វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៧ ស្តីពីអាស៊ានចាប់ផ្តើមឡើងនៅថ្ងៃអង្គារទី ១១ ខែកញ្ញានេះនៅក្រុងហាណូយប្រទេសវៀតណាមដោយផ្តោតសំខាន់លើគោលដៅអាទិភាពពេលអនាគតរបស់អាស៊ានក្នុង«បដិវត្តន៍ឧស្សាហកម្មលើកទីបួន»។ មេដឹកនាំអាស៊ានជាច្រើនរូបរួមទាំងសម្តេច ហ៊ុន សែន ផងនោះមានវត្តមានក្នុងវេទិកានេះ ប៉ុន្តែប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ មិនអញ្ជើញទៅចូលរួមឡើយ។
វេទិកាសេដ្ឋកិច្ចដែលមានរយៈពេល ៣ ថ្ងៃនេះចាប់ផ្តើមឡើងដោយមានកិច្ចពិភាក្សាស៊ីជម្រៅជាច្រើនស្ថិតក្រោមមូលបទ «អាស៊ានជំនាន់ទី៤៖ សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មលើកទីបួន» (ASEAN 4.0: Entrepreneurship and the Forth Industrial Revolution)។
បញ្ហាភូមិសាស្ត្រនយោបាយ ការច្នៃប្រឌិត សហគ្រិនភាព ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន (Inclusive Growth) នឹងក្លាយជាប្រធានបទស្នូលក្នុងរបៀបវារៈនៃកិច្ចពិភាក្សានៃវេទិកាសេដ្ឋកិច្ចពិភពលោកទាំងមូល។
មានប្រជាជនសរុបជាង ៦០០លាននាក់និងមានទំហំសេដ្ឋកិច្ចធំជាងគេលេខរៀងទីប្រាំមួយលើលោក អាស៊ានត្រូវបានគេចាត់ទុកជាអង្គការតំបន់មួយដែលជោគជ័យ។ ប៉ុន្តែការកើនឡើងនៃបច្ចេកវិទ្យាឌីជីថលដែលកើតមានឡើងក្នុងសម័យបដិវត្តន៍ឧស្សាហកម្មលើកទីបួននេះនឹងនាំមកនូវកាលានុវត្តភាព (ឱកាស) និងបញ្ហាប្រឈមផងសម្រាប់អាស៊ានទាំងមូល។
យោងតាមរបាយការណ៍ចុះផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) គេព្យាករថា កម្លាំងពលកម្មក្នុងតំបន់អាស៊ាននឹងកើនឡើង ១១០០០នាក់រៀងរាល់ថ្ងៃក្នុងរយៈពេល ១៥ឆ្នាំខាងមុខនេះ។ វាមានន័យថា វាចាំបាច់ត្រូវមានការបង្កើតការងារតាមតម្រូវការប្រជាជនដែរ។
គេបារម្ភថា បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) នឹងគំរាមកំហែងដល់សេវាការងារក្នុងតំបន់អាស៊ានទាំងមូល ព្រោះគេប្រមើលឃើញថា បច្ចេកវិទ្យានេះអាចនឹងជំនួសកម្លាំងពលកម្មរបស់មនុស្ស។ ដូច្នេះហើយ តើគេត្រូវធានាបែបណាដើម្បីប្រជាជនអាចមានការងារគ្រប់គ្រាន់នៅពេលអនាគតនោះជាសំណួរដ៏លំបាកដែលមេដឹកនាំអាស៊ានត្រូវឆ្លើយ។
មេដឹកនាំអាស៊ានណាខ្លះមានវត្តមានក្នុងវេទិកាដ៏សំខាន់នេះ?
ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានជាច្រើនរូបនឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅក្នុងទីក្រុងហាណូយ។ មេដឹកនាំទីមួយគឺ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន។ សម្តេចនឹងដឹកនាំប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងវេទិកានេះ បន្ទាប់ពីត្រឡប់មកពីចូលរួមពិព័រណ៌ពាណិជ្ជកម្មអាស៊ាន-ចិនលើកទី ១៥ នៅទីក្រុងណាននិង នៅខេត្តក្វាងស៊ី ប្រទេសចិន។
មេដឹកនាំអាស៊ានទីពីរគឺ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង។ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀង សួនហ្វ៊ុក លោក លី នឹងផ្តល់សុន្ទរកថាបើកវេទិកានេះក្នុងនាមលោកជាប្រធានអាស៊ានឆ្នាំ ២០១៨នេះផង។ បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសសិង្ហបុរី សុន្ទរកថារបស់លោកនឹងផ្តោតសំខាន់លើគំនិតផ្តួចផ្តើមរបស់អាស៊ាន និងការប្រឹងប្រែងសម្របខ្លួនក្នុងការផ្លាស់ប្តូរនៃបច្ចេកវិទ្យានាសម័យបដិវត្តន៍ឧស្សាហកម្មលើកទីបួនដើម្បីធានាការរីកចម្រើននៃសេដ្ឋកិច្ចពេលអនាគត។
ចំណែកទីបីគឺ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ។ ទីបួនគឺ នាយករដ្ឋមន្ត្រីឡាវលោក ថុងលួន ស៊ីសូលីត (Thongloun Sisoulith)។ ទីប្រាំ គឺ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (Mohathir Mohamad) ។ ទីប្រាំមួយគឺ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។
យ៉ាងណាក៏ដោយ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសថា លោក មិនបានមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចនៅវៀតណាមថ្ងៃ ១២ ខែកញ្ញានេះទេ ប៉ុន្តែមិនមានការបង្ហើបពីហេតុផលជាក់លាក់ឡើយ។ រដ្ឋមន្ត្រីពាណិជ្ជកម្ម Ramon Lopez នឹងចូលរួមក្នុងកម្មវិធីនេះតំណាងឲ្យប្រធានាធិបតី ឌូទើតេ។
ក្រៅពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe និង មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរួមទាំងលោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung-Wha។