ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់ឌុប
គ្រាន់តែ​ឮឈ្មោះ​ជាប់​និទ្ទេស A យុវតី ដា​ឡែ​ន ស្ទុះ​ទៅ​ឱប​ម្ដាយ​ទាំង​ទឹកភ្នែក​
11, Sep 2018 , 4:07 pm        
រូបភាព
​ភ្នំពេញ​៖ សិស្សានុសិស្ស​ម្នាក់ៗ​កំពុង​រង់ចាំ​ស្ដាប់​គណៈកម្មាការ​ប្រកាស​លទ្ធផល​របស់ខ្លួន​យ៉ាង​អន្ទះសា នា​រសៀល​ថ្ងៃទី​៩ កញ្ញា​។ នៅពេលដែល​បានឮ​គណៈកម្មាការ​ប្រកាសថា លេខ​តុ ៥១១ ឈ្មោះ ណៃ ដា​ឡែ​ន ជាប់​និទ្ទេស A យុវតី​រូបនេះ បាន​រត់​ចេញពី​ចំណោម​មិត្តភក្តិ​យ៉ាង​លឿន​ទៅរក​ម្ដាយ ដែល​រង់ចាំ​នៅក្រៅ​របង​សាលា​។ ទិដ្ឋភាព​បែបនេះ បានធ្វើ​ឲ្យ​មាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ចំពោះ​លទ្ធផល​របស់​សិស្ស​និទ្ទេស A ម្នាក់នេះ​។​


 
​យុវតី ណៃ ដា​ឡែ​ន ជា​បេក្ខជន​ម្នាក់​ដែល​ទទួលបាន​និទ្ទេស A ក្នុង​លំដាប់​ពិន្ទុ ៩៩.៨៨៥​។ ក្រោយ​ដឹង​លទ្ធផល​យុវតី​រូបនេះ បាន​សម្រក់​ទឹកភ្នែក ដោយ​មិន​ស្មានថា​ខ្លួន​ទទួលបាន​និទ្ទេស A បែបនេះ​។ កញ្ញា ណៃ ដា​ឡែ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា​បាន​ត្រឹម​និទ្ទេស B ឬ C ប៉ុណ្ណោះ តែ​លទ្ធផល​បែបនេះ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទើប​ស្រក់​ទឹកភ្នែក​បែបនេះ​»​។ យុវតី​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រូបនេះ នឹង​ជ្រើស​រើសមុខ​វិជ្ជាពេទ្យ​សម្រាប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖  
 
 
​សូមបញ្ជាក់ថា លទ្ធផល​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ មាន​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​)​ចំនួន ៧៥០៥៩​នាក់  ត្រូវ​ជាជាង​៦៦,២១​ភាគរយ​។ លទ្ធផល​នេះ​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន​៦៣,៨៤​ភាគរយ​។ ជាមួយគ្នានេះ ក្នុង​ឆ្នាំ ២០១៨​នេះ បេក្ខជន​និទ្ទេស A មាន​ចំនួន ២៩០ នាក់​៕
 










Tag:
 បាក់​ឌុប​
  លទ្ធផល​
© រក្សាសិទ្ធិដោយ thmeythmey.com