ជាតិ
លទ្ធផល​បាក់​ឌុប​កំពុងបោះពុម្ព​យ៉ាង​ហ្មត់ចត់ មុន​ការប្រកាស​ផ្លូវការ​​​នៅ​រសៀល​នេះ​
09, Sep 2018 , 10:46 am        
រូបភាព
រូបភាព​ពីហ្វេសប៊ុក​ក្រសួង​អប់រំ​ យុវជន និង​កីឡា
រូបភាព​ពីហ្វេសប៊ុក​ក្រសួង​អប់រំ​ យុវជន និង​កីឡា
​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី ៩ កញ្ញា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចាប់ផ្ដើម​បោះពុម្ព​លទ្ធផល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​២០ សីហា​។ ក្នុង​ដំណើរការ​បោះពុម្ព​លទ្ធផល​ប្រឡង​នេះ មានការ​ត្រួតពិនិត្យ​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ នៅ​ព្រឹក​ថ្ងៃទី ៩ កញ្ញា​នេះ លោក ហង់ ជួន ណា​រ៉ុ​ន និង​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​ការបោះពុម្ព​លទ្ធផល​ប្រឡង​នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​។ ការប្រកាស​លទ្ធផល នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ៩-១០ កញ្ញា នៅលើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ MoEYS Cambodia facebook.com/moeys.gov.kh​។ ដោយឡែក នាពេល​រសៀល​នេះ លទ្ធផល​ប្រឡង​នឹង​ប្រកាស​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល រីឯ​មណ្ឌល​ប្រឡង​នៅតាម​បណ្ដា​ខេត្ត​ផ្សេងទៀត នឹង​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី ១០ កញ្ញា​។ 
 
​សូមបញ្ជាក់ថា ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​៕

Tag:
 ក្រសួង​អប់រំ​
 ​បាក់​ឌុប២០១៨​
 ​លទ្ធផល​បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com