កីឡាជាតិ
ជាតិ
​ទោះ​ចាញ់ តែ​អាច​ទទួលយកបាន​សម្រាប់ Honda ដែល​ដឹកនាំ​បង្វឹក​ត្រឹម​មួយ​សប្តាហ៍​
11, Sep 2018 , 1:38 pm        
រូបភាព
លោក Keisuke Honda ឈរ​បញ្ជាក្រុមកម្ពុជានាជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី កាលពីល្ងាច​ថ្ងៃទី១០ ខែកញ្ញា។ រូបថត AFP
លោក Keisuke Honda ឈរ​បញ្ជាក្រុមកម្ពុជានាជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី កាលពីល្ងាច​ថ្ងៃទី១០ ខែកញ្ញា។ រូបថត AFP
ដោយ:
ទោះបី​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ តែ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​សរសើ​រ​កីឡាករ​ថា បាន​ធ្វើតាម​អ្វីដែល​លោក​ប្រាប់​បាន​យ៉ាង​ល្អ​។ ជាមួយគ្នានេះ Honda ដែល​ជំរុញ​ឲ្យ​និយាយ​ពី​ចំណុច​ល្អ​ជាជាង​ចំណុចខ្សោយ ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទម្រង់​លេង​របស់​កូនក្រុម​។ ប៉ុន្តែ​លោក​មើលឃើញថា កម្ពុជា​នៅមាន​ចំណុច​ខ្វះខាត​ជាច្រើន ដែល​ត្រូវ​កែតម្រូវ​បន្ថែមទៀត​។​

 
​ក្រោយ​ប្រមូលផ្តុំ​ហ្វឹកហាត់​ប្រមាណ​១​សប្តាហ៍​កន្លងមកនេះ សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានការ​សរសើរ​ពី​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថា ពួកគេ​បានធ្វើ​តាម​បាន​យ៉ាង​ល្អ​នូវ​អ្វីដែល​លោក​បាន​ប្រាប់​។ បន្ថែម​លើ​នេះ អ្នកចាត់ការ​ទូទៅ​រូបនេះ បាន​សរសើរ​ពី​ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទៀតផង​។ 
 
«​ខ្ញុំ​ពេញចិត្ត​ចំពោះ​បរិយាកាស​បែបនេះ និង​កីឡាករ​របស់ខ្ញុំ​។ អ្វីដែល​ខ្ញុំ​ពេញចិត្ត​បំផុត​នោះ គឺ​កីឡាករ​ទាំង​អស់ចង់​ជោគជ័យ​ក្នុង​អាជីព​របស់គាត់ ហើយ​ខ្ញុំ​ចង់​គាំទ្រ​ពួកគាត់​ឲ្យ​ជោគជ័យ​ក្នុង​អាជីព​របស់ខ្ញុំ​ដូចគ្នា​។ ថ្ងៃនេះ​យើង​ចាញ់​ក៏ពិតមែន តែបើ​យើង​មើល​៣០​នាទី​ដំបូង គឺ​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ​។ ដូច្នេះ​មានន័យថា ពួកគេ​បានធ្វើ​តាម​ទស្សនៈ​បាល់ទាត់ និង​អ្វីដែល​ខ្ញុំ​ចង់បាន​»​។ ការលើកឡើង​បែបនេះ​របស់លោក Honda ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​កម្ពុជា​ប្រកួត​ចាញ់​ម៉ាឡេស៊ី ៣-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​លោក Keisuke Honda ដែល​និយាយ​ពី​ចំណុច​ល្អ​ជាជាង​ចំណុច​ចំណុច​មិនល្អ​មើលឃើញថា ក្រុម​កម្ពុជា​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​កែតម្រូវ ពិសេស​បញ្ហា​កម្លាំង​តែម្តង​។ យ៉ាងណាមិញ​លោក​អះអាងថា គ្មាន​កីឡាករ​ណា​អាចធ្វើ​បានល្អ​ឥតខ្ចោះ​រហូត​៩០​នាទី​នោះទេ​។ 
 
«៣០​នាទី​ដំបូង​យើង​ធ្វើ​បានល្អ តែ​បាល់ទាត់​គេ​លេង​៩០​នាទី ដូច្នេះ​កម្លាំង​នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​យើង​។ គ្មាន​អ្នកណា​អាច​រត់​៩០​នាទី​បានល្អ​ឥតខ្ចោះ​នោះទេ ខ្ញុំ​មិនដែល​ជួប​នោះទេ ទោះបី​កីឡាករ​កម្រិត​ខ្ពស់​ក៏ដោយ​។ ដូច្នេះ​អ្វីដែល​យើង​ត្រូវ​គិត​ត្រូវ​យល់ គឺ​ត្រូវ​ស្វែងរក​ពិធី​លេង​ឲ្យ​បានល្អ ពេល​យើង​ថមថយ​កម្លាំង​»​។ នេះ​ជាការ​បន្ថែម​របស់លោក Honda ដែល​បាន​ប្តេជ្ញា​ថា លោក​នៅតែ​បន្ត និង​ខិតខំ​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​៕  
 










Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com