ជាតិ
បាក់ឌុប
ក្រសួងអប់រំ ពន្យល់មូលហេតុដែលសិស្សជាប់និទ្ទេសA,B និងC ថយចុះ
× ភ្នំពេញ៖ បើប្រៀបធៀបនឹងឆ្នាំ២០១៧ លទ្ធផលនិទ្ទេស A,B និង C ធ្លាក់ចុះជាងមុន។ ការធ្លាក់ចុះនៃលទ្ធផលប្រឡងបែបនេះ គឺដោយសារក្រសួងអប់រំ បានបង្កើនស្ដង់ដាប្រធានវិញ្ញាសាប្រឡងឲ្យខ្លាំងជាងមុន ក្នុងគោលដៅពង្រឹងគុណភាពអប់រំ និងជំរុញបេក្ខជនឲ្យខិតខំរៀនសូត្រ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ។
ក្នុងឆ្នាំ២០១៨នេះ និទ្ទេស A,B និងC មានចំនួនថយចុះបើប្រៀបឆ្នាំមុន ដោយនិទ្ទេស A មានចំនួន ២៩០ នាក់ (ឆ្នាំ២០១៧ មានចំនួន ៤២៤នាក់), និទ្ទេស B មានចំនួន ១៥៣២នាក់ (ឆ្នាំ២០១៧ មានចំនួន ២៤៦៤នាក់) និងនិទ្ទេស C មានចំនួន ៤៦៣១នាក់ (ឆ្នាំ២០១៧ មានចំនួន ៥០០០នាក់។
សេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំខាងលើ បានបញ្ជាក់យ៉ាងដូច្នេះ៖ «មូលហេតុដែលនាំឲ្យបេក្ខជនទទួលបាននិទ្ទេស A, B និង C ធ្លាក់ចុះ គឺដោយសារក្រសួងអប់រំបានបង្កើនស្ដង់ដាប្រធានវិញ្ញាសាប្រឡងឲ្យខ្លាំងជាងមុន ក្នុងគោលដៅពង្រឹងគុណភាពអប់រំ និងជំរុញបេក្ខជនឲ្យខិតខំរៀនសូត្រឲ្យកាន់តែមានចំណេះដឹងជ្រៅជ្រះថែមទៀត»។
ដោយឡែកបេក្ខជនជាប់និទ្ទេស A មាននៅ១៨រាជធានី-ខេត្តរួមមាន៖ ភ្នំពេញ១៣៥នាក់ សៀមរាប២១នាក់ កណ្តាល១៦នាក់ បាត់ដំបង១៥នាក់ តាកែវ១៥នាក់ កំពង់ចាម១៣នាក់ កំពត១១នាក់ ត្បូងឃ្មុំ៩នាក់ កំពង់ធំ៩នាក់ កំពង់ឆ្នាំង៩នាក់ បន្ទាយមានជ័យ៩នាក់ ព្រៃវែង៨នាក់ ក្រចេះ៦នាក់ ពោធិ៍សាត់៤នាក់ ស្វាយរៀង៣នាក់ កំពង់ស្ពឺ៣នាក់ ព្រះសីហនុ៣នាក់ និងខេត្តរតនគិរី១នាក់។
គួរបញ្ជាក់ថា លទ្ធផលបាក់ឌុបឆ្នាំ២០១៨នេះ បេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) មានចំនួន ៧៥០៥៩នាក់ ត្រូវជាជាង៦៦,២១ភាគរយ។ លទ្ធផលនេះកើនឡើង បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន៦៣,៨៤ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com