កីឡាជាតិ
ជាតិ
កម្ពុជា​ចាញ់ តែ​ជា​ជោគជ័យ​! អ្នកទស្សនា​ជិត​៤​ម៉ឺន​នាក់ ប៉ុន្តែ​សំរាម​មិន​ចោទ​ជា​បញ្ហា​!
11, Sep 2018 , 3:05 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី ៣-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា​។ បើទោះបី​ក្រុម​គោព្រៃ​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda មិនអាច​យកជ័យ​ជម្នះ​សម្រាប់​ការប្រកួត​ដំបូង​ក៏ដោយ​ប៉ុន្តែ​ទម្រង់​លេង​ហាក់​បាន​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់​។ មួយវិញទៀត អ្វីដែល​ជាការ​ចាប់អារម្មណ៍​នោះ គឺ​សកម្មភាព​គំរូ​ដល់​សង្គម​របស់​ក្រុម​អ្នកគាំទ្រ​កម្ពុជា​នៅក្រោយ​បញ្ចប់​ការប្រកួត​។​


 
​សម្រាប់​ក្រុម​កម្ពុជា វា​ជាការ​ខកចិត្ត​បន្តបន្ទាប់​សម្រាប់​ពួកគេ បើ​ទោះ​បាន​នាំមុខ​១​គ្រាប់​មុន​នៅ​តង់​ទី​១ ហើយ​ត្រូវបាន​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី​តាម​ទាន់ និង​វាយបក​យកឈ្នះ​វិញ​ដល់​ទៅ​៣​គ្រាប់​នៅ​តង់​ទី​២​។ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្តី ក្រុម​អ្នកគាំទ្រ​កម្ពុជា​បាន​រក្សា​ការខកចិត្ត​មួយ​ឡែក​សិន ហើយ​បន្ត​គិតគូ​ពី​អនាម័យ​នៅ​កីឡដ្ឋាន​របស់​ពួកគេ​ដ៏​គួរ​ឲ្យ​គោរព​។​
 
​ចំនួន​អ្នកគាំទ្រ​ផ្ទាល់​ដ៏​ច្រើនសន្ធឹក​នៅ​កីឡដ្ឋាន​ជាតិ​រហូតដល់ ៣៧៥០០​នាក់ ដើម្បី​គាំទ្រ​ក្រុម​ជម្រើសជាតិ​ទាំង​មាន​ភ្លៀង​ធ្លាក់​នោះបាន​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់ និង​គាំទ្រ​របស់​ប្រជាជន​ខ្មែរ​រួចទៅហើយ​។ ប៉ុន្តែ​អ្វីដែល​ជាការ​គោរព និង​គួរ​ឲ្យ​សរសើរ​ទៀត​នោះ ការគិតគូរ​ពី​បញ្ហា​បរិ​ស្ថា​នជុំវិញខ្លួន​របស់​អ្នកគាំទ្រ​កម្ពុជា ដោយ​នាំគ្នា​រើស​សំរាម​ដែល​រាយប៉ាយ​នៅ​ជុំវិញ​បរិវេណ​​កីឡដ្ឋាន​ជាតិ​ទាំង​ក្រុម​ខ្លួន​ចាញ់​នោះ​គឺជា​ជោគជ័យ​មួយ​ដ៏​ធំ​។​
  
 
​សកម្មភាព​ទាំងអស់នោះ​ក៏បាន​បង្ហាញ​ពី​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជុំវិញ​បញ្ហា​បរិស្ថាន​នៅក្នុង​រយៈពេល​ចុងក្រោយ ហើយ​ទង្វើ​របស់​ពួកគេ​ទទួលបាន​នូវ​ការគោរព និង​កោតសរសើរ​យ៉ាងខ្លាំង​នៅតាម​បណ្តាញ​សង្គម​ផងដែរ​។​
 
​ដោយឡែក​សម្រាប់​ការដឹកនាំ​របស់​អ្នក​ចាត់​ថ្មី​លោក Honda បើទោះជា​បរាជ័យ​ក្នុង​ប្រកួត​ដំបូង​របស់លោក​ក៏ដោយ​ប៉ុន្តែ​ទម្រង់​លេង​វាយ​សម្រុក និង​គ្រប់គ្រង​បាល់​ខ្លីៗ​របស់​កីឡាករ​កម្ពុជា​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​ដែល​ស្រលាញ់​វិស័យ​កីឡាបាល់ទាត់​នេះ​។​


 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​រហស្សនាម​គោព្រៃ​មានឱកាស​មាស​ជាច្រើនលើក​ដើម្បី​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម​ភ្ញៀវ ប៉ុន្តែ​គ្មាន​សំណាង​ដោយ​ត្រូវបាន​អ្នកចាំទី​ជើងចាស់​ម៉ាឡេស៊ី Khairul Fahmi Che Mat តែងតែ​រារាំង​យ៉ាង​ល្អ​ពី​ការរក​គ្រាប់​បាល់​របស់​ម្ចាស់ផ្ទះ​៕
 





Tag:
 បាល់ទាត់​
  Keisuke Honda
  ជម្រើសជាតិ​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com