អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន ត្រៀមចាក់បញ្ចូល «គំនិតផ្តួចផ្តើមប្រាំបី» នៅទ្វីបអាហ្វ្រិកដើម្បីប្រយោជន៍រួម
× កិច្ចប្រជុំសហប្រតិបត្តិការចិន-អាហ្វ្រិករយៈពេលពីរថ្ងៃ គឺថ្ងៃ៣ និង៤ កញ្ញា ដែលមានចិនជាម្ចាស់ផ្ទះ បានបញ្ចប់ជាមួយនឹងលទ្ធផលផ្លែផ្កាច្រើន ជាពិសេសសម្រាប់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍតំបន់អាហ្វ្រិក។ ចិន កាន់តែស្និទ្ធជាមួយនឹងបណ្តាប្រទេសតំបន់អាហ្វ្រិក ខណៈប្រទេសតំបន់អាហ្វ្រិក កាន់តែមានសង្ឃឹមក្នុងការទទួលបានផលប្រយោជន៍កាន់តែច្រើនពីចិនវិញ។
តាមរយៈជំនួបកំពូលប្រចាំឆ្នាំរវាងចិន និងអាហ្វ្រិក ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងរវាងភាគីទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស្អិតល្មួតនឹងគ្នានោះ លោកប្រធានាធិបតី ក៏បានប្រកាសចំពោះមុខមេដឹកនាំប្រទេសក្រីក្រទាំងនោះពីផែនការក្នុងការអនុវត្តគំនិតផ្តួចផ្តើមរបស់ចិនចំនួនប្រាំបី ដែលនឹងត្រូវអនុវត្តក្នុងទឹកដីអាហ្រិ្វក ក្នុងរយៈពេល៣ឆ្នាំបន្ទាប់។
តាមភ្នាក់ងារព័ត៌មានចិន Xinhua គំនិតផ្តើម ដែលត្រូវមេដឹកនាំកំពូលចិនលើកឡើងនោះ ផ្តោតសំខាន់លើការលើកកម្ពស់វិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, ពាណិជ្ជកម្ម និងការអភិវឌ្ឍបៃតងជាដើម។ ផែនការនៃការចាក់បញ្ចូលគំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានលោកប្រធានាធិបតី ស៊ី អះអាងថា នឹងធ្វើឡើងក្រោមគោលនយោបាយអភិវឌ្ឍឈ្នះទាំងសងខាង និងគ្មានលក្ខខណ្ឌ ឬចំណងលើប្រទេសអាហ្វ្រិកទេ។
ជុំវិញគំនិតផ្តើមនៃការលើកកម្ពស់ឧស្សាហកម្ម តាមលោកប្រធានាធិបតី ស៊ី រដ្ឋាភិបាលចិន នឹងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនឲ្យបង្កើនការវិនិយោគនៅក្នុងតំបន់អាហ្វ្រិក ហើយចិន នឹងបង្កើនកម្មវិធីជំនួយកសិកម្មកាន់តែច្រើនដើម្បីផ្តល់ឲ្យបណ្តាប្រទេសតំបន់អាហ្វ្រិក ដែលរងគ្រោះដោយសារតែគ្រោះធម្មជាតិ។ ក្រុងប៉េកាំង ក៏នឹងបញ្ជូនអ្នកជំនាញកសិកម្មជាន់ខ្ពស់ទៅកាន់ប្រទេសអាហ្វ្រិកផងដែរ។
សម្រាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធវិញ មេដឹកនាំកំពូលចិនរូបនេះ ថ្លែងថា ចិន នឹងធ្វើការជាមួយនឹងសហភាពអាហ្វ្រិកដើម្បីបង្កើតផែនការសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធចិន-អាហ្វ្រិក និងគាំទ្រក្រុមហ៊ុនចិនដើម្បីចូលរួមក្នុងគម្រោង។ រីឯគំនិតផ្តួចផ្តើមជំរុញវិស័យពាណិជ្ជកម្មវិញ លោក ស៊ី ហ៊ានអះអាងថា ចិន នឹងបង្កើនការនាំចូលផលិតផលពីប្រទេសអាហ្វ្រិក និងថែមទាំងជួយផ្សព្វផ្សាពីទីផ្សារអាហ្វ្រិកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង ដែលត្រូវបានសហគមន៍អន្តរជាតិចាត់ទុកជាសណ្តាប់ធ្នាប់ពិភពលោកថ្មី និងកំពុងរះត្រដែត ក៏សន្យាធានាលើកកម្ពស់ និងធ្វើឲ្យល្អប្រសើរលើ ការអភិវឌ្ឍបៃតង ការកសាងសមត្ថភាពនិងវិជ្ជាជីវៈ ការកសាងសន្តិភាពនិងសន្តិសុខ និងការកសាងវិស័យសុខភិបាលកាន់តែទុកចិត្តបាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីបន្ថែមភាពជិតស្និទ្ធជាមួយនឹងគ្នាលើការទំនាក់ទំនងរវាងមេដឹកនាំកំពូលៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com