ក្រៅពី​កាលវិភាគ​ហ្វឹកហាត់​ប្រចាំថ្ងៃ លោក​នឹងមាន​ការប្រមូលផ្តុំ​ហ្វឹកហាត់​លក្ខណៈពិសេស​ក្នុងការ​ពង្រឹងសមត្ថភាព​ដាច់ដោយឡែក​មួយទៀត ដើម្បី​ត្រៀម​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ​។ លោក​បាន​អះអាងថា ការប្រមូលផ្តុំ​ហ្វឹកហាត់​លក្ខណៈពិសេស​នេះហើយ ដែល​ជួយ​ឲ្យ​ក្រុមប៉ូលិស​អាច​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ 
 
«​នៅក្នុង​ពានរង្វាន់​លី​គ​យើង​នៅ​បន្ត​ការប្រឹងប្រែង ហើយ​នៅ​ពានរង្វាន់​សម្តេច ហ៊ុន សែន យើង​រឹតតែ​ប្រឹងប្រែង​ឲ្យ​កាន់​ខ្លាំង​ថែមទៀត​។ យើង​នឹងមាន​ផែនការ​ហ្វឹកហាត់​បន្ថែម​ជាពិសេស​មួយ ដើម្បី​ត្រៀម​ប្រជែង​ជាមួយ​ក្រសួងការពារជាតិ​។ យើង​សង្ឃឹមថា យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ​ដូច​ឆ្នាំ​២០១៤ ដែល​យើង​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សារ៉េត ស៊ីដន​។     
 
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ជាមួយ​ក្រសួងការពារជាតិ ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ មុន​ឡើងមក​គ្នា​នៅ​វគ្គ​នេះ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ទម្លាក់​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ជ័យជម្នះ ២-០ នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រសួងការពារជាតិ​ទម្លាក់​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៣-១​។ ក្រៅពី​ជំនួប​នេះ ក៏មាន​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​រវាង​ណាហ្គា​វើ​ល​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​នៅថ្ងៃនោះ​ផងដែរ​៕ 

Tag:
 សារ៉េត ស៊ីដន​
  ប៉ូលិស​
  ទ័ព​
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com