កីឡាជាតិ
ជាតិ
សុគម្ភៈ ជាប្រធានក្រុមនាការប្រកួតមិត្តភាពដែលលោក Keisuke Honda ដឹកនាំលើកដំបូង អ្នកចាត់ការទូទៅលោក Honda គ្រូបង្វឹកលោក Felix និងប្រធានក្រុម គួច សុគម្ភៈ នាសន្និសីទសារព័ត៌មាន។ រូបថត AFP
× លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ហាក់មានជំនឿចិត្តខ្ពស់ក្នុងការដឹកក្រុមជម្រើសជាតិកម្ពុជាឲ្យឈានទៅរកភាពរីកចម្រើនទៅថ្ងៃអនាគត។ ទោះបីដឹងថាការដឹកនាំមិនមែនជារឿងងាយស្រួល តែសមាជិករបស់ក្លិបបាល់ទាត់អូស្ត្រាលី Melbourne Victory រូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ។ សម្រាប់ជំនួបមិត្តភាពជាមួយម៉ាឡេស៊ីនាថ្ងៃស្អែក លោកបានជ្រើសរើសកីឡាករ គួច សុគម្ភៈ ជាប្រធានក្រុម។
«បើខ្ញុំគ្មានជំនឿចិត្តលើខ្លួនឯងទេ ខ្ញុំមិនទទួលការងារជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជានោះទេ»។ នេះជាការតាំងចិត្តរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ចំពោះការអភិវឌ្ឍកីឡាបាល់ទាត់នៅកម្ពុជា។ តែយ៉ាងណាសមាជិកក្លិបបាល់ទាត់ក្របខណ្ឌកំពូលអូស្ត្រាលី Melbourne Victory រូបនេះទទួលស្គាល់ថា ការដឹកនាំក្រុមជម្រើសជាតិកម្ពុជាមិនមែនជារឿងងាយស្រួលនោះទេ ពោលគឺមានបញ្ហាប្រឈបជាច្រើនដែលត្រូវដោះស្រាយ។
ទោះបីយ៉ាងនេះក្តី អ្នកចាត់ការទូទៅរូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាក្នុងអាណត្តិពីរឆ្នាំ២របស់ខ្លួន។ ទន្ទឹមនឹងនេះ លោកស្ទើឲ្យអ្នកគាំទ្រ ក៏ដូចជាប្រជាជនកម្ពុជា កុំគិតលើលទ្ធផលរយៈពេលខ្លី ត្រូវមើលពីការអភិវឌ្ឍរយៈពេលវែង។
«ក្នុងរយៈពេល២ឆ្នាំខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ហើយសូមកុំមើលលើលទ្ធផលភ្លាមៗ ព្រោះបាល់ទាត់អាចរីកចម្រើនបាន គឺកើតពីការសន្សំបន្តិចម្តងៗ ទើបទទួលបានផ្លែផ្កា។ ពោលគឺយើងមិនមែនចំណាយត្រឹម១ទៅ២ខែ ឬ១ឆ្នាំទទួលបានលទ្ធផលល្អនោះទេ»។ ការលើកឡើងបែបនេះរបល់ Keisuke Honda ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែកញ្ញា នៅសណ្ឋាគារភ្នំពេញ។
យ៉ាងណាមិញ លោកសង្កត់ធ្ងន់ឲ្យកីឡាករកុំបាក់ទឹកចិត្ត និងបោះបង់ការខិតខំពេលជួបនូវបរាជ័យ។ លោកជំរុញយ៉ាងដូច្នេះ៖«ចំពោះកីឡាករនៅពេលយើងជួបលទ្ធផលមិនសូវល្អ យើងប្រឹងប្រែងបន្ថែមទៀត។ ឧទាហរណ៍ថ្ងៃនេះយើងប្រឹងត្រឹម១០តែបានលទ្ធផលមិនល្អ យើងត្រូវប្រឹង១០ ឬ២០នៅថ្ងៃបន្តបន្ទាប់។ មួយវិញទៀត កីឡាករត្រូវចេះធ្វើការជាក្រុម និងយល់ចិត្តគ្នា»។
គួច សុគម្ភៈ ដែលខកខានបង្ហាញវត្តមានកន្លងមកនៅក្នុងក្រុមជម្រើសជាតិដោយសារតែបញ្ហារបួសនោះ ត្រូវបានលោក Keisuke Honda ជ្រើសរើសឲ្យធ្វើប្រធានក្រុម។ កាលពីពីរឆ្នាំកន្លងមក Honda ក៏ធ្លាប់បានសរសើរសុគម្ភៈផងដែរ ខណៈជប៉ុន និងកម្ពុជា ប៉ះគ្នានាវគ្គជម្រុះ World Cup។
ក្រុមជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី សម្រាប់ជំនួបមិត្តភាពអន្តរជាតិនាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕
Tag:
បាល់ទាត់
Keisuke Honda
ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com