អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ ព្រមាន​រឿង​ទិញ​សន្លឹកឆ្នោត ដែលជា​ឫសគល់​នៃ​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​នយោបាយ​
09, Oct 2018 , 9:59 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ព្រមាន​ផង និង​ក្រើនរម្លឹក​ផង​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​អ្នកនយោបាយ​ទិញ​ឆន្ទៈ ឬ​សន្លឹកឆ្នោត​បាន​ឲ្យ​ទាល់តែសោះ ខណៈ​ការបោះឆ្នោតជាតិ​ថៃ ក៏​កាន់តែ​ខិតជិត​មកដល់​ផងដែរ​នោះ​។ ប្រមុខ​របប​សឹក​ថៃ មើលឃើញ​សកម្មភាព​បែបនេះ ថា​ជា​ឬ​សគល់​មួយ នៃ​កសាង​អំពើពុករលួយ​នៅក្នុង​រដ្ឋាភិបាល​។


 
​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​៧ កញ្ញា បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ដើម្បី​ការផ្លាស់ប្តូរ និង​ជួយ​ធានាថា​រាជាណាចក្រ​មួយ​នេះ អាចមាន​រដ្ឋាភិបាល ដែលមាន​អភិបាលកិច្ច​ល្អ ក្រោយពី​ទទួលបាន​ការគាំទ្រ​តាមរយៈ​សំឡេងឆ្នោត​របស់​ប្រជាពលរដ្ឋ​ហើយ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation​។ 
 
​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​សម្រេចចិត្ត​លើ​ជោគវាសនា​ប្រទេសជាតិ​។ « ប្រសិនបើ​អ្នកបោះឆ្នោត តាម​ទម្លាប់​ពីមុន អ្នកនឹង​ទទួលបាន​លទ្ធផល​ដដែល (​លោក​សំដៅលើ​ការផ្ទុះ​បាតុកម្ម​ធ្វើ​ឲ្យ​ប្រទេស​វឹកវរ​ដូច​នៅ​អាណត្តិ​មុន​)​។ គ្រប់យ៉ាង ត្រូវតែមាន​ការផ្លាស់ប្តូ​រ​។​» លោក បញ្ជាក់​យ៉ាង​ដូច្នេះ​។ 
 
​បន្ថែម​ពីនេះ លោកនាយក​រដ្ឋមន្ត្រី ក៏​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​អ្នកនយោបាយ​ទិញ​ឆន្ទៈ​បាន​។ លោក អះអាងថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សម្រាប់​ការបោះឆ្នោត​លើ​មនុស្ស ឬ​បក្ស​ដែល​ខ្លួន​ស្រលាញ់ ក៏ប៉ុន្តែ​ប្រសិន​អ្នកបោះឆ្នោត​ឲ្យ​អ្នក​ដែល​ផ្តល់ប្រាក់​ដល់​អ្នក​ដើម្បី​ជា​ថ្នូរ នោះ​នាពេល​អនាគត ពួកគេ នឹង​ព្យាយាម​ប្រមូលប្រាក់​មកវិញហើយ​នៅពេលដែល​ពួកគេ​ឡើងកាន់តំណែង​។ 
 
​គួរកត់សម្គាល់​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​ទាញ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​ឲ្យ​មើល​ពី​ការបំផ្លាញ​សណ្តាប់ធ្នាប់​ថៃ​ដោយ​អ្នកនយោបាយ​ក្នុង​រយៈពេល​មុនពេល​លោក ឡើងកាន់តំណែង​។ លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា រាជាណាចក្រ​ថៃ បាន​ខ្ជះខ្ជាយ​ពេល​អស់ពីរ​ទសវត្ស​រ៍ម​ក​ហើយ​ដោយសារតែ​ជម្លោះ​នយោបាយ ដែល​បញ្ហា​ទាំងនេះ ក៏បាន​រាំងខ្ទប់​សេដ្ឋកិច្ចជាតិ​ផងដែរ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ បន្ទាប់ពី​រូបលោក បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់ នៅ​ថ្ងៃ​២២ ឧសភា ឆ្នាំ​២០១៤​។ ការឡើង​កាន់អំណាច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​បែបនេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍ ពន្យល់ថា ដើម្បី​ស្តារ​សណ្តាប់ សន្តិសុខ និង​សន្តិភាព​ថៃ​ឡើងវិញ បន្ទាប់​ត្រូវបាន​អ្នកនយោបាយ​ថៃ ធ្វើ​ឲ្យ​អាណាធិបតេយ្យ​។​
 
​តាម​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ នាពេល​ថ្មីៗ​នេះ ថៃ នឹង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោតជាតិ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ​នេះហើយ​។ បើ​មិនមាន​ការពន្យារពេល​ក្រោម​ហេតុផល​នានា​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ដូចពេលមុនៗ​នោះទេ ការបោះឆ្នោត​នេះ នឹង​ក្លាយជា​ការបោះឆ្នោត​លើកដំបូង​ក្នុង​រយៈពេល​ប្រមាណ​ពីរ​ទសវត្សរ៍​ចុងក្រោយ ដែល​អវត្តមាន​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ត្រកូល ស៊ីន​ណា​វ៉ា​ត់​៕ 
 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com