ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
មុន​ចែក​ឋាន​តន្ត្រីករ​ម៉ម ប៊ុន​ណា​រាយ បាន​បណ្ដុះបណ្ដាល​សិស្ស​ច្រើន​ផ្នែក​តន្ត្រី និង​ចម្រៀង​
09, Sep 2018 , 10:59 am        
រូបភាព
​ក្នុងអំឡុងពេល​តម្កល់​សព​លោក ម៉ម ប៊ុន​ណា​រាយ នៅក្នុង​វិហារ​កាតូលិក​មួយ​នៅ​ជិត​ផ្សារ​តូច ភ្ញៀវ​ចូលរួម​ពិធីបុណ្យ​ភាគច្រើន ជា​សិស្ស​ដែល​រៀន​ភ្លេង និង​ចម្រៀង ជាមួយ​លោក​។ សិស្ស​ដែល​លោក​បាន​បណ្ដុះបណ្ដាល​កន្ល​ង​មក រហូតមកដល់​ជីវិតចុងក្រោយ មាន​រាប់រយ​នាក់ ហើយ​សិស្ស​ខ្លះ​មាន​ជំនាញ​ភ្លេង និង​ចម្រៀង អាច​ចិញ្ចឹម​ខ្លួន​បាន​ធូរធារ​ផង​។ 


​ថ្ងៃទី​៤​ខែកញ្ញា ត្រូវ​នឹង​ថ្ងៃទី​២ នៃ​ថ្ងៃ​តម្កល់សព​របស់លោក ម៉ម ប៊ុន​ណា​រាយ ដែល​ស្ថិតក្នុង​បរិវេណ​វិហារ​កាតូលិក មាន​គ្រឹះ​បរិស័ទ​ទាំងស្រី និង​ប្រុស សូត្រធម៌​ជូន​លោក​ផង​។ ម៉ោង​ប្រមាណ​៥​ល្ងាច ក្នុង​រោង​ពិធី​មិនសូវ​ជាមាន​ភ្ញៀវ​ប៉ុន្មាន​ឡើយ តែ​ចាប់ពី​ម៉ោង​៦​ល្ងាច​ទៅ ភ្ញៀវ​ចាប់ផ្ដើម​មកជា​បន្តបន្ទាប់​។​
 
​អ្នកស្រី ឱម វណ្ណ​ថា​ត ជា​ភរិយា​របស់លោក ប៊ុន​ណា​រាយ ដែល​ដៃ​កំពុង​ព្យួរ​ស៊ឺ​រ៉ូម​ផង​នោះ​ថា កាលពី​នៅរស់ ប្ដី​របស់ខ្លួន​បាន​បង្រៀន​សិស្ស​ជាច្រើន​នាក់ ហើយ​សិស្ស​ខ្លះមក​ដល់ពេល​បច្ចុប្បន្ន មាន​ជីវភាព​ធូរធារ​តាមរយៈ​តន្ត្រី​។ រយៈពេល​២​ថ្ងៃ​ភ្ញៀវ​ជាង​២០០​នាក់ ចូលរួម​បុណ្យសព​ភាគច្រើន​ជា​សិស្ស​ភ្លេង​របស់លោក​ប៊ុន​ណា​រាយ​។ អ្នកស្រី វណ្ណ​ថា​ត បញ្ជាក់​៖«​ប៉ា​គាត់​មាន​សិស្ស​ច្រើនណាស់​ចូល​រាប់រយ​នាក់​ហើយ ដូច្នេះ​ទើបបានជា​ពេល​គាត់​ស្លាប់​សិស្ស​គាត់​មក​ច្រើន​។ តាំងពី​ម្សិលមិញ ដល់​ថ្ងៃនេះ ខ្ញុំ​មើល​ក្នុង​បញ្ជី​ឈ្មោះ​ឃើញ​ភ្ញៀវ​មកជា​ង​២០០​នាក់ ។ ក្រៅពីនេះ​ក៏មាន​ខាង​តំណាង​ក្រសួង និង​ភ្ញៀវ​ធម្មតា​មក​ដែរ​។​


 
​មុន​ទទួលមរណភាព​លោក ប៊ុន​ណា​រាយ ឈឺ​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ហើយពី​ដើម​មក លោក​ក៏​មិនដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​អ្វី​ឡើយ លើកលែងតែ​របួស​ជើង ដែល​សល់​ពី​គ្រោះថ្នាក់​គេ​លប​បាញ់​កាលពី​ធ្វើការ​នៅ​វិទ្យុជាតិ​តែប៉ុណ្ណោះ​។ អ្នកស្រី វណ្ណ​ថា​ត បញ្ជាក់​៖«​ខ្ញុំ​មកពី​បង្រៀន​វិញ​ឃើញ​គាត់​សម្រាន្ត​នៅលើ​ឥដ្ឋ ខ្ញុំ​សួរ​គាត់​ថា​ប៉ា​ម៉េច​មក​សម្រាន្ត​នៅ​ហ្នឹង​ចឹ​ង គាត់​ថា​គាត់​មកពី​បន្ទប់ទឹក​វិញ​ក្រោក​មិន​រួច​។ ខ្ញុំ​យក​គាត់​ទៅ​ពេទ្យ​ដាក់​ស៊ឺ​រ៉ូម ហើយ​យប់នោះ​គាត់​អត់​បាន​សម្រាក​ទេ គាត់​ច្រៀង ហើយ​ឱ្យ​សិស្ស​យក​ឧបករណ៍​ភ្លេង​ទៅលេង​។ សាច់ឈាម​គាត់​នៅ​ស្រស់បស់​ធម្មតា ដូច​អ្នក​មិន​ឈឺ​ចឹ​ង​។ ទៅ​ពេទ្យ​បានតែ​១​ថ្ងៃ គាត់​ទារ​មកវិញ​ស្អែក​ឡើង​គាត់​ក៏​ផុត​។​
 
​ជា​សិស្ស​រៀន​ឧបករណ៍​ហ្គី​តា​បាស​ពី​លោក ប៊ុន​ណា​រាយ តាំងពី​ឆ្នាំ​១៩៩០ លោក អៀង ចាន់តូ ដែល​បានមក​ចូលរួម​ពិធី​បុណ្យសព​លើកឡើងថា គ្រូ​របស់ខ្លួន​កាលពី​នៅរស់​បាន​ជួយ​ដល់​វិស័យ​សិល្បៈ​ច្រើន​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។ ជា​គ្រូ​ដែល​កាច និង​ហ្មត់ចត់ ក្នុងពេល​បង្រៀន ដើម្បីឱ្យ​សិស្ស​ចេះ​ច្បាស់ លោក ប៊ុន​ណា​រាយ មិន​ចង់​មានឈ្មោះ​ថា​ជា​គ្រូ​គ្មាន​សមត្ថភាព​នោះទេ​។ លោក ចាន់តូ បញ្ជាក់​៖«​គាត់​ជាម​នុស្ស​ម៉ឺងម៉ាត់ និង​កាច​ពេល​បង្រៀន ព្រោះ​គាត់​ចង់ឱ្យ​សិស្ស​ចេះ​ច្បាស់​។ អ្នក​មក​រៀន​មិន​យកចិត្តទុកដាក់​គាត់​ដេញ​ចេញពី​កន្លែង​រៀន គាត់​មិន​ចង់ឱ្យ​ខូច​ឈ្មោះ​គាត់​ទេ​។ គាត់​មិន​ចង់បាន​ប្រាក់​ធ្វើ​មាន​បានឡើយ សិស្ស​ខ្លះ​មិនមាន​ប្រាក់​មកសុំ​គាត់​រៀន គាត់​ក៏​បង្រៀន​អត់​ប្រកាន់​ទេ​»​។ 


 
​លោក ចាន់តូ ហាក់​មិន​ពេញចិត្ត​ឡើយ​ចំពោះ​សិល្បករ និង​តន្ត្រីករ​មួយចំនួន​ដែល​យក​ទំនុក​ចម្រៀង និង​បទ​ភ្លេង​ស្នាដៃ​ដើម​មក​សម្រួល​ជាថ្មី​ធ្វើជា​របស់ខ្លួន​។ លោក ចាន់តូ បញ្ជាក់​៖«​អ្នក​សម័យ​ឥឡូវ​គាត់​រៀន​បាន​ច្រើន គួរតែ​និពន្ធ​បទ​ចម្រៀង ឬ​ទំនុកភ្លេង​ដោយ​ខ្លួនឯង​ទៅ កុំ​យក​បទ​គេ​ចាស់ៗ មក​កែ​ធ្វើជា​របស់ខ្លួន​។ ម្ចាស់​ស្នាដៃ​ដូចជា​គ្រូ​របស់ខ្ញុំ គាត់​ស្រឡាញ់​ស្នាដៃ​គាត់​ណាស់​។ បើ​គេ​ចង់បាន​បទ​ថ្មី គួរតែ​ស្វែងរក​ម្ចាស់​ស្នាដៃ​ឱ្យ​គាត់​កែខ្លួន​ឯង​ទៅ កុំ​ចេះតែ​យកទៅ​កែ​បែបនេះ​»​។  
 
​ចំណែក​អ្នកស្រី ម៉ម ចាន់​ធា​រី ដែល​ត្រូវជា​កូនស្រី​របស់លោក ម៉ម ប៊ុន​ណា​រាយ ឱ្យដឹងថា មុន​ឪពុក​ស្លាប់​មិនបាន​ទុក​ពាក្យ​បណ្ដាំ​ចុងក្រោយ​ដល់​អ្នកស្រី​ឡើយ ព្រោះតែ​ខ្លួន​បែក​ផ្ទះ​ទៅ​ឆ្ងាយ​។ ផ្ទៃមុខ​រាង​ស្លក់​បន្តិច អ្នកស្រី ចាន់​ធា​រី ថា ដ្បិត​ឪពុក​មិនមាន​ពាក្យ​បណ្ដាំ​ចុងក្រោយ តែ​កន្លងមក​លោក​តែងតែ​អប់រំ​កូន​ឱ្យ​ធ្វើអំពើ​ល្អ ចេះ​ជួយ​យកអាសា​អ្នក​ដែល​ទីទាល់ក្រ​ជាង​ខ្លួន និង​មិនឱ្យ​កូនសុំ​ជំនួយ​ពី​គេ​ឡើយ​។ អ្នកស្រី ចាន់​ធា​រី បញ្ជាក់​៖«​ប៉ា​ស្រឡាញ់​កិត្តិយស​ណាស់ គាត់​មិនឱ្យ​កូន​ទៅសុំ​ជំនួយ​គេ​ទេ​។ គាត់​ថាបើ​គេ​មើលឃើញៗ​តាំងពី​យូរ មិនមែន​ចាំ​ជីវិតចុងក្រោយ​របស់គាត់​ទេ​»​។​
 
​ដើម្បី​ជាការ​រម្លឹក​ដល់​ស្នាដៃ​ឪពុក អ្នកស្រី ចាន់​ធា​រី ស្នើ​ដល់​សិស្ស​ដែល​បាន​រៀន​ជាមួយ​លោក ប៊ុន​ណា​រាយ ទាំងអស់​សូមឱ្យ​នៅតែ​ចាំ​ឈ្មោះ​ឪពុក​របស់ខ្លួន​ជា​រៀងរហូត​ទៅ​។ និង​ស្នើ​ដល់​អ្នក​ដែល​បាន ស្រាវជ្រាវ​ស្នាដៃ​ទំនុកភ្លេង​និង​ទំនុក​ចម្រៀង ដែល​ឪពុក​ខ្លួន​បានធ្វើ​កន្លងមក សូមជួយ​ប្រាប់​ដល់​គ្រួសារ​របស់​អ្នកស្រី​ផង​។ «​ខ្ញុំ​សំណូមពរ​ដល់​សិស្ស​ដែល​បានទទួល​ចំណេះ​ពី​ប៉ា​ទាំងអស់ សូមកុំ​បំភ្លេច​ឈ្មោះ​ប៉ា​ចោល ឱ្យ​គាត់​នៅតែ​ចាំ​ថា​គាត់​ចេះ​ភ្លេង ចម្រៀង​ពី​ប៉ា តែ​ប៉ុណ្ណឹង​បាន​ហើយ ដើម្បី​បន្សល់ទុក​ឈ្មោះ​ដល់​ក្មេងជំនាន់ក្រោយ​ឱ្យគេ​បានដឹង​។ ហើយ​អ្នក​ដែលមាន​ឯកសារ​ចម្រៀង ឬ​បទ​ភ្លេង​ដែល​ប៉ា​ធ្លាប់ធ្វើ​កន្លងមក សូមជួយ​ប្រាប់​ខ្ញុំ​ផង ព្រោះ​ពួក​ខ្ញុំ​មិនមាន​ច្រើន​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ចាន់​ធា​រី​។​


 
​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ដែលមាន​ស្នាដៃ តាំងពី​សម័យ​សង្គមរាស្ត្រនិយម លោក ម៉ម ប៊ុន​ណា​រាយ បានរួម​ចំណែក​និពន្ធ​ស្នាដៃ​បទ​ចម្រៀង​ដូចជា “​កម្ម​ប្រចាំកាយ​” (​ស៊ីន ស៊ី​សាមុត​)”​មេត្តា​រៀម​ផង​”(​គង់ សំអឿន​-​គង់ ចន្ថា​) “​នៅតែ​ឃ្លាត​” (​លោក គង់ ចន្ថា​) “​មេឃ​អើយ​ជួយ​ផង​” (​សាមុត​-​រស់ សេរី​សុទ្ធា​) “​ឃ្លាត​ទាំង​ទឹកភ្នែក​” (​សុទ្ធា​) “​ដំណក់ភ្លៀង​ស្រក់​” (​ប៉ែន រ៉​ន​) “​រង់ចាំតែ​បង​មួយ​” (​សុទ្ធា​) “​រំពឹង ! រំពឹង​” ! (​សុទ្ធា​) “​បង​ពិត​ជាក​ម្លោះ​” (​សាមុត​-​សុទ្ធា​)  “​កណ្តូបបុកស្រូវ​” (​សាមុត​-​សុទ្ធា​) “​ផ្កាត្របែកព្រៃ​” (​ឌី សុខន​) “​ចម្រៀង​មក​មិត្ត​” (​ឌី សុខន​) “​ស្នេហ៍​យើង​” (​សុទ្ធា​) “​គ្រា​ដំបូង​” (​សាមុត​) “​ជីវិត​អ្នក​ផ្សងព្រេង​” (​សាមុត​) “​បង​ក្បត់​អូន​ហើយ​” (​ហួយ មាស​) “​ខែរះ​ក្រោម​ផ្កាយ​” (​ម៉ម ប៊ុន​ណា​រាយ​) “​បញ្ជី​ខ្មោច​” (​អ៊ឹង ណា​រី​)  និង​បទ​”​កំពង់ធំ​ជំរុំ​ចិត្ត​” (​សាមុត​)​។ លោក ប៊ុន​ណា​រាយ កាន់សាសនា​កាតូលិក​ត​ពី​ដូនតា​របស់លោក​តាំងពីក្មេង ហើយ​ចម្រៀង​ទាំងអស់​នៅក្នុង​វិហារ​កាតូលិក គឺជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​ភ្លេង​របស់លោក​។ ឧបករណ៍​ភ្លេងសម័យ​(​ភ្លេង​បស្ចិមប្រទេស​) លោក ប៊ុន​ណា​រាយ ចេះ​ទាំងអស់ លោក​ក៏​អាច​ផ្លុំ​ខ្លុយ និង​ហួច​បាន​ពីរោះ​ផងដែរ​។ សំឡេង​ហួច​ក្នុង​បទ​(​ចិត្ត​ជិត​ក្បត់​) ដែល​បកស្រាយ​ដោយ​លោក ស៊ីន ស៊ី​សាមុត គឺជា​សំឡេង​ហួច​របស់លោក ប៊ុន​ណា​រាយ​។ ក្រៅពី​ដឹកនាំ​ភ្លេង លោក​ក៏​និពន្ធ​ទំនុកច្រៀង​ដែរ​៕ 

Tag:
 ម៉ម ប៊ុន​ណា​រាយ​
  តន្ត្រីករ​
  តន្ត្រី​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com