កីឡាជាតិ
ជាតិ
៤៥​ឆ្នាំ​ហើយ​ដែល​កម្ពុជា​លេង​មិន​ឈ្នះ​ម៉ាឡេស៊ី តើ Honda អាចជួយ​ប្តូរ​កំណត់ត្រា​បានដែរ​ទេ​?
10, Sep 2018 , 1:47 pm        
រូបភាព
គ្រូបង្វឹក​កម្ពុជា និងម៉ាឡេស៊ី​នាសន្និសីទសារព័ត៌មាន។ រូបថត FFC
គ្រូបង្វឹក​កម្ពុជា និងម៉ាឡេស៊ី​នាសន្និសីទសារព័ត៌មាន។ រូបថត FFC
ដោយ:
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នា​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ នេះ​ជា​ដំណើរ​ស្វែងរក​ជ័យជម្នះ​លើកដំបូង​របស់​កម្ពុជា បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧៣​មក​។ នា​ជំនួប​១១​លើក​កន្លងមក កម្ពុជា​ចាញ់​១០​លើក និង​ស្មើ​១​លើក​កាលពី​ឆ្នាំ​២០០០​។

 
​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី​នា​ល្ងាច​នេះ មិន​ត្រឹមតែ​ជាការ​ដឹកនាំ​លើកដំបូង​របស់លោក Keisuke Honda ក្នុងតួនាទី​ជា​អ្នកចាត់ការ​ទួទៅ​ក្រុម​កម្ពុជា​នោះឡើយ ប៉ុន្តែ​វា​ជាការ​ព្យាយាម​បំបែក​កំណត់ត្រា​ផងដែរ​សម្រាប់​ក្រុម​គោព្រៃ​មួយ​នេះ ដែល​បាន​ខកខាន​ជ័យជម្នះ​លើ​ក្រុម​រួម​តំបន់​អស់​រយៈពេល​៤៥​ឆ្នាំ​។​
 
​អតីត​ក្រុម​សាធារណរដ្ឋ​ខ្មែរ បានឈ្នះ​ម៉ាឡេស៊ី ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ King Cup នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​១៩៧៣ ដែល​សម្រេចបាន​ដោយ​កីឡាករ សុខ ស៊ុន​ហ៊ាន និង​ឌឿ សុខុម ប៉ុន្តែ​សម្រាប់​ជំនួប​១១​លើក​ជា​បន្តបន្ទាប់​ទៀត គ្មាន​ឡើយ​ជ័យជម្នះ​សម្រាប់​កម្ពុជា​។​
 
នា​ជំនួប​ចុងក្រោយ កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ៣-២ ក្នុង​ព្រឹត្តិការណ៍ AFF Championship កាលពី​ឆ្នាំ​២០១៦ នៅ​ក្រុង​យ៉ាំង​ហ្គោ​ន ទឹកដីមីយ៉ាន់ម៉ា។ ចាន់ វឌ្ឍនាកា ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ទាំងពីរ​គ្រាប់​ឲ្យ​កម្ពុជា​នាពេលនោះ ប៉ុន្តែ​ដោយសារ​បញ្ហា​របួស ខ្សែប្រយុទ្ធ​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ម៉ាឡេស៊ី​រូបនេះ មិន​ស្ថិតក្នុង​ជម្រើស​របស់លោក Honda Keisuke នោះឡើយ​។​
 
​លោក Tan Cheng Hoe គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ដែល​ទើប​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ឆាយ​នី​ស​តៃប៉ិ ២-០ នា​ជំនួប​មិត្តភាព​កាលពីពេល​ថ្មីៗ​បាន​បញ្ជាក់ថា ម៉ាឡេស៊ី​អាច​នឹង​ជួប​ការលំបាក​ខ្លាំង​នៅ​ល្ងាច​នេះ ដោយសារ​កីឡាករ​កម្ពុជា​ម្នាក់ៗ ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​លទ្ធផល​ល្អ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ និង​គ្រូបង្វឹក​ថ្មី​។​
 
«​យើង​ធ្លាប់​ជួប​កម្ពុជា​ជាច្រើនលើក​រួចមកហើយ មិនមែនជា​លើក​ទី​១​នោះទេ ហើយ​ប្រកួត​ទាំងនោះ យើង​មិនមែន​អាច​យកឈ្នះ​កម្ពុជា​ដោយ​ងាយស្រួល​នោះទេ​។ សម្រាប់​ការប្រកួត​ថ្ងៃនេះ កម្ពុជា​ជា​ក្រុម​មាន​កីឡាករ​ពោរពេញ​ដោយ​ឆន្ទៈ​ក្នុង​ការលេង ព្រោះ​ពួកគាត់​នឹង​បញ្ចេញ​សមត្ថភាព​ឲ្យ​លើសពី​១០០​ភាគរយ ដើម្បី​ផ្គាប់ចិត្ត​អ្នក​គា​ទ្រ និង​គ្រូបង្វឹក​ថ្មី​របស់​ពួកគេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Tan Cheng Hoe​។​
 
​ទន្ទឹមនឹង​សរសើរ​កម្ពុ​ជាមាន​កីឡាករ​ល្អៗ​ច្រើន កីឡាករ Muhammad Nazmi Faiz ប្រធាន​ក្រុម​ម៉ាឡេស៊ី​បាន​ប្តេជ្ញា​ថា រូបគេ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ពិសេស​រៀបចំ​យុទ្ធសាស្ត្រ​ប្រយុទ្ធ ដើម្បី​យកឈ្នះ​កម្ពុជា​នៅ​ល្ងាច​នេះ​។ ប្រធាន​ក្រុម​រូបនេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​សម្រាប់​វត្តមាន​កីឡាករ Keisuke Honda នៅ​កម្ពុជា ហើយ​គេ​ជឿជាក់ថា កម្ពុជា​នឹងមាន​ទម្រង់​លេង​ថ្មី​ប្លែក ដែល​អាច​ឲ្យ​រូបគេ​រៀនសូត្រ​បាន​ច្រើន​ពី​ជំនួប​មិត្តភាព​នេះ​។​
 
​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រំពឹងថា ក្រោម​ការដឹកនាំ​របស់​ខ្លួន​កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងជំនួប ដែល​លោក​ចាត់ទុកថា​តានតឹង​មួយ​នេះ​។ ជាមួយគ្នានេះ កីឡាករ គួច សុ​កុម្ភៈ ដែលជា​ប្រធាន​ក្រុម​បាន​អះអាងថា កម្ពុជា​អាចធ្វើ​បានល្អ​ពី​៧០​ទៅ​៨០​ភាគរយ ក្រោយ​ប្រមូលផ្តុំ​ហ្វឹកហាត់​ជាមួយគ្នា​មួយរយៈ​ពេល​ខ្លី​កន្លងមកនេះ​។ រូបគេ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ពិសេស​ធ្វើតាម​អ្វី ដែល​គ្រូ​បានរៀបចំ​៕ 
  

Tag:
 បាល់ទាត់​
  Keisuke Honda
  Tan Cheng Hoe
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com