កំណាព្យ
ពីនេះ ពីនោះ
× បទ កាកគតិ
-មេឃភ្លៀងថ្ងៃក្តៅ ជើងដៃដំបៅ ក្រចកបែកក្រិន
ស្បែកដាច់ឆ្លងរោគ ស្អុយជោកជះក្លិន បង្ហើយកិច្ចសិន
ខ្លាចក្លិនសេសសល់។
-បោសបាចបូមបារ សំរាមជិតផ្សារ សួនច្បារកែងថ្នល់
មានទាំងប្លាស្ទិក ខ្ចប់វិចសំណល់ រឹងរាវបែកវ៉ល់
មានដល់លាមក។
-មុជរាវបារលូ សំណល់កកយូរ ក្លិនជូរស្អុយឈ្លក់
ការងារមិនស្រាន្ត ខ្សោះប្រាណងងក់ គ្រប់គ្នាលង់លក់
ខ្ញុំងក់តាមផ្លូវ។
-គ្រួសារក្រក្រី រៀនបានពេលខ្លី បោសដីតាមផ្លូវ
ចង់មានការល្អ ជួយតម៉ែឪ គ្មានអ្នកជួយប៉ូវ
ទើបត្រូវខំប្រឹង។
-អ្នកបូមបោសបារ សូមញាតិមេត្តា ខ្ញុំថាកុំខឹង
កវីបណ្ឌិត និស្សិតសិស្សដឹង ខ្ញុំល្ងង់យ៉ាងហ្នឹង
ទើបប្រឹងបារលូ។
-សំរាមតាមថ្នល់ លូស្ទះបែកវ៉ល់ រឿងសល់ពីយូរ
អ្នកល្ងង់សម្អាត អ្នកឆ្លាតរអ៊ូរ ចាប់ជួយគិតគូរ
ដោះធូររឿងហ្នឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com